បណ្តាញសង្គម

រដ្ឋាភិបាលដាក់ចេញនូវនយោបាយបើកចំហទទួល យកការលើកឡើងសេចក្ដីត្រូវការពលរដ្ឋគ្រប់មជ្ឈដ្ឋាន

រាជធានីភ្នំពេញ ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានគូសបញ្ជាក់ថា ដាក់ចេញនូវនយោបាយបើកចំហទទួលយកការលើកឡើងពីសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ។

លោក ផៃន ស៊ីផាន បានសរសរលើបណ្តាញសង្គម នៅថ្ងៃទី២១ខែតុលា ឆ្នាំ២០២១ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីមានឆន្ទៈ និងការប្ដេជ្ញាខ្ពស់ប្រែក្លាយស្ថាប័នរាជរដ្ឋាភិបាលទៅជាអ្នកផ្ដល់សេវាសាធារណៈ (អ្នកបម្រើរាស្ដ្រ) ប្រកបដោយប្រសិទ្ធភាពស័ក្ដិសិទ្ធភាព ឆ្លើយតបនឹងតម្រូវការ និងផលប្រយោជន៍សង្គមជាតិទាំងមូល ។

លោកគូសបញ្ជាក់ថា ៖« ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវនយោបាយបើកចំហទទួលយកការលើកឡើងពីសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋាន ។

ក្នុងន័យនេះ រាជរដ្ឋាភិបាលបានអនុវត្តយន្ដការបង្កើតអ្នកនាំពាក្យក្រសួងស្ថាប័ន រួមទាំងអ្នកនាំពាក្យរាជធានីខេត្ត ជាពិសេស គឺអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដែលមានភារកិច្ចស្នូលជារួម ២ សំខាន់ គឺ«ផ្សព្វផ្សាយ និងឆ្លើយឆ្លង»។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យរដ្ឋាភិបាលក៏បានលើកឡើងថា សម្ដេចតេជោ នាយករដ្ឋមន្ដ្រី និងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រីជាដើម

ក៏ដូចជា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដទៃទៀតបានប្រកាសអនុញ្ញាតដល់ប្រជាពលរដ្ឋទាំងឡាយអាចផ្ញើសារចូលក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្ដេច ដើម្បីលើកឡើងពីសំណូមពរសេចក្ដីត្រូវការជាចាំបាច់ ឬបញ្ហាប្រឈមក្នុងមូលដ្ឋាន ដើម្បីសម្ដេចតេជោ នាយករដ្ឋមន្ដ្រី សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី ឬថ្នាក់ដឹកនាំស្ថាប័នជំនាញបានទទួលជ្រាប និងដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

លោកក៏បានលើកឡើងថា ក្នុងចំណោមមេដឹកនាំនៃបណ្ដាប្រទេស បានបង្ហាញនូវឥរិយាបទដ៏កម្រ និងឧត្តុង្គឧត្តមបំផុតបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុវត្តនយោបាយបើកចំហដែលរាជរដ្ឋាភិបាលស្ដាប់បង្ហាញចេញនូវភាពជិតស្និទ្ធការយកចិត្ដទុកដាក់ និងភក្ដីភាពរបស់រដ្ឋ ដើម្បីភាពសុខសាន្ដ និងសុខដុមនីយកម្មរបស់រាស្ដ្រក្នុងដំណើរការកសាង និងអភិវឌ្ឍជាតិ ៕

ដកស្រង់ពី៖ កោះសន្តិភាព