បណ្តាញសង្គម

រយៈពេល​៧​ខែ​ចុង​ក្រោយនេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​អាម៉េរិក​មាន​ចំនួន​ជាង ៤​ពាន់​លាន​ដុល្លារ កើនឡើង​៣៧%

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២១ចុងក្រោយនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក មានចំនួនសរុបប្រមាណជាង ៤ពាន់លានដុល្លារ កើនឡើងជា ៣៧ភាគរយ ប្រើប្រៀបធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២០។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក ផាកទ្រីក ម៉ូផាយ (W. Patrick Murphy) អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ដើម្បីពិភាក្សាការងារទ្វេរភាគី

 

និងជំរុញកិច្ចសហប្រិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ។ក្រោយបញ្ចប់កិច្ចជំនួបក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ជាកិច្ចចាប់ផ្ដើមលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្វាគមន៍ភ្ញៀវ និងធ្វើការជម្រាបជូនអំពីវឌ្ឍនភាពនៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាលកម្ពុជា

និងអរគុណចំពោះប្រជាជន និងរដ្ឋាភិបាលអាម៉េរិក ចំពោះការផ្តល់ជូនវ៉ាក់សាំង Johnson & Johnson ចំនួនជាង ១លានដូស តាមរយៈ COVAX មកកម្ពុជា។ លោកក៏បានលើកឡើងអំពីការរីកចម្រើនពាណិជ្ជកម្មទ្វេភាគី ក្នុងអំទ្បុងពេលនៃការប្រឈមវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងបង្កផលប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្ម និងរបៀបរបបរស់នៅរបស់ប្រទេសទាំងអស់នៅលើពិភពលោក។

ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នៅតែមានការកើនឡើងកាលពីឆ្នាំកន្លងទៅ ដែលសហរដ្ឋអាម៉េរិក គឺជាទីផ្សារធំរបស់កម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានរំលឹកឡើងវិញអំពីកិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចការពារកម្មសិទ្ធិបញ្ញា ដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីឆ្នាំ១៩៩៦កន្លងទៅ ដែលបានជំរុញឱ្យវិស័យកម្មសិទ្ធិបញ្ញាមានការរីកចម្រើនច្រើន។

លោកបានជម្រាបជូនទៀតថា កម្ពុជាបាននិងកំពុងប្រឹងប្រែងសហការជាមួយអង្គការកម្មសិទ្ធបញ្ញាពិភពលោក (WIPO) ក្នុងការសិក្សាចូលជាសមាជិកនៃសន្ធិសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាសំខាន់ៗជាច្រើនទៀត និងលើកកម្ពស់វិស័យកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរទ្បើង ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ។

ក្នុងឱកាស នោះ លោកបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រង និងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វាក់សាំងជូនប្រជាពលរដ្ឋកម្ពុជានិងជនបរទេសគ្រប់រូប ដែលជាកត្តាសំខាន់សម្រាប់ការស្តារទ្បើងវិញនូវសេដ្ឋកិច្ចសង្គម រួមជាមួយការខិតខំធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសវិនិយោគនិងធុរកិច្ចនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍នូវការដាក់ដំណើររោងចក្រដំទ្បើងរថយន្ត Ford នៅខេត្តពោធិសាត់ ដែលអាចផ្តល់ឱកាសជូនប្រជាជនកម្ពុជា និងការផ្ទេរបច្ចេកវិទ្យាជាដើម

និងបានសម្តែងការស្វាគមន៍ចំពោះការបើកការិយាល័យរបស់ក្រសួងកសិកម្មអាម៉េរិក (USDA)ប្រចាំកម្ពុជា ដែលអាចលើកកម្ពស់ផលិតភាពវិស័យកសិកម្មកម្ពុជា ហើយតាមរយៈនេះអាចបង្កើនកិច្ចសហប្រតិបត្តិពាណិជ្ជកម្មទាក់ទងនឹងកសិកម្មរវាងប្រទេសទាំងពីរផងដែរ។

នាឱកាសនោះ លោករដ្ឋមន្ដ្រី និងលោកឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នា អំពីការងារអាទិភាពក្នុងការត្រៀមខ្លួនធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ជាថ្មីអំពីការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀត។

លោកទូត បានសន្យានឹងជួយគាំទ្រកម្ពុជាក្នុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ និងសម្តែងការគាំទ្រដល់កម្ពុជាក្នុងតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២៕

ដកស្រង់ពី ៖ រស្មីកម្ពុជាថ្មី