បណ្តាញសង្គម

ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានព្រះមហាក្សត្រ យាងប្រោសព្រះរាជទានព្រះភ្លើងថ្វាយបូជារួចរាល់ហើយនាព្រឹកថ្ងៃទី៨ខែធ្នូនេះ

ភ្នំពេញ៖ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិចត្រូវបានបូជាថ្វាយព្រះ ភ្លើងរួចហើយនៅមុខវត្តបទុមវតីនាព្រឹកថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានយាងប្រោសព្រះរាជទានព្រះភ្លើងថ្វាយបូជា ព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ។

សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរព្រះអង្គក៏ យាងចូលរួមផងដែរ ។

នៅក្នុងពិធីថ្វាយព្រះភ្លើងនេះដែរក៏មានវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា,សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាតិឥស្សរជននយោបាយ ជាច្រើនរូបទៀតដើម្បីជាការថ្វាយព្រះដំណើរ សម្តេចក្រុមព្រះជាលើកចុងក្រោយ។

នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ២០២១នេះក៏ជាថ្ងៃដែលរាជរដ្ឋាភិបាលកំណត់ជាថ្ងៃកាន់ព្រះមរណទុក្ខនៅទូទាំងប្រទេសផងដែរដើម្បីជាការថ្វាយនូវព្រះកិត្តិយសថ្វាយព្រះអង្គចំពោះស្នា ព្រះហស្ថផ្សេងដែលព្រះអង្គបានសាងចំពោះជាតិមាតុភូមិ។

ពិធីកាន់ព្រះមរណទុក្ខនេះរាជរដ្ឋាភិបាល បានកំណត់ឱ្យបង្ហូតទង់ ជាតិត្រឹមកណ្តាលដង នៅតាមស្ថាប័នរដ្ឋនិងឯក ជន ហាមឃាត់ស្ថានីយវិទ្យុ ទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយដទៃចាក់កម្មវិធីកម្សាន្តសប្បាយ។ ក្នុងក្លឹបកម្សាន្ត រង្គសាល ខារ៉ាអូខេ ក៏ត្រូវផ្អាកសកម្មភាពផងដែរ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងចូលព្រះទិវង្គតនៅថ្ងៃអាទិត្យ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៩៖៤០ ព្រឹកនៅប្រទេសបារាំងត្រូវនឹងម៉ោង ៣៖៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជាក្នុងព្រះជន្មាយុ ៧៧ ព្រះវស្សាដោយព្រះរោគាពាធ ។

ព្រះសពព្រះអង្គបានយាងពី ប្រទេសបារាំងមកកាន់ប្រទេសកម្ពុជានៅវេលាថ្ងៃត្រង់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។

សម្តេចក្រុមព្រះ ទ្រង់ព្រះប្រសូតនៅថ្ងៃទី០២ខែមករាឆ្នាំ១៩៤៤។ជាបុត្រារបស់សម្តេច នរោត្តម សីហនុ និងអ្នកម្នាង ផាត់ កាញ៉ុល ដែលជានាថការីក្នុងព្រះបរមរាជវាំង។

សម្តេច ក្រុមព្រះមានព្រះរាជបុត្រាព្រះរាជបុត្រី ៥ ព្រះអង្គក្នុងនោះព្រះបុត្រា៤អង្គនិងព្រះបុត្រីមួយអង្គរួមមាន៖ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ,ព្រះអង្គម្ចាស់ នរោត្តម សីហឫទ្ធិ, ព្រះអង្គ ម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី ,ព្រះអង្គម្ចាស់ នរោត្តម សុធាឫទ្ធិ និង ព្រះអង្គម្ចាស់ នរោត្តម រណវង្ស ៕

ដកស្រង់ពី៖ រស្មីកម្ពុជា