បណ្តាញសង្គម

ទូត​ឆែក​សន្យា​ជំរុញ​អ្នក​វិនិយោគ​មក​បណ្តាក់ទុន​នៅ​កម្ពុជា

រាជធានីភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែកបានសន្យាជំរុញអ្នកវិនិយោគទុនឲ្យបានច្រើននៅកម្ពុជា ។

ការសន្យានេះឆ្លើយតបសំណូមពររបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ចំពោះប្រទេសឆែកបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ឲ្យកាន់តែល្អប្រសើរថែមទៀត ក្រោយជំងឺរាតត្បាតកូវីដ ១៩ បានធូរស្បើយនោះ ។

ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២១ នៅវិមានសន្តិភាពលោកម៉ាទីន វែវរ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា បានសន្យានឹងខិតខំជំរុញអ្នកវិនិយោគិនឆែកមកបណ្តាក់ទុននៅកម្ពុជាឲ្យបានច្រើនឡើង ។

លោកថា ក្រុមហ៊ុនរបស់ឆែកបានកំពុងវិនិយោគនៅក្នុងប្រទេសថៃ និងប្រទេសវៀតណាត ដូច្នេះឯកឧត្តមនឹងសិក្សា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរឲ្យកាន់តែមានទំហំធំឡើង ។

ទោះយ៉ាងណា លោកទូតលើកឡើងថា ឆែកបានផ្តល់ជំនួយទ្វេភាគីមកកម្ពុជាជាច្រើននៅក្នុងវិស័យសុខាភិបាល និងអប់រំ ។

កាលពីពេលថ្មីនេះជំនួយឧបករណ៍បរិក្ខារពេទ្យជាច្រើនបានផ្តល់ជូនមន្ទីរពេទ្យខេត្តតាកែវ ហើយឆែកនៅបន្តផ្តល់ជំនួយមនុស្សធម៌មកកម្ពុជាបន្តបន្ទាប់ទៀត ពិសេសអាហារូបករណ៍ដល់សិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជាបានទៅសិក្សានៅសាធារណរដ្ឋឆែក ។

ចំណែក សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ប្រទេសទាំងពីរកម្ពុជា និងឆែកបានភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាអស់រយៈពេលជាយូរមកហើយ ហើយប្រជាជាតិទាំងពីរទទួលបានផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អនេះជារៀងរហូតមក ។

នៅក្នុងដំណាក់កាលជាបន្តបន្ទាប់ឆែកបានរួមចំណែកអភិវឌ្ឍកម្ពុជាយ៉ាងច្រើន គឺតាំងពីអតីតឆេកូស្លូវ៉ាគី រហូតដល់បច្ចុប្បន្ន ។

សម្តេចបានមានប្រសាសន៍បញ្ជាក់ថា ប្រជាជនកម្ពុជាសុទ្ធតែបានដឹងថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានសិក្សារៀនសូត្រនៅសាធារណរដ្ឋឆែកដែលមានប្រព័ន្ធអប់រំល្អប្រកបដោយគុណភាពខ្ពស់ តាំងពីសម័យមុនមកម្លេះ ។

សម្តេចប្រធានរដ្ឋសភាមានជំនឿថា បេសកកម្មការទូតថ្មីរបស់លោកនៅកម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរមួយកម្រិតថែមទៀត ។

សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជា សូមគាំទ្រចំពោះបេសកកម្មការទូត របស់លោក និងត្រៀមធ្វើកិច្ចសហប្រតិបត្តិការពេញលេញ ដើម្បីឱ្យបេសកកម្មការទូតរបស់ឯកឧត្តម ប្រចាំនៅកម្ពុជា ទទួលបានជោគជ័យ ៕

Copy. kohsantepheapdaily