បណ្តាញសង្គម

ដំណឹងរីករាយ ! កម្ពុជាទទួលបានសិទ្ធិផលិតវ៉ាក់សាំងចិន ប្រភេទស៊ីណូវ៉ាក់ហើយ

ខេត្តព្រះសីហនុ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ២០២១ នេះបានប្រកាសថា កម្ពុជាទទូលបានសិទ្ធិពីប្រទេសចិន ដើម្បីផលិតវ៉ា់ក់សាំងបង្ការកូវីដ-១៩ ជាផលិតផលចុងក្រោយនៅកម្ពុជា ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលជាច្រើនមានតម្លៃប្រមាណ ៣០០លានដុល្លារអាមេរិក ក្នុងក្រុងព្រះសីហនុ សម្តេចតេជោ បានថា ក្រោមកិច្ចព្រមព្រៀងរវាងក្រុមហ៊ុននៅកម្ពុជា និងក្រុមហ៊ុនចិន និងមានការគាំទ្ររវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ចិន ទីបំផុតកម្ពុជាអាចផលិតវ៉ាក់សាំង ស៊ីណូវ៉ាក់នៅក្នុងទឹកដីប្រទេសកម្ពុជា ហើយ ។

«យើងបានទទួលសិទ្ធិ ដោយចុះហត្ថលេខារវាង ក្រុមហ៊ុន និងក្រុមហ៊ុន និងមានការគាំទ្រពីរដ្ឋាភិបាលប្រទេសនៃប្រទេសទាំងពីរ ។

យើងបានទទួលសិទ្ធិក្នុងការផលិតវ៉ាក់សាំងនៅក្នុងប្រទេសយើងតែម្តង ដែលអាចផ្តល់លទ្ធភាព ឱ្យយើងអាចទិញយកវ៉ាក់សាំង ដែលផលិតជាផលិតផលសម្រេចជាវ៉ាក់សាំងយកមកប្រើប្រាស់ ក្នុងស្រុករបស់យើង និងអាចនាំចេញដោយក្រុមហ៊ុន ទៅក្រៅប្រទេស» ។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ។

ប្រមុខដឹកនាំប្រទេសបានបន្តថា «ព្រោះយើងអត់ដឹងថា ពេលណាត្រូវចប់ទេ បានជាស្វះស្វែង មិនត្រឹមតែដើររកទិញទេ យើងស្នើសុំឱ្យមានការចែករំលែកពីមិត្តចិន ចំពោះការផលិតវ៉ាក់សាំងទៅជាផលិតផលសម្រេច» ខណៈនៅឥណ្ឌូនេស៊ី ក៏ធ្វើការផលិតវ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ និងនៅប្រទេសថៃ ក៏បានសិទិ្ធផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ ប្រភេទ អាស្ត្រាហ្សីនេកា ផងដែរ ។

យ៉ាងណាមិញសម្តេចបន្តអំពាវនាវឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្ននិងការពារខ្លួនពីជំងឺកូវីដ-១៩ បើទោះបីជាអត្រានៃការឆ្លងកូវីដ-១៩ នៅកម្ពុជារកឃើញមានការធ្លាក់ចុះច្រើនជាបន្តបន្ទាប់។

ជាក់ស្តែងកាលពីថ្ងៃទី ១ ខែធ្នូ កម្ពុជា ឃើញករណីថ្មី២៣នាក់ទៀតតាម PCR និងស្លាប់តែ ៥ នាក់តែប៉ុណ្ណោះ ។

ក៏ប៉ុន្តែនៅវៀតណាម និងថៃវិញ អត្រានៃការឆ្លងនិងស្លាប់ហាក់មានចំនួនកើនឡើងវិញ ៕

ដកស្រង់ពី៖ កោះសន្តិភាព