បណ្តាញសង្គម

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាចូលរួមអបអរសាទរខួប ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)

ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០២១នេះបានចូលរួមអបអរសាទរ ខួប៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖« នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះជាខួប៦៦ឆ្នាំហើយដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១) ។

អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិ ដែលធំជាងគេបំផុតក្នុងពិ ភពលោកត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ (១៩៣៩- ១៩៤៥)»។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា៖«គោលបំណង UN គឺការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិលើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិអភិវឌ្ឍ ផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។

កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សា សន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង១០ឆ្នាំកន្លងទៅនេះកម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួក ខៀវ

ទៅក្រៅប្រទេសជាច្រើននាក់ផងដែរក្នុងនោះកងទ័ពជាស្ត្រីទាំងទ័ពបុរសទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិក កណ្តាល ស៊ីរី សាយប្រឹស ម៉ាលី។ល។

កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញផ្នែក វិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយកាលពីពេលថ្មីៗនេះកម្ពុជាបានជាប់ជាប្រទេសនាំមុខ គេដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួក ខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ» ៕

ដកស្រង់ពិ៖ រស្មីកម្ពុជា