បណ្តាញសង្គម

ផលិតផល​ត្រី នៅ​កម្ពុជា ត្រូវបាន​បង្កើត​កម្មវិធី តាមដាន​ប្រភព និង​បច្ចេកទេស

ភ្នំពេញៈ ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងជាមួយ អង្គការទស្សនៈពិភពលោក ឬ World Vision CAST ស្តីពីការបង្កើតកម្មវិធី តាមដានផលិតផលត្រី ដើម្បី លើកកម្ពស់ គុណភាពផលិតផល ត្រី របស់កសិករ ក្នុងស្រុក នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ លោក ឆេង មករា តំណាង ដាវ៉ាន់ បានលើកឡើងថាៈ

«ការបង្កើតកម្មវិធី តាមដានផលិតផលត្រីនេះ គឺក្នុងគោលបំណង ផ្តល់ទំនុកចិត្ត ដល់អតិថិជន ឱ្យបានដឹងច្បាស់លាស់ អំពីប្រភពត្រី ដែលក្នុងន័យនេះ ក៏ជាការកំណត់ ឬតម្រូវឱ្យកសិករ ចិញ្ចឹមត្រីទាំងឡាយ ចិញ្ចឹមឱ្យ បានល្អ ត្រឹមត្រូវ

តាមបច្ចេកទេស ដែលជាលទ្ធផល វានឹងនាំមកនូវសុវត្ថិភាព ដល់សុខភាពរបស់អតិថិជន អ្នកបរិភោគផង ជួយលើកកម្ពស់ គុណភាពបច្ចេកទេស ចិញ្ចឹមត្រីផង ជួយធ្វើឱ្យតម្លៃត្រីរបស់ កសិករមានតម្លៃសមស្របផង ក៏ជាការរួមចំណែក ពង្រីកទីផ្សារ ក្នុងស្រុក សម្រាប់កសិករ ចិញ្ចឹមត្រី ក្នុងស្រុកផង »។

ផលិតផលត្រី ដែលស្ថិតនៅក្នុងបណ្តាញ ខាងលើនេះ សុទ្ធតែមានបិទលេខកូដ នៅលើកញ្ចប់ ហើយអតិថិជន គ្រាន់តែប្រើទូរស័ព្ទស្មាតហ្វូនស្គែល QR Code នៅលើកញ្ចប់ត្រីទាំងនោះ នឹងទទួលបានព័ត៌មានថាៈ ត្រីនោះ ចិញ្ចឹមដោយកសិករ ឈ្មោះអ្វី កសិដ្ឋាននៅទីណា និង ចិញ្ចិមរបៀបណា តាមបច្ចេកទេស បែបណាជាដើម ។

លោក ឆេង មករា បានបន្ថែមថាៈ អង្គការទស្សនៈពិភពលោក ឬ World Vision CAST និង ដាវ៉ាន់ មានគណៈកម្មការជំនាញ ដែលត្រួតពិនិត្យជាប្រចាំ នូវគុណភាពត្រី របស់កសិករ ហើយប្រសិនបើកសិករ ទាំងឡាយណា

ប្រតិបត្តិមិនបានល្អត្រឹមត្រូវ តាមស្តង់ដារសុវត្ថិភាព និង អនាម័យទេនោះ កសិករទាំងនោះ នឹងមិនត្រូវបាន អនុញ្ញាត ឱ្យចូលក្នុងបណ្តាញ នៃកម្មវិធីតាមដានផលិតផលត្រី ដើម្បីលើកកម្ពស់ គុណភាព ផលិតផលត្រី របស់កសិករ ក្នុងស្រុក នេះទេ ។

ចំពោះកសិករចិញ្ចឹមត្រី ដែលបានចូលក្នុងបណ្តាញនេះហើយ ក្នុងករីណកសិករនោះ មិនបានបំពេញត្រឹម ត្រូវទេនោះ ក៏នឹងមិនត្រូវបានអនុញ្ញាត ឱ្យបន្តនៅក្នុងបណ្តាញនេះ តទៅទៀតដែរ ។

អ្នកជំនាញទាំងឡាយ បានអះអាងថាៈ ត្រីដែលត្រូវបានចិញ្ចឹមត្រឹមត្រូវតាម បច្ចេកទេស គឺជាត្រីដែលមានសុវត្ថិភាព ខ្ពស់ជាង សម្រាប់អ្នកបរិភោគបើធៀបទៅ នឹងត្រីធម្មជាតិ ព្រោះត្រីធម្មជាតិ ស៊ីចំណីទៅតាមធម្មជាតិ របស់ពួកវា ដែលគេមិន អាចគ្រប់គ្រងបានថា មានសុវត្ថិភាព ចំពោះសុខភាពមនុស្សដែរ ឬយ៉ាងណា ។

លោក តិច គង់ តំណាងអង្គការទស្សនៈពិភពលោក ឬ World Vision CAST បានឱ្យដឹងថាៈ World Vision CAST បាននិងកំពុងធ្វើការជាមួយកសិករ នៅទូទាំង ប្រទេសកម្ពុជា ទាំងអ្នកចិញ្ចឹមត្រី ទាំងអ្នកកែច្នៃផលិតផលត្រី សរុបប្រមាណជា ១ ៥០០ ទីតាំង ហើយទីតាំងទាំងនោះ គឺជាទីតាំងខ្នាតស្តង់ដារ ឧស្សាហកម្ម ពោលគឺ មិនមែនជាទីតាំង ជាលក្ខណៈតូចតាច ឬ ជាលក្ខណៈគ្រួសារឡើយ ។

ជាការកត់សម្គាល់ នេះគឺជាលើកទី១ ហើយសម្រាប់កម្ពុជា ដែលត្រូវបានបង្កើតឡើង នូវកម្មវិធីតាមដាន ផលិតផលត្រី បែបនេះ ហើយតាមរយៈកម្មវិធីនេះដែរ អ្នកពាក់ព័ន្ធ ក៏សង្ឃឹមថា នឹងបានរួមចំណែកពង្រីកទីផ្សារ បានមួយកម្រិតទៀតដល់កសិករ ចិញ្ចឹមត្រី ក្នុងប្រទេស ដែលប៉ុន្មានខែមុននេះ កំពុងជួបប្រទះនូវបញ្ហាខ្វះទីផ្សារ និងការធ្លាក់ថ្លៃ៕

Copy. rasmeinews