បណ្តាញសង្គម

មន្ត្រីជាន់ខ្ពស់​ប៉ូ​លិ​ស​ថៃ​អះអាង មិន​ឱ្យ​ក្រុមប្រឆាំង​យក​ទឹកដី​ថៃ​ធ្វើ​សកម្មភាព​នយោបាយ​ប្រឆាំង​កម្ពុជា

រាជធានីភ្នំពេញ ៖ នៅក្នុងជំនួបពិភាក្សាការងារជាមួយទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លោកបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុតមេត្តា អគ្គស្នងការរងប៉ូលិសជាតិប្រទេសថៃ បានថ្លែងអះអាងថា ថៃនឹងមិនឲ្យក្រុមប្រឆាំងយកទឹកដីថៃធ្វើសកម្មភាពនយោបាយប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាទ្បើយ។

លោកឧត្តមសេនីយឯកវីរៈឆ័យ ស៊ុតមេត្តា អគ្គស្នងការរងប៉ូលីសជាតិថៃ បានបញ្ជាក់ថា គោលនយោបាយរាជរដ្ឋាភិបាលប្រទេសថៃ ក៏ដូចជាស្ថាប័នប៉ូលិសថៃ ដាច់ខាតមិនឲ្យក្រុមប្រឆាំងយកទឹកដីថៃធ្វើជាទីតាំងធ្វើសកម្មភាពនយោបាយប្រឆាំងនឹងរដ្ឋាភិបាលប្រទេសណាមួយនោះទ្បើយ។

លោកបន្តថា សមត្ថកិច្ចប៉ូលិសថៃគ្រប់លំដាប់ថ្នាក់នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយសមត្ថកិច្ចប៉ូលិសកម្ពុជា ក្នុងការបង្ក្រាបបទល្មើសច្បាប់តាមជាយដែនឲ្យកាន់តែមានប្រសិទ្ធភាព។សូមជម្រាបថា

ការអះអាងរបស់លោកឧត្តមសេនីយ៍ឯកវរៈឆ័យ ស៊ុតមេត្តា ខាងលើនេះ បន្ទាប់ពីលោកបណ្ឌិត សុខ សុក្រិត្យា ទីប្រឹក្សាសម្តេចតេជោ បានលើកទ្បើងនូវការស្នើឲ្យភាគីថៃបន្តជម្រុញកិច្ចសហប្រតិបត្តិការល្អក្នុងកិច្ចការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស

និងការទប់ស្កាត់ក្រុមប្រឆាំងដែលប្រើប្រាស់បណ្តាញសង្គមពីប្រទេសថៃដើម្បីវាយប្រហារមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មជួញដូរគ្រឿង.ញៀនតាមព្រំដែនកម្ពុជា-ថៃ។

នាឱកាសជំនួបពិភាក្សានោះដែរ លោកបណ្ឌិត សុខ សុក្រឹត្យា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ និងប៉ូលិសថៃ ដែលបានរួមសហការក្នុងការចាប់ក្រុមឧក្រិដ្ឋកម្មបរទេសដែលបានយកទឹកដីកម្ពុជា បោកបញ្ឆោតយុវជនថៃ ស្ត្រីថៃតាមរយៈមណ្ឌលផ្តល់ព័ត៌មានទូរស័ព្ទ (CALL CENTER) និងជាពិសេសថែមទាំងបានលួចចាប់ពង្រត់ស្ត្រីថៃ ដើម្បីជំរិតទារប្រាក់ក្នុងម្នាក់ៗ ២០០០០-៣០០០០បាត ដែលរឿងនេះកម្ពុជា ពុំមានទាក់ទិនសោះនោះឡើយ។

លោកបណ្ឌិតក៏បានថ្លែងអំណរគុណផងដែរ ដល់ប៉ូលិសថៃដែលបានធ្វើការបង្ក្រាបជាបន្តបន្ទាប់ ក្រុមមេខ្យល់ក្នុងការនាំពលករខុសច្បាប់ចូលប្រទេសថៃ និងកិច្ចសហការល្អរបស់ប៉ូលិសថៃ ដែលកន្លងមកបានដោះស្រាយ និងបញ្ចប់ឧក្រិដ្ឋកម្មឆ្លងដែនបានយ៉ាងល្អប្រសើរ។

ត្រង់ចំណុចទាំងនេះ បានពិសោធន៍ឱ្យឃើញ និងបានបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាមិនមានពាក់ព័ន្ធ ហើយនឹងមិនធា្លប់គាំទ្រដល់ការជួញដូរមនុស្ស ឬជួញដូរកម្លាំងពលកម្មខុសច្បាប់នោះឡើយ។

លោកបន្តថា ដោយផ្តើមពីមូលហេតុនេះហើយ បានជាមានការចូលរួមកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាលប្រទេសទាំងពីរ និងមានការចូលរួមបើកច្រកព្រំដែនរវាងប្រទេសទាំងពីរឱ្យច្រើនឡើងបន្ថែមទៀត ដើម្បីជំរុញលើកស្ទួយវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលធ្វើឲ្យវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានអត្រាកើនឡើងដល់១៤-១៦ភាគរយជារៀងរាល់ឆ្នាំ។

ចំណែក ឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុតមេត្តា អគ្គស្នងការរងប៉ូលីសជាតិថៃ ក៏បានថ្លែងឱ្យដឹងដែរថា ពលករបរទេស ស្ថិតនៅក្នុងតំបន់ភាគខាងកើតសុទ្ធសឹងជាពលករកម្ពុជាទាំងអស់។លោកថា ពួកគេបានចូលមកជួយជាកម្លាំងលើវិស័យកសិកម្មដូចជាដាំអំពៅ និងការប្រមូលផលកសិកម្មតាមរដូវកាល។

ប៉ុន្តែអ្វីដែលលោកចង់ឃើញនោះ គឺការដែលមានមជ្ឈមណ្ឌលបម្រើបែប One Stop Service ក្នុងការផ្តល់លិខិតអនុញ្ញាត្តិដល់ការធ្វើការងាររបស់ពលរដ្ឋកម្ពុជា ដែលក្នុងនោះគួរមាននៅកោះកុង ប៉ោយប៉ែត ដែលលោកធ្លាប់បានរៀបចំមកហើយក្នុងសម័យដែលលោកបានបំពេញតួនាទី និងទទួលខុសត្រូវក្នុងតំបន់ទាំងនោះនាពេលកន្លងមក។

យ៉ាងណាក៏ដោយ លោកបណ្ឌិត សុខ សុក្រឹត្យា បានសម្តែងនូវការយល់ស្របក្នុងការផ្តួចផ្តើមអោយមាន One Stop Service តាមបណ្តាខេត្តជាប់ព្រំដែន និងបានថែ្លងបញ្ជាក់ពីការយកចិត្តដាក់របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការរៀបចំផ្តល់ភាពងាយស្រួលដល់ពលករខែ្មរចំណាកស្រុកតាមប្រព័ន្ធឌីជីថល (Mobile Safety App)។

ទន្ទឹមនឹងនោះ លោកបណ្ឌិតក៏បានជម្រាបជូនឧត្តមសេនីយ៍ឯក វីរៈឆ័យ ស៊ុតមេត្តា អំពីការប្រកាសរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ស្តីពីការបើកដំណើរការប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីចាប់តាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១

និងការប្រកាសបើកទទួលភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមិនតម្រូវឱ្យចត្តាឡីស័កឡើយ។

លោកបណ្ឌិតបញ្ជាក់ថា ការបើកឡើងវិញនេះ គឺដោយយោងទៅលើភាពជោគជ័យនៃការគ្រប់គ្រងបានយ៉ាងល្អចំពោះស្ថានការណ៍នៃជំងឺកូវីដ-១៩ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានជំរុញយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងដល់ប្រជាពលរដ្ឋខ្មែរសម្រេចបានជាង១៤លាននាក់ នៃប្រជាជនគោលដៅ១៦លាននាក់។

គួរបញ្ជាក់ថា ការជួបពិភាក្សាការងារលើកនេះ ចាត់ទុកថា ជាទំនាក់ទំនងដ៏ល្អ និងជាការអះអាងរវាងភាគីទាំងពីរដែលបានរួមកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ

និងកាន់តែខ្លាំងក្លាឡើង និងជួយសហការគ្នាក្នុងការបង្ក្រាបក្រុមប្រព្រឹត្តិល្មើសច្បាប់តាមជាយដែនរវាងប្រទេសទាំងពីរគឹកម្ពុជា-ថៃ ៕

ដកស្រង់ពី៖ កោះសន្តិភាព