បណ្តាញសង្គម

កម្ពុជានឹងសង់មន្ទីរពេទ្យព្យាបាលកូវីដ-១៩ និងគ្រោងផ្ទេរអ្នកជំងឺចេញពីស្តាតអូឡាំពិក

ខេត្តព្រៃវែង ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានថ្លែង នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២១នេះថា មន្ទីរពេទ្យថ្មីមួយនឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ សម្រាប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយសារកត្តាចាំបាច់ក្នុងការប្រគល់ស្តាតអូឡាំពិក សម្រាប់ការហាត់កីឡាត្រៀមខ្លូនសម្រាប់ការប្រកូតស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។

ថ្លែងចេញពីខេត្តព្រៃវែង ទីកន្លែងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ១១ និង សាងសង់គន្លងផ្លូវថ្មីវាងក្រុងព្រៃវែងនោះ សម្តេចតេជោ បានបញ្ជាក់ថា ទោះបីជាស្ថានភាពកូវីដ-១៩ នៅកម្ពុជាបានធ្លាក់ចុះខ្លាំងគូរឱ្យកត់សម្គាល់ ហើយរាជរដ្ឋាភិបាលសម្រចបើកប្រទេសឡើងវិញទាំងស្រុងក៏ដោយ តែកម្មវិធីសុខាមាលភាពប្រជាពលរដ្ឋនៅតែជាកត្តាចាំបាច់ត្រូវយកចិត្តទុកដាក់ ។

កន្លងមកពេលដែលប្រទេសកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួនច្រើនលើសលប់ រហូតរាជរដ្ឋាភិបាលសម្រេចខ្ចីទីតាំងឯកជនមួយចំនួនសម្រាប់ធ្វើជាមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ដូចជា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ ដឹ ព្រេមៀ សេនធ័រ សែនសុខ ពិភពថ្មី និងស្តាតអូឡាំពិកជាដើម ។

«យើងអាចធ្វើមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ មួយ រូចហើយផ្ទេរអ្នកជំងឺចេញ ប្រគល់ស្តាតដើម្បីរៀបចំការហ្វឹកហាត់បម្រើឱ្យកីឡា និងស៊ីហ្គែម ឆ្នាំ២០២៣ ។ អ៊ីចឹងរង្វង់ចុងឆ្នាំ២០២២ យើងអាចផ្ទេរបាន » ។

នេះជាការបញ្ជាក់របស់សម្តេចតេជោ ។ សម្តេចបន្តថា ដូច្នេះរាជរដ្ឋាភិបាលនឹងត្រូវប្រើលុយមួយចំនួន ដើម្បីទៅធ្វើមន្ទីរពេទ្យ ព្រោះកន្លងមកមានមន្ទីរពេទ្យព្យាបាលច្រើនកន្លែង តែពេលនេះការរៀបចំអាពាហ៍ពិពាហ៍ក៏ត្រូវបានអនុញ្ញាត ខណៈចំនួនអ្នកជំងឺក៏ថយចុះជាលំដាប់ ដូច្នេះរដ្ឋាភិបាលត្រូវប្រគល់ទីតាំងព្យាបាលកូវីដ-១៩ ជាច្រើនទីតាំងឱ្យទៅវិស័យឯកជនវិញ ។

សម្តេចបន្តថា «ប៉ុន្តែយើងនៅជំពាក់ស្តាត អ៊ីចឹងពេលជំពាក់ស្អាត ពេលយើងត្រូវប្រកួតកីឡា តើយើងទៅប្រកួតយ៉ាងម៉េច ? អ៊ីចឹងយើងត្រូវមានមជ្ឈមណ្ឌលមួយទំហំធំ ដែលអាចដាក់មនុស្សបានរាប់ម៉ឺននាក់ ក្នុងការព្យាបាល ។

ហើយផ្នែកសង្គ្រោះបន្ទាន់រាប់រយគ្រែនៅទីនោះ» ។ សម្តេចក៏បានបញ្ជាក់ថា អញ្ចឹងរឿងសាងសង់មន្ទីរពេទ្យថ្មីមួយទៀតសម្រាប់ព្យាបាលអ្នកកើតកូវីដ-១៩ នឹងសង់នៅទឹកដីរាជធានីភ្នំពេញ ដែលមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងធ្វើកិច្ចការងារនេះ ក៏ដូចជាជូនដំណឹងអំពី គម្រោងរៀបចំមន្ទីរពេទ្យ ទៅគណៈកម្មាធិការសម្រាប់ការរៀបចំស៊ីហ្គេមឆ្នាំ ២០២៣ ផង និងគណៈកម្មការធិការអូឡាំពិកផង ក្រសួងអប់រំផង ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថិ ។

«យើងនឹងសង់មន្ទីរពេទ្យមួយថ្មី ដោយបំពាក់ឧបករណ៍សម្ភារៈឱ្យបានគ្រប់គ្រាន់ រួចហើយយើងចាប់ផ្តើមផ្ទេរអ្នកជំងឺ ប្រគល់ស្តាតជូនទៅផ្នែកកីឡាវិញ» ។ សម្តេចតេជោបញ្ជាក់ ។

សូមបញ្ជាក់ថាកម្ពុជារកឃើញអ្នកជំងឺកូវីដ-១៩ ដំបូងបង្អស់លើបុរសជនជាតិចិន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៧ មករា ២០២០ ។

មកដល់បច្ចុប្បន្ន កម្ពុជា មានចំនួនករណីជំងឺកូវីដ-១៩សរុបកើនដល់ ១២០២៧២ នាក់ និងចំនួនជាសះស្បើយសរុបកើន ១១៦៦២៧ នាក់ និង ស្លាប់សរុប ២៩៦៣ នាក់៕

ដកស្រង់ពី៖ កោះសន្តិភាព