បណ្តាញសង្គម

សម្តេចតេជោ បញ្ជាឱ្យអាជ្ញាធរចាក់វ៉ាក់សាំងជូនពលរដ្ឋតាមភូមិ និងផ្ទះតែម្តង ខណៈអ្នកបាត់បង់ជីវិតភាគច្រើនមិនបានចាក់វ៉ាក់សាំង

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា យ៉ាងដូច្នេះតាមការសង្កេតមួយរយៈកន្លងមកនេះអ្នកដែលបានស្លា.ប់ដោយសារជំងឺកូវីដ១៩ មួយចំនួនធំ គឺអ្នកមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដូច្នេះស្នើឲ្យក្រុមគ្រូពេទ្យ អាជ្ញាធររក្សាទុកវ៉ាក់សាំង ដើម្បីចាក់ជូនពលរដ្ឋមិនទាន់បានចាក់នៅតាមភូមិ ឬចាក់ដល់ផ្ទះតែម្តង ចំពោះ អ្នកមិនអាចធ្វើដំណើរទៅចាក់បាន ។

យោងតាមសារសំឡេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែនគូសបញ្ជាក់ទៀតថា ៖«យើងសង្កេតឃើញថា ចំនួនអ្នកស្លា.ប់ដោយជំងឺកូវីដ១៩ កាលពីថ្ងៃទី១៨ ខែតុលា មានចំនួន១២នាក់ ក្នុងនោះមាន៨នាក់ មិនបានចាក់វ៉ាក់សាំង ។

ជាទូទាំងអ្នកដែលទទួលមរណភាពដែលមិនបានចាក់វ៉ាក់សាំង គឺជាចំនួនមួយដ៏ធំ ហើយអ្នកមិនបានចាក់វ៉ាក់សាំងមានមូលហេតុខុសៗគ្នា ។

ដូច្នេះខ្ញុំសូមស្នើក្រុមគ្រូពេទ្យ អាជ្ញាធរ ក៏ដូចជា ពលរដ្ឋខិតខំធ្វើការទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា» ។

ជាក់ស្តែងយោងតាមការប្រកាសរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១ កន្លងទៅ មានអ្នកទទួលមរណភាពដោយជំងឺកូវីដ-១៩ មានចំនួន ១២នាក់ ក្នុងនោះ មានអ្នកស្លា.ប់ដល់ទៅ ៨ នាក់ ពុំបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ទាល់តែសោះ ។សម្តេចតេជោក៏បានលើកឡើងថា ទោះបីនៅតាមទីកន្លែងបានប្រកាសបិទការចាក់វ៉ាក់សាំងយ៉ាងណាក្តីក៏ត្រូវទុកវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាពលរដ្ឋដែលមិនទាន់ចាក់ ។

ហើយអាចធ្វើការកម្មវិធីសម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតាមភូមិ តាមផ្ទះតែម្តង ក្នុងករណីប្រជាពលរដ្ឋមិនអាចធ្វើដំណើរមកកន្លែងចាក់វ៉ាក់សាំងបាន ។ចំណុចនេះខ្ញុំស្នើឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រូពេទ្យរបស់យើងយកកិច្ចទុកដាក់ សម្រាប់ការអនុវត្តនៅមូលដ្ឋាន ។

សម្តេចតេជោ ក៏បានលើកឡើងថា ចំពោះករណីព្យាបាលអ្នកជំងឺវិញកន្លងមកនេះគឺមានការបញ្ជូនអ្នកឆ្លងជំងឺកូវីដជាច្រើនបានបញ្ជូនទៅកាន់ទីក្រុងភ្នំពេញក្នុងពេលរាជរដ្ឋាភិបាលបានពង្រឹងការព្យាបាលនៅតាមខេត្ត និងតាមភូមិឃុំដែលអាចឆ្លើយតបការព្យាបាលអ្នកឆ្លងជំងឺកូវី ដដែលបានកើតចំពោះប្រជាពលរដ្ឋនៅតាមខេត្ត ។

សម្តេចបន្តថា ការរៀបចំក្រុមគ្រូពេទ្យព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩បានរៀបចំយូរមកហើយដែរ ហើយករណីនេះបានឆ្លើយតបនឹងបញ្ហាដែលកើតឡើងផងដែរ ប៉ុន្តែជាទំលាប់ធម្មតារបស់ប្រជាពលរដ្ឋមិនទាន់ទុកចិត្តទាំងស្រុងចំពោះមន្ទីរពេទ្យនៅខេត្តនោះទេ ទើបបញ្ជូនសមាជិកគ្រូសារនៅទីក្រុង ។

សម្តេចបានគូសបញ្ជាក់ថា ៖«ការបញ្ជូនអ្នកជំងឺកូវីដ១៩ នៅមកកាន់មន្ទីរពេទ្យទីក្រុងភ្នំពេញ គឺមិនមែនជាវិធីល្អសម្រាប់ស្រោចស្រង់ជីវិតអ្នកជំងឺសាច់ឈាមយើងនោះទេ ។

តាមការ ខ្ញុំប្រជុំជាមួយជាមួយបណ្តាខេត្តក៏ដូចជា ជាមួយថ្នាក់ដឹកនាំ ពីថ្ងៃ១៨តុលាបានរកឃើញចំណុចនេះ ។ មន្ទីរពេទ្យសុខាភិបាលមិនបានចាត់អ្នកជំងឺកូវីដ១៩ ទៅរាជធានីភ្នំពេញទេ ប៉ុន្តែក្រុមគ្រួសារទេដែលបញ្ចូនអ្នកជំងឺទៅភ្នំពេញ» ។ សម្តេចលើកឡើងថា ៖

«យើងយល់ឃើញថា មន្ទីរពេទ្យនៅរាជធានីភ្នំពេញ មានសមត្ថភាពលើសមន្ទីរពេទ្យខេត្ត ប៉ុន្តែសម្រាប់ករណីជំងឺកូវីដយើងបានពង្រឹងអស់រយៈពេល១ឆ្នាំមកហើយសម្រាប់ការព្យាបាលហើយក៏មានគ្រូពេទ្យថ្នាក់កណ្តាលផងដែរ ។

ដូច្នេះបើសិនមានការចាត់បញ្ជូនអ្នកជំងឺពីខេត្តទៅទីក្រុងភ្នំពេញនឹងនាំឲ្យមានគ្រោះថ្នាក់ទៅវិញទេ» ។

សម្តេចតេជោ បានស្នើឲ្យមានការយកចិត្តទុកដាក់ ដោយសារយោងតាមការស្រាវជ្រាវរបស់គ្រូពេទ្យបានបង្ហាញឲ្យឃើញថា បើសិនអ្នកជំងឺធ្វើដំណើរឆ្ងាយ ហើយមានរថយន្តប្រើដោយម៉ាស៊ីនត្រជាក់ទៀតនោះនឹងធ្វើឲ្យអ្នកជំងឺមានបញ្ហាកាន់តែធ្ងន់ទៅវិញ ។ មិនត្រឹមតែអ្នកជំងឺទេ សូម្បីដែលអ្នកសុខភាពធម្មតាក៏ពិបាកបើធ្វើដំណើរ២ឬ៣ម៉ោង ។

ចំណែកអ្នកជំងឺរឹតតែធ្ងន់ធ្ងរថែមទៀត ឬពិបាកស្រោចស្រង់ជីវិតតែម្តង ។

ជាមួយគ្នានោះដែរ សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគួរទុកចិត្តដល់មន្ទីរពេទ្យថ្នាក់ខេត្តពីព្រោះថា នៅមន្ទីរពេទ្យតាមខេត្តបានពង្រឹងសមត្ថភាពព្យាបាលរួចហើយ ។

ការធ្វើបែបនេះ ដើម្បីជៀសវាងការកកកុញអ្នកជំងឺនៅមន្ទីរពេទ្យនៅក្រុងភ្នំពេញ ប៉ុន្តែបញ្ហានេះ គឺជាបង្ហាញបន្ទាប់បន្សំទេ អ្វីដែលជាបញ្ហា គឺការរក្សាអាយុជីវិតអ្នកជំងឺដែលបានចាត់បញ្ជូនដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកជំងឺវិញតាមរយៈការបញ្ជូនទៅកាន់ទីក្រុងភ្នំពេញដោយមិនចាំបាច់ខណៈនៅខេត្តមានលទ្ធភាពព្យាបាល ៕

ដកស្រង់ពី៖ គោះសន្តិភាព