បណ្តាញសង្គម

និយ័តករទូរគមនាគមន៍កម្ពុជា បិទគេហទំព័រចំនួន៩ ដែលបង្ហោះរូបភាព និងវីដេអូអាសអាភាស

(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ បានចាត់វិធានការបិទខ្ទប់គេហទំព័រ និងយូអអិល ចំនួន៩ បន្ទាប់ពីរកឃើញថា គេហទំព័រ និងយូអអិលទាំងនេះ មានបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារ តាមប្រព័ន្ធអនឡាញ នៅក្នុងប្រទេសកម្ពុជា។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងកិច្ចសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារនិយ័តករទូរគមនាគមន៍កម្ពុជា បានចាត់វិធានការបិទខ្ទប់គេហទំព័រ និងយូអអិល ចំនួន៩ (ដូចមានភ្ជាប់ជូន) បន្ទាប់ពីរកឃើញថា គេហទំព័រនិងយូអអិលទាំងនេះ បានបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារ តាមប្រព័ន្ធអនឡាញ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តសហការជាមួយក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រ និងយូអអិល ដែលបង្ហោះរូបភាព

និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ ដែលសកម្មភាពនេះ បានជំរុញ និងបង្កឲ្យកើតមានអាជីវកម្មពេស្យាកម្ម និងការជួញដូរមនុស្ស ដែលបង្កនូវការឈឺចាប់ទាំងផ្លូវកាយ និងផ្លូវចិត្តដល់ជនរងគ្រោះ ព្រមទាំងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីថ្លៃថ្នូរ របស់ប្រទេសជាតិ។

ជាមួយគ្នានេះដែរ និយ័តករទូរគមនាគមន៍កម្ពុជា សូមអំពាវនាវដល់សាធារណជន ឲ្យចូលរួមរាយការណ៍ជូន និយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬតាមបណ្តាញសង្គម Facebook:

«និយ័តករទូរគមនាគមន៍កម្ពុជា-Telecommunication Regulator of Cambodia» នូវគេហទំព័រ និងយូអអិលណាមួយ ដែលបានបង្ហោះរូបភាព និងវីដេអូអាសអាភាសកុមារតាមប្រព័ន្ធអនឡាញ។

និយ័តករទូរគមនាគមន៍កម្ពុជា នឹងរក្សាការសម្ងាត់ជូន៕ ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់និយ័តករទូរគមនាគមន៍កម្ពុជា៖

ដកស្រង់ពី៖ Fresh News