បណ្តាញសង្គម

ក្រសួង​ការងារ គាំទ្រ​អង្គការ​ដៃគូ ដែល​បានរៀបចំ គម្រោង​សាកល្បង​ការលើកកម្ពស់ សុខភាព និង​អាហារូបត្ថម្ភ នៅតាម​បណ្តា​រោងចក្រ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានបង្ហាញការគាំទ្រ ចំពោះអង្គការ ហេឡែន ខេលល័រ ដែលនឹងត្រូវអនុវត្ត សាកល្បង គម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ នៅតាមបណ្តារោងចក្រ មួយចំនួន ។

ការបង្ហាញការគាំទ្ររបស់ រដ្ឋមន្ត្រីក្រសួងការងារ បែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សា ការងារ ជាមួយលោកស្រី Gwyneth Cotes នាយិកាប្រចាំប្រទេស អង្គការ ហេឡែន ខេលល័រ អន្តរជាតិ នាទីស្តីការក្រសួងការងារ

កាលពីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីស្នើសុំកិច្ចសហការ ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការ សាកល្បង គម្រោងលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ នៅតាមបណ្តារោងចក្រ មួយចំនួន។

តាមរយៈការស្នើសុំនេះដែរ រដ្ឋមន្ត្រីក្រសួងការងារ បានស្នើឲ្យមានការរៀបចំជាកិច្ច ព្រមព្រៀង អនុស្សរណៈនៃ ការយោគយល់គ្នា(MOU) រវាងក្រសួងការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ ដើម្បីធ្វើឲ្យគម្រោងនេះ អនុវត្តទៅ ទទួលបាន ប្រសិទ្ធភាព និងជោគជ័យរួម។

ក្នុងពិធីនេះដែរ លោក អ៊ិត សំហេង បានវាយតម្លៃខ្ពស់ ចំពោះអង្គការ ហេឡែន ខេលល័រ ដែលបានបានចាប់ផ្តើម ធ្វើសកម្មភាពរបស់ខ្លួន តាំងពីឆ្នាំ ១៩៩២ មកម្ល៉េះ ពិតជា បានរួមចំណែកច្រើន ក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។

គោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក អង្គការក្រៅរដ្ឋាភិបាល ជាដៃគូ សង្គមមួយ ដែលមិនអាចខ្វះបាន ដែលភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល នេះ ពិតជាជួយជំរុញបន្ថែម ដល់និរន្តភាពសកម្មភាព របស់អង្គការ តទៅមុខទៀត។

លោកស្រី Gwyneth Cotes បានបញ្ជាក់ថាៈ អង្គការ ហេឡែន ខេលល័រ ជាអង្គការ មនុស្សធ៌ម មិនមែនរដ្ឋាភិបាល ដែលបានកំពុងអនុវត្តកម្មវិធី លើកកម្ពស់សុខភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភ នៅកម្ពុជា ដោយមានកិច្ចសហការ យ៉ាងជិតស្និត ជាមួយក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសុខាភិបាលក្រសួងពាណិជ្ជកម្ម ក្រសួងផែនការ ក្រសួងអប់រំ យុវជន និងកីឡា និងបណ្តាក្រសួង ស្ថាប័ន ពាក់ព័ន្ធមួយចំនួនទៀត។

បច្ចុប្បន្ននេះ អង្គការ ហេឡែន ខេលល័រ កំពុងរៀបចំដំណើរការសាកល្បង គម្រោងលើក កម្ពស់សុខភាព និងអាហារូបត្ថម្ភ ស្ត្រី និងកុមារ នៅតាមបណ្តារោងចក្រ មួយចំនួន តាមរយៈការគាំទ្រថវិកា របស់គម្រោង GIZ-MUSEFO ដើម្បីរួមចំណែកលើកកម្ពស់ សុខភាព ផលិតភាព និងសេដ្ឋកិច្ចកម្ពុជា។

កម្មវិធីនេះ នឹងផ្តោតលើការអប់រំ ដល់បុគ្គលិក កម្មករ កម្មការិនី អំពីសារៈសំខាន់ នៃសុខភាព និងអាហារូបត្ថម្ភ ដូចជា សារៈសំខាន់ នៃអាហារូបត្ថម្ភក្នុងការលើក កម្ពស់សុខភាព និងការពារជំងឺផ្សេងៗ អត្ថប្រយោជន៍

ការបរិភោគអាហារចម្រុះ ដែលមានសារជាតិ ចិញ្ចឹមខ្ពស់ ដើម្បីសុខភាព និងថាមពលមាំមួន ការថែទាំសុខភាព ពេលលំហែមាតុភាព និងក្រោយសម្រាលកូន ការអប់រំ ស្តីពីការចិញ្ចឹមទារក និងកុមារតូច ក្នុងកំឡុងពេលធ្វើការ ដើម្បីឲ្យកូនរបស់ពួកគេ មានសុខភាពល្អ និងក្លាយជាពលរដ្ឋ មានសក្តានុពល ប្រកបដោយ ផលិតភាពខ្ពស់ក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ នាពេលអនាគត។

នៅក្នុងជំនួបនោះដែរ លោករដ្ឋមន្ត្រី លើកឡើងពីការយកចិត្តទុកដាក់គិតគូដល់បងប្អូន កម្មករ និយោជិត ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលកន្លងមក សម្តេចតេជោ នាយករដ្ឋ មន្ត្រី បានចុះទៅឃើញ ស្ថានភាពបែបនេះ តាមបណ្តារោងចក្រហើយ សម្តេចតេជោ បានផ្តល់អនុសាសន៍ ឲ្យមានការរៀបចំ នៅកន្លែងធ្វើការត្រូវមាន អាហារដ្ឋាន កន្លែងបំបៅ ដោះកូន ជាដើម។

មួយវិញទៀត ចំពោះគម្រោងនេះ ក៏ជាការផ្ញើសារមួយ ទៅកាន់ទីផ្សារ បញ្ជាទិញ អន្តរជាតិធំៗ ផងដែរ អំពីកិច្ចគាំពារ លក្ខខណ្ឌការងារ និងសុខដុមនីយកម្ម ទំនាក់ទំនង វិជ្ជាជីវៈ នៅកម្ពុជា។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថាៈ គម្រោងនេះ គឺយើងធ្វើនៅតាមរោងចក្រ មិនមែនអនុវត្ត នៅតាមសហគមន៍ទេ ដូច្នេះនៅទីតាំងរោងចក្រ គឺជាទីកន្លែង អាជីវកម្មមួយ ដែលមានការ គ្រប់គ្រង ពីនិយោជក មានម៉ោងធ្វើការ ច្បាស់លាស់

យើងត្រូវប្រាកដថា មានទំនាក់ទំនង វិជ្ជាជីវៈល្អ ជាមួយអ្នកពាក់ព័ន្ធ ដូច្នេះលោក ស្នើឲ្យមានកិច្ចសហការផ្លូវការ ដោយមាន អនុស្សរណៈ រវាងអង្គការ ជាមួយក្រសួង ដើម្បីមានសកម្មភាព សម្រាប់យកទៅអនុវត្ត និងមានគោលដៅ ច្បាស់លាស់ ទទួលបាននូវលទ្ធផល គាប់ប្រសើរថែមទៀត៕

Copy. rasmeinews