បណ្តាញសង្គម

ក្រសួងពាណិជ្ជកម្ម បញ្ចប់​វេទិកា​អម​សេដ្ឋកិច្ច និង​ធុរកិច្ច អាស៊ី​-​អឺរ៉ុប ដោយ​លទ្ធផល ផ្លែផ្កា​ជាច្រើន​

ភ្នំពេញ៖ ក្នុងរយៈពេលមួយថ្ងៃពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្មកម្ពុជា ទទួលបានលទ្ធផល ជាទីគាប់ចិត្ត ក្នុងការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ដែលរៀបចំឡើង តាមបែបរូបវ័ន្ត និងប្រព័ន្ធវីដេអូ ដែលជាព្រឹត្តិការណ៍ អមសំខាន់មួយ នៃកិច្ចប្រជុំកំពូល ASEM13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២១។

នៅក្នុងសន្និសីទកាសែត ស្តីពីលទ្ធផល នៃវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថាៈ វេទិកានេះ បានធ្វើឡើង ក្រោមមូលបទ “ការផ្លាស់ប្តូរ ទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយ កម្ម ខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តឧស្សាហកម្ម ៤.០”

ហើយបានប្រព្រឹត្ត ទៅ ក្នុងបរិបទ ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងគោលបំណងពង្រឹង ពហុភាគីនិយម ដើម្បីកំណើនរួមគ្នា ដោយប្រមូលផ្តុំ តួអង្គពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សាស្វែងរក វិធីសាស្ត្រ និងមធ្យោបាយដោះស្រាយ បញ្ហាប្រឈមនានា លើវិស័យសេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ក៏ដូចជា ពិភពលោកទាំងមូល រួមគ្នាដើម្បីសម្រេចឱ្យបាន

នូវកំណើនប្រកបដោយ បរិយាប័ន្ន។លោកបានបន្តថាៈ វេទិកានេះ ធ្វើឡើងក្រោមកិច្ចសហការ ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា, មូលនិធិអាស៊ី-អឺរ៉ុប(ASEF),

ស្ថាប័នស្រាវជ្រាវ Bruegel និងដៃគូសហការដទៃទៀត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួម ពីមន្ត្រីជាន់ខ្ពស់ នៃស្ថាប័នរដ្ឋ បណ្តាអង្គទូត នៃប្រទេសសមាជិក

អេសិម (ASEM) អ្នកធ្វើគោលនយោបាយ ក្រុមធុរជន និងវិនិយោគិន បញ្ញវ័ន្ត អ្នកជំនាញការ មកពីវិស័យសំខាន់ៗ និងអ្នកពាក់ព័ន្ធ មកពីបណ្តាប្រទេសនៅអាស៊ី និងអឺរ៉ុប សរុបចំនួនប្រមាណ ៦០០ នាក់។

លោករដ្ឋមន្ត្រី បានលើកឡើងថាៈ ទាក់ទងប្រធានបទ នៃវេទិកាខាងលើ ក្នុងគោលបំណង ពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួមគ្នា ដោយប្រមូលផ្តុំតួអង្គ ពាក់ព័ន្ធទាំងអស់ ធ្វើការពិភាក្សាស្វែងរក វិធីសាស្ត្រ និងមធ្យោបាយ ដោះស្រាយបញ្ហាប្រឈមនានា លើវិស័យសេដ្ឋកិច្ច និងសង្គម នៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ក៏ដូចជា ពិភពលោកទាំងមូល រួមគ្នាដើម្បីសម្រេចឱ្យបាន នូវកំណើនប្រកបដោយបរិយាប័ន្ន។

ជាមួយនឹងការខឹតខំ ប្រឹងប្រែងនេះ អាស៊ីនិងអឺរ៉ុប ក៏បានលើកកម្ពស់ ការធ្វើសកលភាវូបនីយកម្ម ខ្សែច្រវាក់តម្លៃ សកល និងពហុភាគីនិយម ព្រមទាំងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព (“SDGs”) ជាពិសេសការផ្តល់សិទ្ធិអំណាច ដល់ស្ត្រី និងការធ្វើធុរកិច្ច / វិនិយោគបៃតង ខណៈដែល ពិភពលោក កំពុងឈានទៅរកបរិបទថ្មី

នៃបដិវត្តឧស្សាហកម្ម ៤.០ និងសម្របខ្លួន ទៅនឹងការផ្លាស់ប្តូរ ទៅរកគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទ នៃជំងឺកូវីដ-១៩។លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថាៈ បដិវត្តន៍ឧស្សាហកម្មទី៤ គឺជាកាតាលីករ យ៉ាងសំខាន់ ក្នុងការរួមចំណែកបង្កើតក្បាលម៉ាស៊ីនថ្មីមួយ

សម្រាប់ជំរុញកំណើន ប្រកបដោយចីរភាព ហើយក៏បាននិងកំពុងជួយជំរុញផលិតភាព និងលើកកម្ពស់ភាព ប្រកួតប្រជែង របស់សហគ្រាសធុនមីក្រូតូច និងមធ្យម ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ច និងជា ប្រភពសម្រាប់ ការបង្កើតការងារ ការបង្កើនប្រាក់ចំណូលព្រមទាំងសម្រាប់ការលើកកម្ពស់ សហគ្រិនភាព ក្នុងចំណោមស្ត្រី និងយុវជន។

លោកបានបញ្ជាក់ទៀតថាៈ ដើម្បីសម្រេចបាននូវ គោលបំណងខាងលើ វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ បានរៀបចំបទបង្ហាញ និងកិច្ចពិភាក្សាមួយចំនួន ដែលក្នុង នោះ វាគ្មិន និងអ្នកចូលរួមទាំងអស់ បានចែករំលែកទស្សនៈ

បទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អៗ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងវិស័យឯកជន និងបានលើកជាអនុសាសន៍ ជូនដល់ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងវិស័យឯកជន នៃប្រទេស សមាជិក អេសិម ផងដែរ។

សូមជម្រាបថា វេទិកាសេដ្ឋកិច្ច និងធុរកិច្ច អាស៊ី-អឺរ៉ុប លើកទី១ គឺជាព្រឹត្តិការណ៍អម ក្នុងចំណោមព្រឹត្តិការណ៍អម ចំនួន ៧ នៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១។

តាមរយៈការរៀបចំវេទិកា លំដាប់អន្តរជាតិនេះ នឹងផ្តល់នូវលើកកម្ពស់កិត្យានុភាព និងលើក មុខមាត់ ប្រទេសកម្ពុជា លើឆាកអន្តរជាតិ និងបង្ហាញជូនបណ្តាអ្នកចូលរួមមកពីអាស៊ី និងអឺរ៉ុប បានយល់ និងស្គាល់កម្ពុជា កាន់តែច្បាស់ ជាពិសេសបានស្វែងយល់ ពីសក្តានុពល វិស័យពាណិជ្ជកម្ម និងកាលានុវត្តភាពវិនិយោគ នៅកម្ពុជា ជាដើម។

វេទិកានេះ បានប្រព្រឹត្ត ទៅយ៉ាងរលូន និងទទួលបានលទ្ធផល ប្រកបដោយផ្លែផ្កា គួរជាទីមោទនៈ ក្នុងន័យជំរុញ កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់ប្រជាជាតិយើងទាំងអស់៕

Copy. rasmeinews