បណ្តាញសង្គម

ក្រសួងសុខាភិបាលក្រើនរំលឹកពីអ្នកមិនទាន់ចាក់វ៉ាក់សាំង ករណីវ័យចាស់ និងស្ត្រីមានផ្ទៃពោះ និងជំងឺផ្សេងៗ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានក្រើនរំលឹកដល់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ វ័យចាស់ ស្ត្រីផ្ទៃពោះបំបៅដោះ និងជំងឺប្រចាំកាយ ។

យោងតាមសេចក្ដីជូនព័ត៌មានបន្ថែមរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៩ តុលា ឆ្នាំ២០២១ ស្តីពី ការចាក់វាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យចាស់ ស្តីមានផ្ទៃពោះ ស្តីបំបៅកូនដោយទឹកដោះ

អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩)

សូមជម្រាបជូនដល់សាធារណជនជ្រាបថា រហូតមកដល់បច្ចុប្បន្ននេះ គ.វ.ក-១៩ សង្កេតឃើញថា មានប្រជាពលរដ្ឋ និងកុមារចាប់ពីអាយុ៦ឆ្នាំឡើងបានស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ បានយ៉ាងច្រើនក្នុងចំណោមនោះក៏មានលោកតា និងលោកយាយ ដែលមានអាយុលើសពី១០០ឆ្នាំ បានមកចាក់វ៉ាក់សាំងកូវីដ-១៩ ប្រកបដោយសុវត្ថិភាពផងដែរ ។

ទន្ទឹមគ្នានេះដែរ គ.វក -១៩ សង្កេតឃើញថា នៅមានប្រជាពលរដ្ឋមួយចំនួនតូចមិនទាន់បានស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងកូវីដ-១៩ នៅឡើយ ដោយសារមូលហេតុផ្សេងៗ។

គ.វ.ក-១៩ សូមធ្វើការក្រើនរំលឹកជូនសាធារណជនជ្រាបផងដែរថា ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានស្លា.ប់កន្លងមក ភាគច្រើនជាអ្នកដែលមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូចនេះ ដើម្បីកាត់បន្ថយសភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩

និងកាត់បន្ថយជាអតិបរមានូវអត្រាស្លា.ប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩ គ.វ.ក-១៩ សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយបងប្អូនអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យនៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ដែលស្ថិតនៅជិតទីសំណាក់របស់បងប្អូនឱ្យបានគ្រប់ៗគ្នា ។

ចំពោះប្រជាពលរដ្ឋដែលជាក្រុមគោលដៅ និងជាក្រុមដែល ប្រឈមទៅនឹងហានិភ័យនៃភាពធ្ងន់ធ្ងរជំងឺកូវីដ-១៩ ដែលអាចស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩ មានដូចខាងក្រោម ៖

ប្រជាពលរដ្ឋដែលមានវ័យចាស់,ស្ត្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះ, អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺកូវីដ-១៩ មានរយៈពេលចាប់ពី៤ខែឡើង ឬអ្នកដែលបានជាសះស្បើយពីជំងឺផ្សេងៗទៀត អ្នកដែលមានជំងឺប្រចាំកាយ ប៉ុន្តែមានស្ថានភាពនឹងនរ អាចគ្រប់គ្រងបាន ។

ជាមួយគ្នានោះដែរគ.វ.ក-១៩ សូមជម្រាបជូនដល់ ឯកឧត្តម លោកជំទាវ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត សូមបន្តធ្វើការណែនាំបន្ថែមដល់ ឯកឧត្តម លោកជំទាវ ប្រធានមន្ទីរសុខាភិបាល រាជធានី

-ខេត្ត ត្រូវធ្វើសេចក្តីជូនដំណឹងទៅគ្រប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់ឱ្យផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់ក្រុមគោលដៅ ជាមួយគ្នានេះដែរ គ.វក-១៩ សូមធ្វើការណែនាំដល់ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩

ក្នុង ក្របខណ្ឌរាជធានី-ខេត្ត អនុវត្តការធ្វើសម្រង់ចំនួនឱ្យបានច្បាស់លាស់នៅតាមផ្ទះ នីមួយៗនូវអ្នកដែលមិនទាន់បានចាក់ វ៉ាក់សាំងកូវីដ-១៩ និងមូលហេតុច្បាស់លាស់ ហើយជំរុញការអប់រំដើម្បីឱ្យពួកគាត់យល់ពីសារប្រយោជន៍របស់វ៉ាក់សាំង កូវីដ-១៩ និងសម្រេចចិត្តចាក់ឱ្យបានគ្រប់ៗគ្នាទោះជាមានវ័យចាស់ក៏ដោយ។

ដែលបានជម្រាបជូនខាងលើឱ្យមានភាពរលូននៅគ្រប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងអស់។ប្រភពបន្តថា ក្នុងបរិបទក្នុងពេលបច្ចុប្បន្ន ដែលកំពុងមានការរាតត្បាតនៅលើ ពិភពលោក ក៏ដូចជានៅតាមបណ្តាប្រទេសនីមួយៗពីវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីៗ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា ដែលកំពុងចរាចរយ៉ាងសកម្មនៅប្រទេសជាច្រើន

ក៏ដូចជាប្រទេសកម្ពុជាផងដែរនោះ គ.វក-១៩ សូមអំពាវនាវដល់លោកអ៊ុំ ពូ មីង ពុកម៉ែ បងប្អូន ព្រមទាំងក្មួយៗ ដែលមានអាយុចាប់ពី៦ឆ្នាំឡើងទាំងអស់ដែលមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ សូមរួសរាន់ស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ-១៩.

ឱ្យបានគ្រប់គ្នា ដើម្បីបង្កើតភាពស៊ាំក្នុងខ្លួន និងភាពសាំក្នុងសហគមន៍ សម្រាប់ ទប់ទល់ពីការវាយលុកនៃវីរុសកូវីដ-១៩ សំដៅកាត់បន្ថយភាពធ្ងន់ធ្ងរអ្នកជំងឺកូវីដ-១៩ និងកាត់បន្ថយនូវអត្រាសម្រាក ពេទ្យ ក៏ដូចជាកាត់បន្ថយជាអតិបរមានូវអត្រាស្លាប់ដែលបណ្តាលមកពីជំងឺកូវីដ-១៩៕

ដកស្រង់ពី៖ កោះសន្តិភាព