បណ្តាញសង្គម

ការវិភាគ​ដី រុក្ខជាតិ និង​ជី (Soil, Plant and Fertilizer Analysis)

ភ្នំពេញៈការវិភាគដីសម្រាប់ រុក្ខជាតិ និងជីកសិកម្ម គឺជាផ្នែកមួយនៃមន្ទីរពិសោធន៍ជាតិកសិកម្ម (NAL) ដែលស្ថិតនៅក្រោមការ គ្រប់គ្រងផ្ទាល់ដោយអគ្គនាយកដ្ឋានកសិកម្ម។

មន្ទីរពិសោធន៍នេះ បាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាវិភាគគុណភាពដី រុក្ខជាតិ ជី និងទឹកជូនអតិថិជនទូទៅ មានស្ថាប័នរដ្ឋ វិស័យឯកជន សហគមន៍អភិវឌ្ឍន៍កសិកម្ម និងកសិករ។ល។

មុខងារសំខាន់ៗដែលមន្ទីរពិសោធន៍បាននិងកំពុងដំណើរមានដូចជា ៖១. ផ្នែកវិភាគគុណភាពដី ដីកសិកម្មគឺជាធនធានដ៏សំខាន់ក្នុងវិស័យកសិកម្ម វាមានតួនាទីក្នុងការបង្កើនផលិតភាពផលិតកម្មដំណាំ។

មុនធ្វើការដាំដុះដំណាំ កសិករចាំបាច់ត្រូវយកសំណាកដីទៅធ្វើវិភាគជាមុន ដើម្បីកំណត់ឱ្យបានច្បាស់អំពីអត្តសញ្ញាណ គុណភាព និងភាពសមស្រប របស់ដីទៅនឹងប្រភេទដំណាំដែលត្រូវដាំដុះ អត្រាលើស-ខ្វះ និងតម្រូវការនូវសារធាតុចិញ្ចឹមសម្រាប់ការលូតលាស់របស់ដំណាំ ដែលជាព័ត៌មានសំខាន់សម្រាប់អ្នកវិនិយោគលើការដាំដុះដំណាំកសិកម្មទាំងអស់ អាចអនុវត្តបាននូវបច្ចេកទេសដាំដុះសមស្រប ទទួលបានទិន្នផលខ្ពស់ ធានាបាននូវការគ្រប់គ្រង និងប្រើប្រាស់ធនធានដីកសិកម្មប្រកបដោយនិរន្តរភាព។ បច្ចប្បន្ន មន្ទីរពិសោធន៍មានលទ្ធភាពធ្វើការវិភាគរកសារធាតុចិញ្ចឹមរួមមាន៖

• សារធាតុអាសូត

• សារធាតុកាបូន (C) និងសារធាតុសរីរាង្គ

• សារធាតុ ផូស្វ័រ

• សារធាតុ ផូស្វរ័រលាយ (P Available)

• សារធាតុ អាលុយមីញ៉ូមដោះដូរ (Exchange Al)

• សារធាតុ អាស៊ីតដោះដូរ (Exchange Acidity)

• សារធាតុសមត្ថភាពដោះដូរកាចុង CEC

• សារធាតុកាចុងដោះដូរ K , Ca , Mg , Na

• ការវិភាគលើកំហាប់អំបិល (Electrode Conductivity)

• ការវិភាគលើប៉េហាស់ដី (pH)

• ការវិភាគលើលក្ខណ:រូបសាស្ត្ររបស់ដី (Soil Texture)។

២. ផ្នែកវិភាគគុណភាពជីកសិកម្ម ការវិភាគគុណភាពជីកសិកម្ម គឺជាផ្នែកមួយដ៏សំខាន់ដើម្បីកំណត់លក្ខណសមស្របរបស់ ប្រភេទជីនីមួយៗ គុណភាព និងសារធាតុគីមីដែលមានក្នុងជី និងភាពសមស្របរបស់ជីទៅ នឹងដីកសិកម្ម។

ការវិភាគនេះក៏ជួយដល់អ្នកដាំដុះដំណាំ ប្រើប្រាស់ធាតុចូលលើដំណាំបានសម ស្រប ចំគោលដៅ ចំណាយមានប្រសិទ្ធភាព និងទទួលបានទិន្នផលខ្ពស់។

ការវិភាគរុក្ខជាតិមានសារសំខាន់ក្នុងការកំណត់ភាពលើស-ខ្វះនៃសារធាតុគីមី សារធាតុពុល និងសារធាតុផ្សេងៗដែលមានក្នុងរុក្ខជាតិ។

បច្ចុប្បន្ន ផ្នែកវិភាគជីកសិកម្មបានផ្តោតជាសំខាន់លើការវិភាគ N P K និងសារធាតុបន្ទាប់បន្សំផ្សេងៗទៀត ដូចជាកាល់ស្យូម ម៉ាញ៉េស្យូម ដែក ទង់ដែង ស័ង្កសី និងម៉ង់កាណែស ដែលរុក្ខជាតិត្រូវការ។

៣. ផ្នែកវិភាគរុក្ខជាតិ ការវិភាគរុក្ខជាតិធ្វើទ្បើងនៅពេលដែលដំណាំ មានការលូតលាស់យឺត មិនប្រក្រតី ដែលធ្វើឱ្យប៉ះពាល់ដល់ទិន្នផលរបស់ដំណាំ។

ក្នុងន័យកំណត់ឱ្យច្បាស់អំពីមូលហេតុ ដែលបណ្តាលឱ្យដំណាំមានការលូតលាស់មិនប្រក្រតី ចាំបាច់ត្រូវធ្វើការវិភាគ (សរីរាង្គរបស់រុក្ខជាតិ) មានជាអាទិ៍ ស្លឹកដំណាំដែលជាផ្នែកមួយសំខាន់អាចឱ្យយើងដឹងបានពីកម្រិតលើស ឬខ្វះនៃសារធាតុចិញ្ចឹម (N P K) ឬសារធាតុពុលដែលដំណាំមិនត្រូវការ និងមិនសមស្របសម្រាប់ការលូតលាស់ ហើយអាចបង្កគ្រោះថ្នាក់ដល់ការលូតលាស់របស់ដំណាំ។

ក្នុងឆ្នាំ២០២០កន្លងមកនេះ មន្ទីរពិសោធន៍បានចុះយកសំណាក និងធ្វើការវិភាគដី រុក្ខជាតិ និងជីកសិកម្មសរុបបានចំនួន ១ ៣៨២ សំណាក ក្នុងនោះសំណាកដីបានចំនួន ៧៥៥ សំណាកជីបានចំនួន ៦០៩ និងសំណាករុក្ខជាតិបានចំនួន ១៨។

នៅពេលអនាគត មន្ទីរពិសោធន៍នឹងខិតខំ កៀរគរជំនួយឧបត្ថម្ភទាំងសម្ភារ និងថវិកា យកមកពង្រីកសមត្ថភាពបន្ថែមទាំងធនធានមនុស្ស និងឧបករណ៍ សម្ភារមន្ទីរពិសោធន៍ឲ្យកាន់តែទំនើបទាន់សម័យ ឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់អតិថិជន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖

• លោក នៅ រតនា ប្រធានមន្ទីរពិសោធន៍ជាតិកសិកម្ម (NAL) លេខ ០១២ ៤៣៤ ៤៤៨

• លោក ហុក សៀង អនុប្រធានទទួលបន្ទុកផ្នែកពិសោធន៍ដី រុក្ខជាតិ និងជី លេខ ០១១ ៦៦៣ ៣៧៣៕

ដកស្រង់ពី៖ រស្មីកម្ពុជា