បណ្តាញសង្គម

ការសាងសង់​ចំណត​ផែ​កុងតឺន័រ​ថ្មី​-​ជំហាន​ទី​២ គ្រោង​បញ្ចប់ នៅ​ឆ្នាំ​២០២៨ និង​ជំហាន​ទី​៣ គ្រោង​បញ្ចប់ នៅ​ឆ្នាំ​២០៣០

ភ្នំពេញ៖ ការសាងសង់ចំណត ផែកុងតឺន័រថ្មី-ជំហានទី២ គ្រោង បញ្ចប់ នៅឆ្នាំ២០២៨ ដោយឡែក ជំហានទី៣ គ្រោងបញ្ចប់ នៅឆ្នាំ២០៣០។

ការសាងសង់នេះ គឺ ដើម្បីបំពេញតម្រូវការជាក់ស្តែង នៃការកើនឡើង បរិមាណ កុងតឺន័រ ឆ្លងកាត់កំពង់ផែនេះ ជាមួយនឹងការព្យាករណ៍ កំណើនផលិតផលក្នុង ស្រុកសរុប (GDP) របស់កម្ពុជាផងដែរ។

នេះបើតាមការឱ្យដឹងរបស់លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្នុងឱកាសជំនួប ជាមួយលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

លោកប្រតិភូរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថាៈ គម្រោងសាងសង់ចំណត ផែកុងតឺន័រថ្មី -ជំហានទី២ និងជំហានទី៣ គឺដើម្បីធានាដល់ ការចូលចតនាវា កុងតឺន័រខ្នាតធំៗ ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងឆ្លើយតបទៅនឹងការកើនឡើង នៃបរិមាណកុងតឺន័រ ឆ្លងកាត់កំពង់ផែមួយនេះ ក្នុងពេលបច្ចុប្បន្ន និងអនាគត។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានដាក់ចេញ ផែនការអភិវឌ្ឍ រយៈពេលវែង ក្រោយឆ្នាំ ២០៣០ ដើម្បីពង្រឹង និងពង្រីកសមត្ថភាព នៃការផ្តល់សេវា ជូនអតិថិជន ក្នុងនោះរួមមាន គម្រោងកសាងចំណត កុងតឺន័រទី៤

ប្រវែង ១.៣០០ ម៉ែត្រ គុណនឹង ៥៥០ ម៉ែត្រ ចំណតកុងតឺន័រទី៣ ប្រវែង ១.០៥០ ម៉ែត្រ គុណនឹង ៥៥០ ម៉ែត្រ ចំណត កុងតឺន័រថភ្លើង ប្រវែង ២៥០ ម៉ែត្រ គុណនឹង ១.៧០០ ម៉ែត្រ អភិវឌ្ឍតំបន់រដ្ឋបាល និងសេដ្ឋកិច្ច ៥៤ ហិកតា និងតំបន់គយត្រួតពិនិត្យទំនិញ ប្រវែង ៦៥០ ម៉ែត្រ គុណនឹង ២០០ ម៉ែត្រ។

ដោយឡែក ផែនការអភិវឌ្ឍរយៈពេលខ្លី ឆ្នាំ២០១៧-២០២៥ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ មានផែនការអភិវឌ្ឍកំពង់ផែទឹកជ្រៅ ចំណតកុងតឺន័រ ជម្រៅ ១៤,៥ ម៉ែត្រ ក្នុងនោះ៖ គម្រោងកសាងកំពង់ផែ ទឹកជ្រៅ ចំណតកុងតឺន័រ ជំហានទីមួយ ប្រវែង ៣៥០ ម៉ែត្រ ជំហានទីពីរ ប្រវែង ៣០០ ម៉ែត្រ និងជំហានទីបី ប្រវែង ៣០០ ម៉ែត្រផងដែរ។

គួរកត់សម្គាល់ផងដែរថា បច្ចុប្បន្ន ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងរៀបចំ បង្កើត ប្រព័ន្ធកំពង់ផែ Port EDI (Electronic Data Interchange) ដែលនឹងជួយសម្រួល ដល់នីតិវិធីផ្លូវការ នៃនាវាចេញចូល កំពង់ផែកម្ពុជា

ក្នុងគោលបំណង ពន្លឿននីតិវិធី និងកាត់បន្ថយថ្លៃដើម ដឹកជញ្ជូនទំនិញ តាមផ្លូវសមុទ្រ ការស្តុកទំនិញ និងអាច ឆ្លើយតប ទៅនឹងកំណើនវិនិយោគ ពីបរទេស ជាពិសេសសំដៅធ្វើឱ្យកម្ពុជា ក្លាយជាទីតាំងយុទ្ធសាស្ត្រ មួយ ប្រកបដោយការប្រកួតប្រជែង នៅតំបន់អាស៊ី ទាក់ទងនឹងវិស័យភស្តុភារកម្ម និងការដឹកជញ្ជូន។

រដ្ឋាភិបាលកម្ពុជា បានកំណត់យកកំពង់ផែ ជាទិសដៅនៃ តំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារ បណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ទាំងមូល ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ សកម្មភាពដឹកជញ្ជូន តាមផ្លូវទឹករបស់កម្ពុជា មានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញ នៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាព យ៉ាងមមាញឹក ជាមួយនឹងបទ ពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់ របស់កំពង់ផែ។

កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងជាតិ មាតុភូមិ ជាកំពង់ ផែទឹកជ្រៅ តែមួយគត់របស់កម្ពុជា និងជាដង្ហើមសេដ្ឋកិច្ច ដ៏សំខាន់បំផុត បានជំរុញកំណើន សេដ្ឋកិច្ចជាតិ ឱ្យឆ្ពោះទៅមុខ មានទីតាំងអំណោយផល ឋិតនៅក្នុងតំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ដែលជាទីតាំងល្អបំផុត និងធានាបាន នូវរបាំងដ៏រឹងមាំ ក្នុងការការពារពី គ្រោះធម្មជាតិ។

បរិមាណទំនិញឆ្លងកាត់ឧបករណ៍ លើកដាក់ (Crane) នៅក្នុងកំពង់ផែនេះ មានការកើនឡើង គួរឱ្យកត់សម្គាល់ ពីមួយឆ្នាំ ទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជា ប្រាក់ចំណូលរបស់ជាតិ មានការកើតឡើង ជាលំដាប់ផងដែរ។

សូមបញ្ជាក់ថា ការសិក្សាគម្រោងការសាងសង់ ចំណតផែកុងតឺន័រថ្មី ជំហានទី២ និងជំហានទី៣ នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្នុងកញ្ចប់តែមួយ ដែលរាយ ការណ៍ ដោយលោកប្រតិភូរាជរដ្ឋាភិបាល លូ គឹមឈន់ ត្រូវបានទទួលបានការ គាំទ្រពីលោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី បានគាំទ្រឱ្យគម្រោងទាំងពីរនេះ អនុវត្តជាពីរជំហានដោយប្រើ ប្រាស់ កញ្ចប់ថវិកាតែមួយ ទីប្រឹក្សាសិក្សាគូរប្លង់ និងត្រួតពិនិត្យគម្រោងតែមួយ និងក្រុមហ៊ុនសាងសង់ អាចមានពីរក្រុមហ៊ុន ដើម្បីឱ្យការសាងសង់នេះប្រព្រឹត្តទៅ បានលឿនទាន់ពេល ទាក់ទាញ វិនិយោគិនបន្ថែម និងចូលរួមចំណែកក្នុងការធ្វើឱ្យ ប្រសើរឡើង នូវការដឹកជញ្ជូន តាមផ្លូវសមុទ្រ ក៏ដូចជា ដើម្បីជំរុញ និងលើកកម្ពស់ កំណើន សេដ្ឋកិច្ចជាតិ ក្រោយវិបត្តិ ជំងឺកូវីដ-១៩ ផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីក្រោមឱវាទ សហការជា មួយបណ្តាញ ផ្សព្វផ្សាយព័ត៌មាន ដើម្បីជំរុញការផ្សព្វផ្សាយ អំពីសមិទ្ធ ផលសម្រេចបាន សំខាន់ៗ ទាក់ទងនឹងការអភិវឌ្ឍកំពង់ផែ នៅកម្ពុជា ក្រោមជំនួយ របស់ជប៉ុន និងដៃគូអភវឌ្ឍន៍ ផ្សេងៗទៀត

ដើម្បីឱ្យពិភពលោក បានដឹងជ្រួតជ្រាប ជៀសវាងកុំឱ្យគេចោទប្រកាន់ រាជរដ្ឋាភិបាលកម្ពុជាថា កម្ពុជាទទួលយកតែជំនួយ ពីប្រទេសចិន ដើម្បីកសាងហេដ្ឋា រចនាសម្ព័ន្ធ គ្រប់បែបយ៉ាងរបស់ខ្លួន។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរ អំពីកត្តាសុខសន្តិភាព និងស្ថិរភាព នយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

កម្ពុជា ត្រូវបានគេចាត់ទុកជាប្រទេស ដែលមាន កំណើនសេដ្ឋកិច្ច រីកចម្រើន ឆាប់រហ័ស នៅក្នុងតំបន់អាស៊ាន៕

ដកស្រង់ពី៖ រស្មីកម្ពុជា