បណ្តាញសង្គម

សម្តេចតេជោ ​ហ៊ុន សែន អរគុណប្រធានាធិបតីបារាំងដែលអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ី-អ៊ឺរ៉ុប លើកទី១៣

ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet ) ឯអគ្គរដ្ឋទូតសាធារណៈ រដ្ឋបារាំងប្រចាំកម្ពុជាបានថ្លែងអំណរគុណចំពោះលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងដែលបានអះអាងថានឹងអញ្ជើ ញចូលរួមកិច្ចប្រជុំអាស៊ី-អ៊ឺរ៉ុបលើកទី ១៣ ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះនៅថ្ងៃទី២៥ ខែវិច្ឆិកានេះ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីនាព្រឹកថ្ងៃទី ២៤ ខែ វិច្ឆិកា នេះបានអនុញ្ញាតឲ្យលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet ) ឯអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជាចូលជួបសំដែងការគួរ សមនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖ លោក ហ្សាក់ ប៉ឺឡេ បានសំដែងនូវការវាយតម្លៃខ្ពស់និង កោតសរសើរចំពោះនយោបាយចាក់ស្រោចវ៉ាក់សាំងរបស់សម្ដេចតេជោដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នាំព្រះរាជាណាចក្រកម្ពុជាបើកព្រំដែនឡើងវិញបើក សេដ្ឋកិច្ចឡើងវិញ បើកសាលារៀនឡើងវិញដែលជាជោគជ័យគួរឲ្យកត់សម្គាល់និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានអន្តរជាតិ ។

លោក ហ្សាក់ ប៉ឺឡេ បានបន្ថែមថានៅកម្ពុជាគឺមានក្រុមហ៊ុនបារាំងប្រមាណ ៤០០ ក្រុមហ៊ុនកំពុងវិនិយោគនៅទីនេះហើយក្រុមហ៊ុនទាំងនោះពិតជាមានសេចក្ដីរីករាយយ៉ាង ខ្លាំងចំពោះជោគជ័យនៃការចាក់ស្រោចវ៉ាក់សាំងការបើកដំណើរការប្រទេសឲ្យមានលំហូរឡើងវិញ ទាំងការហោះហើរ ទាំងសេដ្ឋកិច្ច ទាំងដំណើរការពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះលោកឯកអគ្គរដ្ឋទូតបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តីដែលបានអនុញ្ញាតឱ្យលោកបានជួបសំដែង ការគួរសមនៅមុន១ថ្ងៃ នៃកិច្ចប្រជុំកំពូលអាស៊ី-អ៊ឺរ៉ុប ។

លោកទូតបានជម្រាបជូនសម្តេចតេជោថាលោក ម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងអញ្ជើញចូលរួមក្នុង កិច្ចប្រជុំអាប្រជុំកំពូល អាស៊ី-អ៊ឺរ៉ុបនាថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខនេះ ។

ដោយឡែកនៅឆ្នាំក្រោយនេះកម្ពុ ជានឹងធ្វើជាប្រធានអាស៊ាន,ខណៈបារាំងនឹងធ្វើជាប្រធានប្ដូរវេនសហ គមន៍អ៊ឺរ៉ុបក្នុងន័យនេះលោក ហ្សាក់ ប៉ឺឡេ មានប្រសាសន៍ថាលោកនឹងខិតខំជំរុញពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងនិងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងអឺរ៉ុបផងធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបតិ្តការរវាងតំបន់ទាំងពីរជាកិច្ចសហប្រតិបត្តិការដែលគ្មានការប្រឈមផ្ទុយទៅវិញគឺកិច្ចសហប្រតិបត្តិការប្រកបដោយបរិយាបន្ននិងស្ថិរភាព។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្រ្តីបានសម្ដែងនូវការស្វាគមន៍និងសម្ដែងនូវការអបអរសាទរជូនចំពោះលោក ហ្សាក់ ប៉ឺឡេ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះការវាយតម្លៃនូវនយោបាយវ៉ាក់សាំងរបស់កម្ពុជាហើយក៏បាន ថ្លែងអំណរគុណផងដែរចំពោះការចូលរួមរបស់លោក ម៉ាក្រុង នៅក្នុងកិច្ចប្រជុំ ASEM ដែលកម្ពុជាធ្វើជាប្រធាននៅថ្ងៃស្អែកនេះ ។

សម្តេចតេជោក៏បានយល់ស្របជាមួយលោក ហ្សាក់ ប៉ឺឡេ ចំពោះកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីទាំងពហុភាគី ក្នុងនោះកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជានិងបារាំងគប្បី ធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅថែមទៀតលើគ្រប់វិស័យដែលអាចធ្វើទៅបានរួមទាំងកិច្ចសហប្រតិ បត្តិការនៅក្នុងក្របខណ្ឌក្រោមឆ័ត្រអន្តរជាតិ ផងដែរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និង E.U សម្ដេចតេជោបានយល់ស្របនឹងលោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) គឺអាស៊ាននិង E.U គប្បីណា សហការគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗឲ្យបានប្រកបដោយបរិយ៉ាប័ននិងដោយស្ថិរភាព ៕

Copy. rasmeinews