បណ្តាញសង្គម

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រកាសប្រារព្ធពិធីរំលឹកគុណអង្គរក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ

(ភ្នំពេញ)៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រកាសដល់មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេសថា ចាប់ពីឆ្នាំ២០២១នេះតទៅ កម្ពុជានឹងប្រារព្ធពិធី «រំលឹកគុណអង្គរ» ក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ។

ការប្រកាសរបស់ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ធ្វើឡើងក្នុងឱកាសចូលរួមពិធីបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ ដែលបានរៀបចំឡើងនៅមុខស្ពានហាលអង្គរវត្ត ខេត្តសៀមរាប នាព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

នាឱកាសនោះ លោកស្រី ម៉ែន សំអន បានថ្លែងយ៉ាងដូច្នេះថា «ពិធីរំលឹកគុណអង្គរនេះនឹងត្រូវប្រារព្ធឡើងក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ»។

លោកស្រីបានលើកឡើងថា ព្រឹត្តិការណ៍នេះពិតជាបានរំលឹក និងដាស់តឿនប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ន និងអនាគតឲ្យចងចាំ និងប្តេជ្ញាចិត្តត្រូវចេះថែរក្សាការពារតំបន់អង្គរទាំងមូល ដើម្បីជាការតបស្នងសងគុណ ជូនដល់បុព្វការីជន ព្រះមហាក្សត្រគ្រប់ព្រះអង្គ ឥស្សរជនជាតិ អ្នកជំនាញការជាតិ និងអន្តរជាតិ

ព្រមទាំងជនរួមជាតិគ្រប់ជំនាន់ ដែលបានលះបង់ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាព និងមហាអស្ចារ្យដែលមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ននេះ។

លោកស្រីបានលើកឡើងទៀតថា ការរៀបចំកម្មវិធីនេះប្រពឹត្តទៅបាន គឺក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសមានសុខសន្តិភាព និងឆ្ពោះទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យ។ ម្យ៉ាងទៀត នៅក្នុងឆ្នាំនេះគឺជាការអបអរសាទរនៃពិធីរំលឹកខួបគម្រប់២៩ឆ្នាំនៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ។

លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានលើកឡើងថា ពិធីបុណ្យ

«រំលឹកគុណអង្គរ» ប្រារព្ធឡើងក្នុងគោលបំណងសំខាន់គឺដើម្បីអបអរសាទរការចុះរមណីយដ្ឋានអង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជាដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌ សិល្បៈ និងវប្បធ៌មជាច្រើនទៀត ជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជា នាពេលកន្លងមក បច្ចុប្បន្ន នឹងទៅអនាគត។

លោកស្រី ភឿង សកុណា បានបន្តថា ពិធីនេះនឹងនាំឱ្យប្រជាជនទាំងអស់គ្នាចងចាំថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានកាតព្វកិច្ចក្នុងការចូលរួមអភិរក្ស និងការពារអង្គរ នាពេលបច្ចុប្បន្ននេះ ឬអនាគត ដែលមិនត្រឹមតែជារតនសម្បត្តិនៃបេតិកភណ្ឌជាតិប៉ុណ្ណោះទេ ក៏ព្រោះតែអង្គរគឺជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូលផងដែរ។

លោកស្រីរដ្ឋមន្ត្រីបានបន្ថែមថា អត្ថន័យសំខាន់ផ្សេងទៀតរបស់ព្រឹត្តិការណ៍នេះ ក្រៅពីក្នុងគោលដៅលើកស្ទួយពាក្យស្លោក «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ» ក៏ដើម្បីបង្ហាញមោទកភាពជាតិ ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្ដយូរលង់ណាស់មកហើយ ជាពិសេសគឺការនឹងបង្កើតឱ្យមានយន្តការនៃការរំលឹកគុណអង្គរប្រចាំឆ្នាំ ចាប់ពីឆ្នាំ២០២២ខាងមុខនេះ

ក្នុងទិសដៅរួមចំណែកជាមួយផែនការមេវិស័យទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ បំផុសឱ្យទេសចរ១នាក់ ចូលទស្សនាអង្គរយ៉ាងហោច១ដងក្នុង១ឆ្នាំ ពោលគឺមកទស្សនាហើយចង់មកទស្សនាទៀត។ សូមជម្រាបថា

ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះនឹងមានការបង្ហាញនូវពិធីសាសនា ការសម្ដែងសិល្បៈនានា ល្ខោនស្បែកធំ ដោយក្រុមសិល្បៈវត្តរាជបូណ៌ ដោយមានការឧបត្ថម្ភគាំទ្រដោយព្រះមហាវិមលធម្មសិរិសុវណ្ណោ ពិន សែម ព្រះគ្រូចៅអធិការវត្តរាជបូណ៌ ស្ដង់ពិព័រណ៍សមិទ្ធផលការងារ សកម្មភាពជាដើម។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំនួន៤០លាន និងថវិការបស់រដ្ឋបាលខេត្តសៀមរាបចំនួន៥លានរៀល សរុបចំនួន៤៥លាន ប្រគល់ជូនសម្រាប់ចាត់ចែងក្នុងកម្មវិធីរំលកគុណអង្គរនេះ៕

ដកស្រង់ពី៖ Fresh News