បណ្តាញសង្គម

សម្តេច​តេ​ជោ​ ៖ មិន​អាច​បើក​សាលារៀនបឋម​សិក្សា​ឡើង​វិញ ​ប្រៀប​​ដូចបាត់​មូលដ្ឋាន​គ្រឹះ​វិស័យ​អប់រំ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា បើសិនមិនអាចបើកសាលារៀនបឋមសិក្សាឡើងវិញទេប្រៀបដូចជាការបាត់បង់មូលដ្ឋានគ្រឹះវិស័យអប់រំនៅកម្ពុជា។

ការបញ្ជាក់របស់សម្តេចតេជោ បន្ទាប់ពីសម្តេចប្រកាសអនុញ្ញាតឲ្យកុមារអាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចាប់ពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២១ តទៅ។

សម្តេចបានសរសេលើបណ្តាញសង្គមអមដោយរូបសកម្មភាពកំពុងហាត់ប្រាណនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖ «បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញបានប្រមាណ៣០ម៉ោង មកដល់ពេលនេះខ្ញុំ ហាត់ប្រាណបានជាធម្មតាឡើងវិញហើយ។សប្តាហ៍នេះ មានកិច្ចការជាច្រើនដែលត្រូវធ្វើ ហើយកិច្ចការមួយដែលសំខាន់ជាងគេគឺអនាគតរបស់កុមារ ទាំងជីវិត ទាំងសុខភាព និងទាំងការសិក្សារបស់ពួកគេ។

សម្តេចក៏បានលើកឡើងថា អំពីការចាក់វ៉ាក់សាំងកុមារចាប់អាយុ៦ឆ្នាំដល់១២ឆ្នាំយ៉ាងដូច្នេះថា ការសម្រេចចាក់វ៉ាក់សាំងជូនកុមារអាយុពី៦ដល់១២ឆ្នាំដែលនឹងត្រូវធ្វើចាប់ពីថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២១ ខាងមុខនេះ គឺសំដៅធានានូវសិទ្ធិរស់រានមានជីវិត សិទ្ធិទទួល បានការថែទាំសុខភាព និងសិទ្ធិទទួលបាននូវការសិក្សារៀនសូត្រ។ល។

សម្តេចគូសបញ្ជាក់ថា៖«ប្រសិនបើយើងមិនអាចបើកសាលាបឋមសិក្សាឡើងវិញសម្រាប់កុមាររបស់យើងទេ ប្រៀបបានទៅនឹងការបាត់បង់គ្រឹះមូលដ្ឋាននៃវិស័យអប់រំរបស់យើង។

ម្យ៉ាងទៀត ការចាក់វ៉ាក់សាំងជូនកុមារពីអាយុ៦ឆ្នាំឡើង គឺជាផ្នែកមួយនៃការងារប្រយុទ្ធ ប្រឆាំង ជាមួយជំងឺឆ្លងផងដែរ ព្រោះវានឹងនាំអោយមានភាពសាំក្នុងសហគមន៍រហូត ដល់ប្រមាណជាង៨០% ដើម្បីទប់ទល់នឹងការវាយលុកពីជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតក្នុងប្រទេសយើងនិងប្រទេសផ្សេងទៀតនៅលើពិភពលោកទាំងមូល»។

ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ន សែន ក៏បានសូមជូនពរលោកគ្រូ អ្នកគ្រូ ពិសេសចៅៗ ក្មួយៗជានិស្សិត និងសិស្សដែលបានវិលត្រឡប់ចូលសាលារៀនវិញផងដែរ៕

ដកស្រង់ពី៖ កោះសន្តិភាព