បណ្តាញសង្គម

អ្នកនាំពាក្យចិន : អាម៉េរិកគំរាមកំហែងដាក់សម្ពាធ និងការដាក់ទណ្ឌកម្មមកលើកម្ពុជា គឺជាទង្វើដែលប្រើអំណាចគាបសង្កត់លើអ្នកដទៃនិងល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ

ភ្នំពេញ : ក្នុងសន្និសីទកាសែតអ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន(Wang Wenbin )បាននិយាយថា ថ្មីៗនេះ អាម៉េរិកបន្តបង្ខូចឈ្មោះនិងលាបពណ៌លើទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងចិននិងកម្ពុជា គំរាមកំហែង ដាក់សម្ពាធ និងការដាក់ទណ្ឌកម្មមកលើកម្ពុជា។

នេះគឺជាទង្វើដែលប្រើអំណាចគាបសង្កត់លើអ្នកដទៃយ៉ាងពិតប្រាកដនិងច្បាស់លាស់ ។នេះបានល្មើសនឹងក្រមប្រតិបត្តិមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិផងដែរ។

ភាគីចិនប្រឆាំងជាដាច់ខាតចំពោះទង្វើបែបនេះ។ នេះបើយោងតាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតចិនប្រចាំកម្ពុជានៅយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។

ប្រភពដដែលបានបន្តថា ចិននិងកម្ពុជា គឺជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្ រុងជ្រោយ ។ជាមិត្តដែកថែបនិងជាសហគមន៍វាសនារួម។

ចំណងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរឆ្លងកាត់ការសាកល្បងតាមគ្រប់រូបភាព ធ្វើឱ្យកាន់តែរឹងមាំមិនអាចបំបែកបាន។

គំនិតអាក្រក់ប៉ុនប៉ងរបស់អាម៉េរិកលើទំនាក់ទំនងចិននិងកម្ពុជានឹងទទួលបរាជ័យ។ ភាគីចិនគាំទ្រកម្ពុជាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិនិងសេចក្តីថ្លៃថ្នូរនៃជាតិ នឹងគាំទ្រឈរជាមួយប្រជាជនកម្ពុជាជារៀងរហូត។

គួររំលឹកថានៅថ្ងៃទី៩ខែធ្នូ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ក្រសួងការបរទេសចិន មានការលើកឡើងយ៉ាងដូច្នេះថានៅថ្ងៃទី៨ ក្រសួងពាណិជ្ជកម្មអាម៉េរិកបានប្រកាសថាអាមេរិកនឹងបន្ថែមវិធានការកំណត់ថ្មីលើការនាំចេញនិងនាំចេញឡើងវិញនូវប្រភេទទំនិញរសើបរបស់ខ្លួនមកកាន់កម្ពុជា

និងព្រមទាំងមានការហាមឃាត់លក់អាវុធនិងសម្ភារយោធាដល់កម្ពុជា ដោយក្រោមហេតុផលថាមានអំពើរំលោភបំពានសិទ្ធិមនុស្ស អំពើពុករលួយ និងការអនុញ្ញាតបង្កើនវត្តមានយោធាចិនក្នុងប្រទេសកម្ពុជា។

តើភាគីចិនមានយោបល់យ៉ាងដូចម្ដេចចំពោះការលើកឡើងបែបនេះ?។ អ្នកនាំពាក្យក៏បានបញ្ជាក់ដូចខ្លឹមសារខាងលើ៕

ដកស្រង់ពី៖ រស្មីកម្ពុជា