បណ្តាញសង្គម

កិច្ចប្រជុំសភាអាស៊ី-អឺរ៉ុប លើកទី១១ បិទបញ្ចប់​ក្រោមស្មារតី លើកកម្ពស់ភាពជាដៃគូសភា ដើម្បី​សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩

ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីពិធីបើកកិច្ចប្រជុំភាពជាដៃគូអាស៊ី-អឺរ៉ុបលើកទី ១១ (ASEP11) ដ៏អធិកអធមជាមួយនឹងវត្តមានដ៏ឧត្តុងឧត្តម និងការថ្លែងសុន្ទរកថាគន្លឹះដ៏មានអត្ថន័យខ្លឹមសាររបស់ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា និងតំណាងសភាសហគមន៍អឺរ៉ុបរួចមក

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្ទេរសិទ្ធិជាប្រធានដឹកនាំកិច្ចប្រជុំពេញអង្គ លើកទី១ នៃកិច្ចប្រជុំ ASEP11 ជូនលោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា

និងជាប្រធានក្រុមជាតិ ASEP11 ដើម្បីបន្តដឹកនាំដំណើរការនៃកិច្ចប្រជុំ។ជាមួយគ្នានេះ កិច្ចប្រជុំបានជ្រើសរើសសហប្រធាន ដឹកនាំកិច្ចប្រជុំដោយស្ម័គ្រចិត្តចំនួនពីររូបទៀត មានលោកជំទាវ ស៊ីរីន ស្សាមីន ឆូតឌូរី (Shiirin Sharmin Chaudhury) ប្រធានសភាបង់ក្លាដេស និងលោកជំទាវ ហីតឌី អូតាឡា (Heidi HAUTALA) អនុប្រធានសភាសហគមន៍អឺរ៉ុប ជាតំណាងប្រធានសភាសហគមន៍អឺរ៉ុប។

ដោយឡែក របៀបវារៈនៃកិច្ចប្រជុំពេញអង្គ លើកទី១ នាពេលនេះ រួមមាន៖ ការជម្រាបជូនអង្គប្រជុំនូវរបាយការណ៍អំពីនីតិវិធីនៃការប្រព្រឹត្តទៅរបស់កិច្ចប្រជុំ ASEP11 សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំជាតំណាងសភានៃប្រទេសសមាជិក ASEP ដែលបានចុះឈ្មោះឡើងថ្លែង និងការបូកសរុបវាយតំលៃរបស់សហប្រធាននៃកិច្ចប្រជុំ ASEP។

ជាកិច្ចចាប់ផ្តើម លោកជំទាវ បានសម្តែងនូវគាវរកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានចូលរួមរបស់គណៈប្រតិភូមកពីទ្វីបទាំងពីរអាស៊ី អឺរ៉ុប ស្ថាប័នជាដៃគូរ និងភ្ញៀវកិត្តិយសនាពេលនេះ ដែលបានបង្ហាញអំពីសារៈសំខាន់ដ៏មានតំលៃរបស់កិច្ចប្រជុំ ប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិ និងការរាំងស្ទះផ្សេងៗកើតឡើងដោយសារតែមេរោគរាតត្បាតសកលកូវីត-១៩។

កិច្ចប្រជុំនាពេលនេះ មានការចូលរួមពីប្រទេសជាសមាជិក ASEP ចំនួន ៣២ ប្រទេស ដៃគូរចំនួន ២ (សហភាពអឺរ៉ុប និងអគ្គលេខាធិការដ្ឋានអាស៊ាន) និងស្ថាប័នជាភ្ញៀវកិត្តិយសចំនួន ២ (អង្គការសហព័ន្ធសន្តិភាពសកល(UPF) និងមជ្ឈមណ្ឌលសភាអាស៊ី (PCAsia)។

សូមគូសបញ្ជាក់ផងដែរថា មានឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំសភា ក៏ដូចជាប្រធានប្រតិភូតំណាងសភានីមួយៗមកពី ១៩ ប្រទេស បានចុះឈ្មោះថ្លែងបទអន្តរាគមន៍ ដែលក្នុងនោះ ឋានៈជាប្រធានសភាចំនួន ៣ និងអនុប្រធានសភាចំនួន ៣ ។

លោកជំទាវ បានបន្តជម្រាបជូនអង្គប្រជុំពាក់ព័ន្ធទៅនឹងការគណៈកម្មាធិការរៀបចំសេចក្តីព្រាងសេចក្តីប្រកាសរួម (ASEP11 Joint-Declaration) ដោយប្រទេសជាម្ចាស់ផ្ទះនៃកិច្ចប្រជុំបានសម្រេចចាត់តាំង ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ជាប្រធានគណៈកម្មាធិការរៀបចំសេចក្តីព្រាងសេចក្តីប្រកាសរួម។

មុននឹងផ្តល់វេទិកាអោយប្រតិភូអញ្ជើញឡើងថ្លែង លោកជំទាវ ឃួន សុដារី បានអញ្ជើញសហប្រធានទាំងពីរ អញ្ជើញមានមតិដោយធ្វើការណែនាំខ្លួន និងចំណាប់អារម្មណ៍ជាសង្ខេប។

សហប្រធានមកពីបង់ក្លាដេស និងសភាសហគមន៍អឺរ៉ុប បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសភាកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំនាពេលនេះបានល្អឥតខ្ចោះ ហើយយើងទាំងអស់គ្នាមានការចាប់អារម្មណ៍ចំពោះរបៀបគ្រប់គ្រងរបស់កម្ពុជាក្នុងការជម្នះនូវរាល់ឧបសគ្គដើម្បីរៀបចំកិច្ចប្រជុំនេះដោយវិជ្ជាជីវៈ ទោះបីទទួលបន្ទុកជាច្រើនដែលបណ្តាលមកពីភាពមិនច្បាស់លាស់នៃជំងឺរាតត្បាតក៍ដោយ”។

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភាកម្ពុជានិងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានលើកឡើងថា សង្គមអាស៊ី និងអឺរ៉ុបកំពុងតែប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនដែលបានជះឥទ្ធិពលដោយផ្ទាល់ដល់ជីវិត និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ។

បញ្ហាប្រឈមទាំងនោះគឺមាន ភេរវកម្ម ជម្លោះចាស់ និងថ្មី ជនភៀសខ្លួន ការធ្វើចំណាកស្រុក ការប្រែប្រួលអាកាសធាតុ វិសមភាពសង្គម និងយេនឌ័រ ឧក្រិដ្ឋកម្មរៀបចំទុកជាមុន គ្រោះធម្មជាតិគម្លាតផ្នែកបច្ចេកវិទ្យា ព្រមទាំងបញ្ហាសំខាន់ៗដទៃទៀត។

បញ្ហាប្រឈមទាំងនោះមានទំនាក់ទំនងគ្នាទៅវិញទៅមក។ ឯកឧត្តម បានលើកឡើងថា បញ្ហាទាំងនោះអាចដោះស្រាយប្រកបដោយប្រសិទ្ធភាពបានលុះត្រាតែតំបន់ទាំងពីរ អាស៊ី និងអឺរ៉ុបត្រូវរួបរួមគ្នា និងធ្វើការជាមួយគ្នានៅលើវេទិកាអន្តរជាតិនានា។

ប្រធានប្រតិភូសភាកម្ពុជា បានគូសបញ្ជាក់ថា មូលបទនាពេលនេះមានសារៈសំខាន់ណាស់សម្រាប់ពិភពលោកយើងសព្វថ្ងៃ។

មូលបទនៃកិច្ចប្រជុំមានភាពពាក់ព័ន្ធទៅនឹងសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាតសកលកូវីដ-១៩ ហើយដែលជាកង្វល់ដ៏ធំមួយសម្រាប់តំបន់ និងពិភពលោកទាំងមូល។

ឯកឧត្តម បានគូសបញ្ចាក់ថា ភាពជាដៃគូដែលបានបង្កើតឡើងរវាងតំបន់អាស៊ី និងអឺរ៉ុបពិតជាមានសារៈសំខាន់ណាស់ ក្នុងការពិភាក្សា និងបន្តកិច្ចសហប្រតិបត្តិការគ្នាលើបញ្ហាពាក់ព័ន្ធសកលលើវិស័យនយោបាយ។

គួរកត់សម្គាល់ផងដែរថា កិច្ចប្រជុំពេញអង្គលើកទី ១ នេះ គឺជាវេទិកាដ៏មានសារៈសំខាន់ ដែលប្រតិភូតំណាងសភាប្រទេសនីមួយៗអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងមូលបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩”។

ប្រតិភូនីមួយបានន្លែងកោតសរសើរចំពោះការរៀបចំកិច្ចប្រជុំប្រកបដោយអត្ថន័យនិងដំណើរដ៏រលូនរបស់សភាកម្ពុជា ព្រមទាំងបានធ្វើសេចក្តីថ្លែងការណ៍យ៉ាងក្បោះក្បាយ និងស៊ីជម្រៅលើបញ្ហាសកល ក្នុងគោលបំណងរិះរកនូវយុទ្ធសាស្ត្រ

និងមធ្យោបាយក្នុងការដោះស្រាយបញ្ហាទាំងនោះ ដោយផ្អែកលើពហុភាគីនិយម ប្រកបដោយស្មារតីមិត្តភាព សាមគ្គីភាព និងភាពជាដៃគូ។

ក្នុងបទអន្តរាគមន៍សុទ្ធសឹងតែបានបង្ហាញនូវក្តីបំណងប្រាថ្នារួម បម្រើនូវផលប្រយោជន៍រួម ព្រមទាំងបន្តពង្រឹងភាពជាដៃគូសភា សម្រាប់សន្តិភាព និងការអភិឌ្ឍដោយចីរភាព។

មុននឹងបិទបញ្ចប់កិច្ចប្រជុំពេញអង្គលើកទី ១ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានមតិបូកសរុប ដោយបានកោតសរសើរ និងធ្វើការវាយតំលៃខ្ពស់ចំពោះសេចក្តីថ្លែងការណ៍របស់គណៈប្រតិភូទាំងអស់ ដែលបានឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការលើកកម្ពស់ភាពជាដៃគូរបស់សភាសម្រាប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអំឡុងពេល និងក្នុងយុគសម័យក្រោយជំងឺរាតត្បាត។

លោកជំទាវ បានសង្តត់ធ្ងន់ថា ជំងឺរាតត្បាត Covid-19 បានប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសង្គម និងសេដ្ឋកិច្ចរបស់យើងជាខ្លាំង ហើយ សន្តិភាព និងស្ថិរភាពក៏ត្រូវបានបំផ្លិចបំផ្លាញដោយជំងឺរាតត្បាតផងដែរ។

លោកជំទាវ បានគូសបញ្ជាក់បន្ថែមថា នៅក្នុងបរិបទនៃភាពមិនប្រាកដប្រជា និងការប្រែប្រួលកាន់តែខ្លាំងឆាប់រហ័សនៃពិភពលោក យើងទាំងអស់គ្នាត្រូវបន្តពូនជ្រុំមូលដ្ឋានគ្រឹះនៃសន្តិភាព ដើម្បីសម្រេចបាននូវការស្តារឡើងវិញក្រោយជំងឺរាតត្បាតប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់។

ជាមួយគ្នានេះផងដែរ យើងក៏ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូ ដែលក្នុងនោះការទូតសភា និងភាពជាដៃគូមានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងពិភពលោកក្រោយជំងឺរាតត្បាត៕

Copy. koh santepheap