បណ្តាញសង្គម

គណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងវិសោធនកម្មសហគ្រាសពាណិជ្ជកម្ម និងច្បាប់វិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម

រាជធានីភ្នំពេញ ៖ គណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គម ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុម័តទាំងស្រុងលើ«សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម»។

នេះបើតាមអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី ។លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានសរសេរលើបណ្តាញសង្គម នៅថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២១ថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម

និងសេចក្តីព្រាងស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម ច្បាប់ទាំងពីរនេះត្រូវបានអនុវត្តដោយរលូនអស់រយៈកាលជាច្រើនឆ្នាំកន្លងមកហើយ ប៉ុន្តែមានមាត្រាមួយចំនួនក្នុងច្បាប់ទាំងពីរនេះមិនដែលបានអនុវត្ត និងដើរមិនទាន់ល្បឿននៃការកែទម្រង់របស់រាជរដ្ឋាភិបាលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ និងបរិយាកាសនៃការធ្វើធុរកិច្ចក្នុងតំបន់ និងជាសាកល ។

ជាក់ស្តែងការផ្តល់សេវាសាធារណៈ នាពេលបច្ចុប្បន្ន គឺត្រូវបានធ្វើ ឡើងតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលព័ត៌មានឯកសារភ្ជាប់ និងលក្ខខណ្ឌតម្រូវសម្រាប់ការបង្កើត និងការចុះបញ្ជីសហគ្រាស-ក្រុមហ៊ុនក៏ត្រូវបានកាត់បន្ថយជាអតិបរមាផងដែរ ។

លោកថា ទោះបីជាយ៉ាងណាក៏ដោយ នីតិវិធីមួយចំនួនដែលលែងជា លក្ខខណ្ឌតម្រូវក្នុងការអនុវត្តជាក់ស្តែង នៅមានចែងក្នុងច្បាប់ទាំងពីរនេះជាធរមាននៅឡើយ ។

ទន្ទឹមនឹងនេះដែរ មានមាត្រាមួយចំនួនមិនមានសង្គតិភាព តម្លាភាព ជាមួយនឹងច្បាប់ និងកាតព្វកិច្ចដទៃទៀតនៅក្រោមអនុសញ្ញាសន្ធិសញ្ញា ឬកិច្ចព្រមព្រៀងអន្តរជាតិដែលកម្ពុជា ជាភាគីហត្ថលេខី។

អ្នកនាំពាក្យបានសរសេទៀតថាដើម្បីចូលរួមចំណែកក្នុងការបន្តកំណែទម្រង់របស់រាជរដ្ឋាភិបាលលើកកម្ពស់ភាពងាយស្រួលនៃការធ្វើធុរកិច្ចនៅកម្ពុជា ធ្វើឱ្យមានសង្គតិភាព និងសុខដុមនីយកម្មរវាងលិខិតបទដ្ឋានគតិយុត្ត និងស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិ នៃជំងឺកូវដ-១៩ បានរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្មនិងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម តាមនីតិវិធីច្បាប់ជាធរមាន ។

លោកថា សារៈប្រយោជន៍នៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម គឺ១.លើកកម្ពស់ភាពងាយស្រួលនៃការធ្វើធុរកិច្ចនៅកម្ពុជា

កន្លងមក រាជរដ្ឋាភិបាល បានកំណត់នីតិវិធីសម្រាប់ការចុះបញ្ជីអាជីវកម្មពាណិជ្ជកម្ម ពន្ធដារ និងការផ្តល់ សេចក្តីជូនដំណឹងអំពីការបើកសហគ្រាស ដោយបានដាក់ ឱ្យដំណើរការនូវប្រព័ន្ធ ចុះបញ្ជីរួមតាមថ្នាលផ្លាស់ប្តូរទិន្នន័យអនឡាញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ។

បុរេលក្ខខណ្ឌដែលមិនចាំបាច់សម្រាប់ការចុះបញ្ជីមួយចំនួនត្រូវបានស្នើឱ្យដកចេញ ។ ទន្ទឹមនឹងនោះមាត្រាមួយចំនួនដែលធានាដល់បរិយាកាសប្រកួតប្រជែងរវាងសហគ្រាស និងការបំពេញកាតព្វកិច្ចផ្នែកពន្ធដារត្រូវបានស្នើបញ្ចូលក្នុងសេចក្តីព្រាងនៃវិសោធនកម្មច្បាប់ទាំងពីរនេះ ។

២. សង្គតិភាព តម្លាភាព ជាមួយនឹងច្បាប់ និងកាតព្វកិច្ចនៃកម្ពុជានៅក្រោមអនុសញ្ញា សន្ធិសញ្ញា ឬកិច្ច ព្រមព្រៀងអន្តរជាតិ ។

មាត្រាមួយចំនួននៃច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម នៅមិនទាន់មានតម្លាភាព និងសង្គតិភាពជាមួយនឹងកាតព្វកិច្ចរបស់កម្ពុជាក្រោមក្របខណ្ឌជាតិ និងអន្តរជាតិ ដូចជាច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ ការរីកសាយភាយអាវុធមហាប្រល័យ ។

មាត្រាដែលមិនមានតម្លាភាព និងសង្គតិភាពរួមមាន មាត្រាទាក់ទងនឹង មូលបត្រស្ថិតក្នុងទម្រង់គាហកៈ (Bearer share) និងអ្នកតំណាងម្ចាស់ភាគហ៊ុន (Nominee shareholders)។

៣. ត្រៀមខ្លួនសម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្នើធ្វើវិសោធនកម្ម និងបំពេញបន្ថែមនូវបទប្បញ្ញត្តិ ដើម្បីធានាសង្គតិភាពរវាងច្បាប់ទាំងពីរ និងច្បាប់បទប្បញ្ញត្តិផ្សេងទៀតដូចជាច្បាប់ស្តីពីការបោះផ្សាយ

និងការជួញដូរមូលបត្រមហាជន និងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ព្រមទាំងកំណត់នីតិវិធីឱ្យមានភាពច្បាស់លាស់ ក្នុងការបង្កើតសាខាក្រុមហ៊ុនក្នុងស្រុកនិងការចុះបញ្ជីសហគ្រាសឯកបុគ្គល សម្រាប់ទ្រទ្រង់ដល់យន្តការដែលបាន និងកំពុងអនុវត្តបច្ចុប្បន្ន។

ជាមួយគ្នានោះដែរលោកថាសំណើសុំធ្វើវិសោធនកម្មនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និងច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម គឺដើម្បី៖

១) ជួយឱ្យប្រព័ន្ធស្វ័យប្រវត្តិកម្ម ដំណើរការទៅបានរលូន និងមានតម្លាភាព

២) ធ្វើឱ្យច្បាប់ទាំងពីរនេះ មានស្តង់ដារខ្ពស់ ស្របតាមការធ្វើធុរកិច្ចជាសាកល

៣) រួមចំណែកក្នុងការស្តារសង្គម-សេដ្ឋកិច្ចកម្ពុជាពីវិបត្តិនៃជំងឺកូវីដ-១៩

ដកស្រង់ពី៖ កោះសន្តិភាព