បណ្តាញសង្គម

ក្រសួងការងារស្នើម្ចាស់រោងចក្រ សហគ្រាសអនុញ្ញាតឲ្យកម្មករឈប់១ថ្ងៃ ដោយមានប្រាក់ឈ្នួល ដើម្បីចាក់វ៉ាក់សាំងដូសជំរុញ

រាជធានីភ្នំពេញ ៖ ដើម្បីចូលរួបទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ កុំឲ្យធ្ងន់ធ្ងរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានស្នើដល់ម្ចាស់រោងចក្រ សហគ្រាស អនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាក១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិកត្រូវចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ។

យោងតាមសេចក្តីជូនដំណឹងរបស់ឯកឧត្តមអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចេញផ្សាយ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានលើកឡើងថា យោងតាមអនុសាសន៍ សម្តេចតេជោ ហ៊ុន សែន

នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលមានចក្ខុវិស័យច្បាស់លាស់ក្នុងការគ្រប់គ្រង បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជា រក្សាបាននូវស្ថិរភាពខ្សែច្រវ៉ាក់ផលិតកម្ម និងសុខភាពរបស់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស ចាប់ពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១តទៅ កងយោធពលខេមរភូមិន្ទនឹងរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតដោយឥតគិតថ្លៃ ។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារបានបញ្ជាក់ថា «ដើម្បីចូលរួមក្នុងយុទ្ធនាការដែលជាផលប្រយោជន៍របស់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសនេះ ក្រសួងស្នើម្ចាស់ ឬនាយករោងចក្រ សហគ្រាស អនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាក១ថ្ងៃ ដោយមានប្រាក់ឈ្នួល នៅថ្ងៃដែលកម្មករនិយោជិតត្រូវចាក់វ៉ាក់សាំងដូសជំរុញ» ។

ក្រសួងក៏បានជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាស នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ មាន ៩៩,២៤% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យ អាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ មាន ៨៩,៩០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ មាន ៩៥,៨៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់ ។

ក្រសួងក៏បានលើកឡើងថា ចំនួនអ្នកដែលបានចាក់ដូសទី៣ ឬដូសជំរុញមានចំនួន៩ ៨១.០៣១នាក់ (ស្រី៣៧១.០៤០នាក់) សូមរំលឹកថា កាលពីថ្ងៃទី១១ តុលា សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រ សួងការពារជាតិបានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕

ដកស្រង់ពី៖ កោះសន្តិភាព