បណ្តាញសង្គម

សម្តេចតេជោ ចង់ឃើញវ៉ាក់សាំងកូវីដជាទំនិញសាធារណៈមានតម្លៃសមរម្យ និងអនុញ្ញាឲ្យគ្រប់ប្រទេសអាចមានលទ្ធភាពទិញ

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវតាមរយៈកិច្ចប្រជុំកំពូលសកលឲ្យកំណត់វ៉ាក់សាំងកូវីដ-១៩ ជាទំនិញសាធារណៈដែលមានតម្លៃសមរម្យ និងអនុញ្ញាតឲ្យគ្រប់ប្រទេសទាំងអស់អាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់បានតាមតម្រូវការរបស់ខ្លួន ។

នេះជាការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ក្នុងកិច្ចប្រជុំកំពូលសកលស្ដីពីជំងឺកូវីដ-១៩ «ការបញ្ចប់ការរាតត្បាត និងការកសាងឡើងវិញឲ្យកាន់តែប្រសើរ»

នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ដោយសារវ៉ាក់សាំងជាទំនិញដ៏សំខាន់ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ហើយកម្ពុជាស្វាគមន៍នូវការកំណត់គោលដៅចាក់វ៉ាក់សាំង ជាពិសេសការចាក់វ៉ាក់សាំងឲ្យបានយ៉ាងតិច៧០% នៃប្រជាជនពិភពលោក ។

សម្ដេចតេជោ មានប្រសាសន៍ថា «ដើម្បីសម្រេចគោលដៅនេះកម្ពុជាសូមអំពាវនាវឲ្យមានការកំណត់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO) ជាទំនិញយុទ្ធសាស្ដ្រគន្លឹះសកលដោយគ្មានការរើសអើងទៅលើប្រភេទ និងប្រភពនៃវ៉ាក់សាំងព្រមទាំងអំពាវនាវឲ្យកំណត់វ៉ាក់សាំងកូវីដ-១៩

ជាទំនិញសាធារណៈដែលមានថ្លៃសមរម្យ និងអនុញ្ញាតឲ្យគ្រប់ប្រទេសទាំងអស់អាចមានលទ្ធភាពទទួលបាន និងប្រើប្រាស់បានតាមតម្រូវការ ហើយលើសពីនេះទៀតបើកចំហការផលិតវ៉ាកសាំងកូវីដ-១៩ យ៉ាងទូលាយទៅតាមតំបន់ និងប្រទេសនានាដែលមានភាពតាមរយៈការផ្ដល់ហិរញ្ញប្បទាន និងការលើកទឹកចិត្ត ដល់ការវិនិយោគលើការផលិតវ៉ាក់សាំង» ។

សម្ដេចតេជោ បានបន្ដថា ទន្ទឹមនេះកម្ពុជាក៏អំពាវនាវដល់រដ្ឋាភិបាលទាំងអស់កុំប្រមូលទិញវ៉ាក់សាំងទុកសម្រាប់តែប្រទេសរបស់ខ្លួន ឬរក្សាវ៉ាក់សាំងដែលខ្លួនផលិតបានទុកសម្រាប់ប្រើប្រាស់តែក្នុងប្រទេសផ្ទាល់ខ្លួន ។

ឆ្លៀតឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា សម្រាប់កម្ពុជាបានឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដោយភាពស្វាហាប់ ជាមួយនឹងយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ ។

នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល បានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ដ្រគន្លឹះ គួបផ្សំជាមួយនឹងវិធានការ ចំនួន៣ទៀត រួមមាន ៖

ទី១-ការខិតខំទប់ស្កាត់ និងរុករកការឆ្លងឲ្យបានទាន់ពេល ,ទី២-ការពង្រឹងសមត្ថភាពព្យាបាល និងការប្រើប្រាស់ថ្នាក់ព្យាបាល ប្រកបដោយស័ក្តិសិទ្ធភាព និងទី៣-ការអនុវត្តដោយហ្មត់ចត់នូវវិធានការផ្នែករដ្ឋបាល សុខាភិបាល និងច្បាប់ ក៏ដូចជា ការទាក់ទាញការចូលរួមយ៉ាងសកម្មពីសំណាក់សាធារណជនគ្រប់មជ្ឈដ្ឋាន និងគ្រប់រូប។

ជាមួយគ្នានោះដែរសម្ដេចតេជោ បានបន្ថែមថា សម្រាប់ទិសដៅទៅមុខ កម្ពុជានឹងបន្ដអនុវត្តវិធានការបង្ការ ព្យាបាល និងចាក់វ៉ាក់សាំង ក៏ដូចជា រៀបចំក្របខណ្ឌវាយ តម្លៃហានិភ័យគ្រប់ជ្រុងជ្រោយ

ដើម្បីបើកដំណើរការនូវសកម្មភាពសង្គម-សេដ្ឋកិច្ច ពេញ លេញឡើងវិញជាជំហានៗ ក្នុងស្មារីប្រយ័ត្នប្រយែងខ្ពស់។បន្ថែមលើនេះ រាជរដ្ឋាភិបា លនឹងប្រឹងប្រែងជំរុញការវិនិយោគ លើវិស័យសង្គមកិច្ច ពិសេស គឺការពង្រឹងប្រព័ន្ធគាំពារសង្គម

និងប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមលក្ខណៈសម្បត្តិឆ្លើយតបឲ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ទៅនឹងជំងឺរាតត្បាតផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុនាអនាគត៕

ដកស្រង់ពី៖ កោះសន្តិភាព