បណ្តាញសង្គម

សម្តេចតេជោ ៖ កម្ពុជាជាប់ជាប្រទេសនាំមុខគេផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវចូលរួមបេសកកម្មក្រោមឆ័ត្រUN

រាជធានីភ្នំពេញ ៖ សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កម្ពុជាបានជាប់ជាប្រទេសនាំមុខគេ ដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវ ទៅចូលរួមបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាព ស្ថេរភាពសង្គម ។

ការបញ្ជាក់របស់ សម្តេចតេជោ ខណៈសម្តេចអបអរសាទរខួប ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ គឺជាខួប៦៦ឆ្នាំហើយដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១) ។

សម្តេចបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២១យ៉ាងដូច្នេះថា អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោកត្រូវបានបង្កើតឡើងតាំង ពីថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩៤៥ ក្រោយសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់ (១៩៣៩-១៩៤៥)។

សម្តេចបានលើកឡើងថា គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិលើកស្ទួយសហប្រតិបត្តិការអន្តរជាតិ ក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក ។

សម្តេចបានបញ្ជាក់ថា ៖«កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវទៅក្រៅប្រទេសជាច្រើននាក់ផងដែរក្នុងនោះកងទ័ពជាស្ត្រីទាំងទ័ពបុរសទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៊ីរី សាយប្រឹស ម៉ាលី។ល»។

សម្តេចលើកឡើងទៀតថា កងកម្លាំងទ័ពមួកខៀវកម្ពុជាជាកម្លាំងជំនាញផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត២ កម្លាំងបោសសម្អាតមីន កម្លាំងអាវុធហត្ថ និងកម្លាំងកម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ

ហើយកាលពីពេលថ្មីៗនេះ កម្ពុជាបានជាប់ជាប្រទេសនាំមុខគេ ដែលផ្តល់ឱកាសឲ្យនារីកងទ័ពមួកខៀវទៅចូលរួមបេសកកម្មជាលក្ខណៈអន្តរជាតិក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ៕

ដកស្រង់ពី៖ កោះសន្តិភាព