បណ្តាញសង្គម

ក្រសួងការងារប្រកាសបើកដំណើរការគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឡើងវិញ

 រាជធានីភ្នំពេញ ៖ ក្រោយពីមានការឯកភាពពីរាជរដ្ឋាភិបាល ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ក្រោមឱវាទក្រសួង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ។

រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលបានការឯកភាពពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.)។

ឯកឧត្តមថា ការបើកដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ. គឺមានភាពចាំបាច់ណាស់ ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងប្រសិទ្ធភាពនៃកម្លាំងពលកម្មជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ។

ជាងនេះទៅទៀត ការអប់ររំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ។

ការប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួង ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ(Zoom) ដោយមានអ្នកពាក់ព័ន្ធចូលរួមប្រមាណជិត២០០នាក់ ក្នុងនោះ រដ្ឋមន្ត្រីក្រសួងការងារ

និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដែលបានបញ្ជាក់ថា មុននឹងឈានដល់ការទទួលការអនុញ្ញាតឱ្យបើកដំណើរការសិក្សាឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួងពីប្រមុខរាជរដ្ឋាភិបាល គឺអនុគណៈកម្មការវាយតម្លៃ ផែនការ និងយុទ្ធសាស្ត្រ នៃគណកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩

បានពិនិត្យនិងវាយតម្លៃលើការរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) រួចដាក់ឆ្លងការប្រជុំសម្រេចពីគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ដោយផ្អែកលើហេតុផលពីរ ៖

ទី១-ក្រសួងបានរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយធានាបាននូវការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមានយន្តការច្បាស់លាស់ក្នុងការពិនិត្យវាយតម្លៃហានិភ័យ លក្ខណៈវិនិច្ឆ័យក្នុងការបិទ និងបើក និងមានប្រព័ន្ធរាយការណ៍ច្បាស់លាស់ ។

ទី២-គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដូចគ្នានឹងឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡាដែរ ម្យ៉ាងទៀត បុគ្គលិក សាស្ត្រាចារ្យ គ្រូបច្ចេកទេស ព្រមទាំងសិក្ខាកាម សិស្ស និស្សិត (មានអាយុចាប់ពី១៥ឆ្នាំឡើងទៅ) បានទទួលវ៉ាក់សាំងស្ទើរតែ ១០០ភាគរយ និងកំពុងបន្តទទួលដូសជំរុញ ឬដូសទី៣។

ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងបន្តថា ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជន ការពារនូវសុខភាព និងសេចក្តីសុខរបស់ប្រជាជនរួចផុតពីជំងឺរាតត្បាតជាសកលកូវីដ-១៩ ហើយយើងអាចរៀបចំដំណើរការសកម្មភាពសេដ្ឋកិច្ចរបស់យើងជាបណ្តើរៗឡើងវិញ ធានាបាននូវការរស់នៅមួយដែលយើងអាចរៀនរស់នៅជាមួយជំងឺកូវីដ-១៩

តាមគន្លងប្រក្រតីភាពថ្មី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការជាច្រើន ហើយបានខិតខំស្វះស្វែងរិះរកគ្រប់មធ្យោបាយ ដើម្បីទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា

ដែលបានធ្វើឱ្យមានភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃជំងឺកូវីដ-១៩នៅក្នុងសហគមន៍។គួរជម្រាបជូនផងដែរថា បច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគ្រឹះស្ថាន អ.ប.វ. ចំនួន ១៩៩ ក្នុងនោះគ្រឹះស្ថាន

អ.ប.វ. សាធារណៈ ចំនួន៣៨ និងឯកជន អង្គការ/សមាគម ចំនួន១៦១ ដែលមានសិក្ខាកាម សិស្ស និស្សិត ប្រមាណជាង ៦០.០០០នាក់ បានបញ្ចប់ការសិក្សានិងចូលទៅក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំ។

ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញតឱ្យគ្រឹះស្ថានអ.ប.វ. ផ្តល់ការបណ្តុះបណ្តាលនៅគ្រប់កម្រិតសិក្សាទាំងរយៈពេលខ្លី មធ្យម និងវែង ពីចម្ងាយ ឬតាមអនឡាញ និងបានបំពាក់ឧបករណ៍ សម្ភារ បរិក្ខារមូលដ្ឋានបច្ចេកវិទ្យា ព្រមទាំងការពង្រឹងសមត្ថភាពគ្រូបច្ចេកទេស ការកែលម្អ និងអភិវឌ្ឍន៍កញ្ចប់ស្តង់ដាបណ្តុះបណ្តាល ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលនៅពេលបើកដំណើរការឡើងវិញ។

ប៉ុន្តែគុណភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈពីចម្ងាយ ឬអនឡាញ នៅមានកម្រិត ដោយសារតែសិក្ខាកាម សិស្ស និស្សិត ពុំបានអនុវត្តការងារជាក់ស្តែងនៅតាមរោងជាង បន្ទប់ពិសោធន៍ ដែលជាតម្រូវការចាំបាច់បំផុតក្នុងប្រព័ន្ធ TVET៕

ដកស្រង់ពី៖ កោះសន្តិភាព