បណ្តាញសង្គម

សម័យកូវីដ ! សភាកម្ពុជាធ្វើម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ជាលើកដំបូង

រាជធានីភ្នំពេញ ៖ ដូចជា ការគ្រោងទុក នៅថ្ងៃទី១៦ ខែវិច្ឆិកា រដ្ឋសភាកម្ពុជាបានធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11) តាមប្រព័ន្ធនិម្មិត (Virtual Meeting) ដែលផ្សាយចេញពីវិមានរដ្ឋសភា ។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ ក្រោមមូលបទការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងសម័យ និងក្រោយ SAS-96 (Strengthening Parliamentary Partnership for Peace and Sustainable Development in the Era of COVID-19 and Beyond) “។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប Asia-Europe Parliamentary Partnership Meeting ហៅកាត់ថាASEP គឺជាព្រឹត្តិការណ៍អមមួយ របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប Asia-Europe Meeting ហៅកាត់ថា ASEM ដែលរាជរដ្ឋាភិបាលកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះនៅថ្ងៃទី២៥ និងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះតាមប្រព័ន្ធនិម្មិត (Virtual Meeting) ផងដែរ ។

កិច្ចប្រជុំកំពូលនេះ នឹងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ / រដ្ឋាភិបាលនៃប្រទេសចំនួន៥១នៅទ្វីបអឺរ៉ុប និងអាស៊ី ប្រធានគណៈកម្មការអឺរ៉ុប និងអគ្គលេខាធិការសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។

សម្រាប់កម្ពុជាមានការចូលរួមពីថ្នាក់ដឹកនាំដូចជា ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាសហប្រធានកិច្ចប្រជុំASPEP11 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានកិច្ចប្រជុំASEM13 សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធានកិច្ចប្រជុំAPEP11 ផងដែរ ។

នេះជាលើកទី១ សម្រាប់សភានៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រទេសម្ចាស់ផ្ទះដែលត្រូវទទួលរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិតាមប្រព័ន្ធនិម្មិតបែបនេះ ហើយព្រឹត្តិការណ៍នេះនឹងជាប្រវត្តិសាស្ត្រដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រសហសម័យរបស់កម្ពុជា» ។

ក្នុងពិធីបើកនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នឹងមានការចូលរួមថ្លែងសុន្ទរកថា របស់ថ្នាក់ដឹកនាំសំខាន់ៗរបស់ព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេចវិបុល សេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភាជាសហប្រធាន ASEP11 និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)។

គណៈប្រតិភូនៃប្រទេសជាសមាជិកសភាអាស៊ី-អឺរ៉ុប នឹងមានឱកាសពិភាក្សាគ្នាយ៉ាងល្អិតល្អន់នូវសេចក្តីប្រកាសរបស់ ASEP11 ព្រមទាំងពិភាក្សាផ្លាស់ប្តូរទស្សនៈជាមួយគ្នាទៅវិញទៅមកក្នុងក្រុមពិភាក្សាចំនួនបីក្រុមផ្សេងគ្នាដែលមានប្រធានបទមានជាប់ពាក់ព័ន្ធ នឹងមូលបទគោលខាងលើ ។

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានដើរតួនាទីជាវេទិកាមួយសម្រាប់ទំនាក់ទំនងការងារការទូតរវាងសភាជាសមាជិក និងជំរុញការយល់ដឹងទៅវិញទៅមកក្នុងចំណោមប្រជាពលរដ្ឋនៃបណ្តាប្រទេសអាស៊ី និងអឺរ៉ុប ។

កិច្ចប្រជុំ ASEP បានផ្ដោតលើទំនាក់ទំនងអន្តរសភាលើកកម្ពស់ការទូតសភាពង្រឹងកិច្ចពិភាក្សាយោគយល់គ្នាទៅវិញទៅមក និងទាក់ទាញការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើបញ្ហាមួយចំនួនដែលសមាជិកសភាចាត់ទុកថា ជាអាទិភាពដូចដែលបានដាក់នៅក្នុងដំណោះស្រាយ និងសេចក្តីប្រកាសចុងក្រោយរបស់កិច្ចប្រជុំ ASEP ។

ឈរលើស្មារតីក្នុងនាមជាប្រទេសម្ចាស់ផ្ទះសភាកម្ពុជាមានសុទិដ្ឋិនិយមក្នុងការខិតខំបំពេញ កាតព្វកិច្ចទទួលរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះដែលនឹងបន្តរួមចំណែកដល់ការលើកកម្ពស់នូវចក្ខុវិស័យ និងគោលដៅចម្បងរបស់ ASEP ក្នុងការបន្តពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងទ្វីបទាំងពីរឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅ និងសម្រេចបាននូវក្តីប្រាថ្នារួមរបស់ប្រជាពលរដ្ឋ គឺការរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម ។

គួររំលឹកដែរថា កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបបានបង្កើតឡើងនៅឆ្នាំ១៩៩៦ និងបានកោះប្រជុំលើកដំបូងនៅទីក្រុង Strasbourg ប្រទេសបារាំង ហើយបច្ចុប្បន្នមានសមាជិកនៅក្នុងតំបន់អាស៊ី និងអឺរ៉ុបចំនួន៥១ប្រទេស រួមទាំងអង្គការជាដៃគូចំនួន២ គឺសហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន ៕

Copy. kos santepehap