បណ្តាញសង្គម

វៀតណាម ឡាវ និងថៃ ឆ្លងកូវីដច្រើន នាំឲ្យកម្ពុជាយើង ត្រូវបង្កើនការប្រុងប្រយ័ត្ន!

ភ្នំពេញ៖ នៅថ្ងៃទី២២-២៣វិច្ឆិកា ប្រទេសជិតខាងកម្ពុជា រួមមាន វៀតណាម ឡាវ និងប្រទេសថៃ បានរាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ១៩ ច្រើនឡើងវិញ ខណៈដែលអ្នកស្លាប់ ក៏ចូលខ្ទង់រយនាក់ ក្នុង ១ថ្ងៃៗ។

ស្ថានការណ៍នេះ ទាមទារឲ្យកម្ពុជាយើង ត្រូវបង្កើនការយកចិត្តទុកដាក់ ពិសេសទប់ស្កាត់កូវីដឆ្លងដែន។

ក្រសួងសុខាភិបាលវៀតណាម កាលពីយប់ថ្ងៃចន្ទ ទី២២ ខែវិច្ឆិកាបានប្រកាសអំពីការរកឃើញអ្នកឆ្លងថ្មី ចំនួន ១០.២៩៩នាក់ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ ដោយមានអ្នកស្លាប់ ១៩០នាក់។ ចំនួនអ្នកឆ្លងកូវីដ១៩ នៅវៀតណាម កាលពីថ្ងៃទី២២វិច្ឆិកា គឺកើនលើសថ្ងៃទី២១ ខែវិច្ឆិកា ចំនួន ៤១៧នាក់។ ចំនួនអ្នកឆ្លងកូវីដ១៩ នៅវៀតណាម មកដល់បច្ចុប្បន្ន ឡើងដល់ ១.០៩៨.៧៩៧នាក់។

ក្នុងនោះ ស្លាប់ដោយជំងឺកូវីដ១៩ សរុបនៅវៀតណាម កើនដល់ ២៣.៥៩១នាក់។ តាមរបាយការណ៍ មានទីតាំងបីនៅវៀតណាម ដែលមានចំនួនអ្នកឆ្លងកូវីដ១៩ថ្មី ច្រើនជាងគេ គឺនៅតែជាទីក្រុងហូជីមិញ ចំនួន ១.៥៤៧នាក់ ( អតីតទឹកដីខ្មែរកម្ពុជាក្រោម ) រួមទាំងខេត្តភាគខាងត្បូង គឺប៊ិញហ្វឿង និងតៃនិញ ( សុទ្ធតែជាអតីតដែនដីខ្មែរកម្ពុជាក្រោម)។

កន្លែងផ្ទុះការឆ្លងរាលដាលជំងឺកូវីដ១៩ ឡើងវិញ ច្រើនជាងគេ នៅវៀតណាមនោះ គឺជាអតីតដែនដីខ្មែរកម្ពុជាក្រោម និងមានព្រំប្រទល់ជាប់នឹងទឹកដីកម្ពុជា ក្នុងខេត្តកំពត តាកែវ កណ្តាល ព្រៃវែង ខេត្តស្វាយរៀង ខេត្តក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី។

សូមបញ្ជាក់ថា ប្រជាជនវៀតណាមជាង ៦៦,៩លាននាក់ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ក្នុងនោះ មានជាង ៤២លាននាក់ បានចាក់វ៉ាក់សាំង ២ដូសរួចមកហើយ។

តែនៅតែឆ្លងរាលដាលជំងឺកូវីដ១៩ ឡើងវិញទៀត។ ក្នុងពេលជាមួយគ្នា នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាទៅមន្ត្រីឱ្យបង្កើនល្បឿនការចាក់វ៉ាក់សាំង ដើម្បីសម្រេចចគោលដៅចាក់វ៉ាក់សាំងកូវីដ ចំនួន ២ដូស ដល់ប្រជាជនវៀតណាម ដែលមានអាយុ ១៨ឆ្នាំឡើងទាំងអស់ នៅយ៉ាងយូរត្រឹមចុងឆ្នាំ២០២១ នេះ។

វៀតណាមកំណត់គោលដៅចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យ ឱ្យបានយ៉ាងហោចណាស់ ចំនួនត្រឹមពាក់កណ្តាលនៃប្រជាជនវៀតណាម យ៉ាងយូរត្រឹមចុងឆ្នាំ២០២១ នេះ និង៧០ភាគរយនៃប្រជាជនខ្លួនទាំងមូល នៅត្រឹមចុងខែមីនាឆ្នាំ២០២២។

តែនៅពេលនេះ ក្រសួងផែនការវៀតណាម បានស្នើបង្កើនចំនួនអ្នកត្រូវចាក់វ៉ាក់សាំងដល់ ៨០ភាគរយ ត្រឹមខែមីនា ឆ្នាំ២០២២។ ដោយឡែក នៅថ្ងៃទី២៣ ខែវិច្ឆិកា វេបសាយ worldometers.info ក៏បានកត់ត្រាថា នៅប្រទេសឡាវ ជាប់កម្ពុជា មានអ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ១៣២៣នាក់ ស្លាប់ ៤នាក់។

នៅឡាវ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៦៤ ៤៨២នាក់ និងស្លាប់សរុប ១៣៧នាក់។ រីឯនៅប្រទេសថៃ ជាប់ព្រំដែនកម្ពុជា នាថ្ងៃទី២៣ ខែវិច្ឆិកាក៏ត្រូវបានវេបសាយ worldometers.info បានរាយការណ៍ថា មានអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៥១២៦នាក់ និងស្លាប់ ៥៣នាក់។

នៅប្រទេសថៃ មានអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២ ០៧៦ ១៣៥នាក់ និងស្លាប់សរុប ២០ ៤៨៧នាក់។ ចំណែកប្រទេសមួយចំនួនទៀត នៅអឺរ៉ុប ដូចជា ប៉ូឡូញ មានអ្នកឆ្លងថ្មី ១៩៩៣៦នាក់ និងស្លាប់ ៣៩៨នាក់ ក្នុង ១ថ្ងៃ កាលពីថ្ងៃទី២៣វិច្ឆិកា។ អ៊ុយក្រែន ក៏មានអ្នកឆ្លងថ្មី ១២៧២៩នាក់ និងស្លាប់ថ្មី ៧២០នាក់។

នៅឆេក ឆ្លងថ្មី ១៤៤៨០នាក់ ស្លាប់ ៥១នាក់។ នៅប៊ែលហ្សិក ឆ្លងថ្មី ១៤៣៣៨នាក់ និងស្លាប់ ៣៥នាក់។ ដោយឡែក នៅអាស៊ាន គឺមានប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីនឆ្លងច្រើនជាងគេ នៅថ្ងៃទី២៣វិច្ឆិកា។ ហ្វីលីពីន មានអ្នកឆ្លងថ្មី ១១៥៣នាក់ និងស្លាប់ ១៩៥នាក់ ខណៈដែលឥណ្ឌូនេស៊ី មានអ្នកឆ្លងកូវីដថ្មី ៣៩៤នាក់ និងស្លាប់ ៩នាក់។

ដូច្នេះតាមរបាយការណ៍ថ្មីចុងក្រោយនេះ ប្រទេសជាប់ព្រំដែនកម្ពុជា រួមមាន៖ វៀតណាម ឡាវ និងប្រទេសថៃ សុទ្ធតែមានចំនួនអ្នកឆ្លងកូវីដ១៩ ហាក់ដូចជាផ្ទុះឡើងវិញ ខណៈដែលកម្ពុជាយើង នៅថ្ងៃទី២៣វិច្ឆិកា មានអ្នកឆ្លងថ្មី ត្រឹមតែ ៣៩នាក់ និងស្លាប់ ៤នាក់ប៉ុណ្ណោះ។

ប៉ុន្តែកម្ពុជា បានបើកប្រទេសឡើងវិញ ដំណើរការលើគ្រប់វិស័យ សូម្បីតែខារ៉ាអូខេ ក៏ប្រែក្លាយបន្ទប់ច្រៀងរាំ ទៅជាដាក់តុមូលចំកណ្តាល ហើយមានបើកច្រៀងរាំ ជាធម្មតាឡើងវិញដែរ។ លើសពីនេះទៀត កម្ពុជា ក៏បានសម្រេចឲ្យអ្នកធ្វើដំណើរចូលកម្ពុជា ដែលបានចាក់វ៉ាក់សាំង ចាប់ពី ២ដូសឡើងទៅ គឺមិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ បើពិនិត្យ ធ្វើតេស្ត មិនមានវិជ្ជមានកូវីដ១៩ ទេនោះ។

ប៉ុន្តែស្ថានការណ៍ប្រទេសនានាលើពិភពលោក មិនថា នៅអឺរ៉ុប ឬនៅអាស៊ាន ហើយជាពិសេសប្រទេសជាប់ព្រំដែនកម្ពុជា វៀតណាម ថៃ និងឡាវ សុទ្ធតែមានករណីឆ្លង និងស្លាប់ថ្មីច្រើនឡើងវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលទាមទារឲ្យអាជ្ញាធរតាមច្រកព្រំដែន មិនថា នៅផ្លូវគោក ផ្លូវទឹក ឬផ្លូវអាកាសគួរតែបង្កើនការប្រុងប្រយ័ត្ន៕