បណ្តាញសង្គម

សម្តេចតេជោ ៖ ក្របខណ្ឌពហុភាគីប្រទេសមួយចំនួននៅមានទស្សនៈខ្វែងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម

រាជធានីភ្នំពេញ ៖ ក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានថ្លែងថា ក្នុងក្របខណ្ឌពហុភាគីប្រទេសមួយចំនួននៅមានទស្សនៈខ្វែងគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

ក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ ក្រោមមូលបទ «ការផ្លាស់ប្តូរទៅគន្លងប្រក្រតីភាពថ្មី ៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវាក់តម្លៃសកលពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤» នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងថា « ក្នុងក្របខណ្ឌពហុភាគីយើងសង្កេតឃើញថា ប្រទេសមួយចំនួននៅមានទស្សនៈខ្វែងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តំបន់និងសកល ។

ក្នុងន័យនេះយើងមានភាពចាំបាច់ត្រូវពង្រឹងសាមគ្គីភាព និងតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាធំដោយប្រកាន់ខ្ជាប់នូវយន្តការពហុ ភាគីនិយមក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ និងពន្លឿនការតភ្ជាប់រវាងសង្គម-សេដ្ឋកិច្ច ដើម្បីជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់យើងប្រកបដោយចីរភាព និងបរិយាបន្ន» ។

សម្ដេចតេជោបានបន្ដថា ពាណិជ្ជកម្មអន្តរជាតិ គឺជាក្បាលម៉ាស៊ីនមួយសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាជន ។

ជាមួយនឹងនិន្នាការនៃផ្លាស់ប្តូរនៅក្នុងពាណិជ្ជកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់សកលខ្ញុំយល់ឃើញថា តំបន់យើងទាំងពីរត្រូវតែបង្កើនការយកចិត្តទុកដាក់លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការជំរុញការធ្វើសេរីភាវូបនីយកម្ម និងកិច្ចសម្រួលពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈការលុបបំបាត់របាំងសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីទាញយកសក្តានុពលជាអតិបរមាពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអាស៊ី-អ៊ឺរ៉ុប ។

សម្ដេចតេជោបានបន្ថែមថា ក្នុងបរិការណ៍នៃបដិវត្តន៍ឧស្សាហកម្មទី៤ ការសម្របខ្លួនទៅនឹងគន្លងប្រក្រតីភាពថ្មី និងជំរុញកាន់តែខ្លាំងដល់ការចាប់យកបច្ចេកវិទ្យាឌីជីថលសម្រាប់ការរស់នៅការអភិវឌ្ឍឧស្សាហកម្ម និងការធ្វើឧស្សាហូបនីយកម្មសេដ្ឋកិច្ច ។

សម្ដេចថា ត្រូវរួមគ្នាទាញយកប្រយោជន៍ពីបដិវត្តន៍ឧស្សាហកម្មទី៤ នេះឱ្យបានជាអតិបរមាជាពិសេសសម្រាប់ប្រទេសដែលមានកម្រិតនៃការអភិវឌ្ឍសេដ្ឋកិច្ចតិចតួចដោយត្រូវផ្តល់អាទិភាពដល់ការកសាងរដ្ឋាភិបាល និងសេដ្ឋកិច្ចឌីជីថល ដើម្បីបង្កើតជាចន្ទល់កំណើនសេដ្ឋកិច្ចមួយថ្មីដែលរឹងមាំ ។

សម្ដេចតេជោ បានបញ្ជាក់ថា ជាមួយគ្នាការជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក៏ជាកិច្ចការអាទិភាពដ៏សំខាន់មួយផងដែរ ។

ប្រការនេះទាមទារនូវការលើកកម្ពស់កិច្ចសហការរវាងវិស័យ សាធារណៈ និងឯកជនទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីទាក់ទាញការវិនិយោគអភិវឌ្ឍធនធាន-មនុស្ស និងជំរុញឱ្យមានការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យាស្របតាមគន្លងប្រក្រតីថ្មីដោយផ្តោតជាសំខាន់លើការជំរុញដល់ការចាប់យកសក្តានុពលពីបដិវត្តន៍ឧស្សាហកម្មទី៤ ការលើកកម្ពស់បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកជាដើមតាមរយៈការលើកកម្ពស់ការទទួលបានការគាំទ្រទាំងផ្នែកគោលនយោបាយ និងហិរញ្ញប្បទាន ។

 

ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ការជំរុញការអភិវឌ្ឍបៃតងក៏ជាមូលដ្ឋានគ្រឹះនៃការទ្រទ្រង់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចសម្រាប់រយៈពេលវែងដែលនឹងជួយលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចព្រមទាំងពង្រឹងភាពធន់ទៅនឹងអាកាសធាតុ ។

ក្នុងន័យនេះត្រូវពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌតំបន់ និងសកល ដើម្បីជំរុញការអភិវឌ្ឍបៃតងនេះជាពិ សេស ការជំរុញវិស័យឯកជនឱ្យបង្កើនការវិនិយោគបៃតងពង្រឹងប្រសិទ្ធភាពនៃការវិនិយោគក្នុងគ្រប់វិស័យពាក់ព័ន្ធ និងលើកទឹកចិត្តក្នុងការអភិវឌ្ឍ ឧស្សាហកម្មបៃតងនិង ការប្រើប្រាស់បច្ចេកវិទ្យាបៃតង៕

Copy. kohsantepheapdaily