បណ្តាញសង្គម

គណៈរដ្ឋមន្រ្តីបានពិភាក្សា(CKFTA)ដើម្បីបញ្ចប់នីតិវិធីផ្ទៃក្នុង នឹង ចូលជាធរមាននៅដើមឆ្នាំ ២០២២

ភ្នំពេញ៖កិច្ចប្រជុំពេញគណៈរដ្ឋមន្រ្តីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាប់ផ្តើមពិភាក្សានិងអនុម័តនូវរបៀបវារៈស្តីពី “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ(CKFTA)” នាព្រឹកថ្ងៃ ទី១៦ ខែ ធ្នូ ២០២១ នេះ ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ(CKFTA)នឹងផ្តល់អត្ថប្រយោជន៍ក្នុងការពង្រីកបន្ថែមទៀតលើការធ្ចើសេរីភាវូបនីយកម្មទីផ្សាររវាងប្រទេសទាំងពីរលើសពីក្របខ័ណ្ឌ អង្គការពាណិជ្ជកម្មពិភពលោក(WTO) សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និង លើសពីក្របខ័ណ្ឌកិច្ចព្រមព្រៀងពា ណិជ្ជកម្មសេរីដែលមានស្រាប់រួមមានកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ (AKFTA)និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងផ្ដល់ទីផ្សាររបស់ភាគីកូរ៉េឲ្យមកកម្ពុជាក្រោមកិច្ចព្រមព្រៀង CKFTA មានចំនួន ៩៥,០៣%ដែលក្នុងនោះភាគីកូរ៉េត្រូវលុបបំបាត់ ពន្ធគយ (0%) ចំនួន៩២,៣៧% ភ្លាមនៅពេលកិច្ចព្រមព្រៀងចូលជាធរមាន។បើធៀបនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលភាគីទាំងពីរជាសមាជិតកម្ពុជាទទួលបានទីផ្សារបន្ថែម៖៤,៣៥% ស្មើនឹង៥៣៣បន្ទាត់ពន្ធគយខ្ពស់ជាងក្របខ័ណ្ឌអាសិប (RCEP) (៩០,៦៨%) ។

៥,១៣% ស្មើនឹង៦១៨បន្ទាត់ពន្ធគយខ្ពស់ជាងក្របខ័ណ្ឌ អាស៊ាន-កូរ៉េ(AKFTA)(៨៩,៩៨%) និង៥,១៣%ស្មើនឹង ៦២៨ បន្ទាត់ពន្ធគយខ្ពស់ជាង GSP ក្រោមក្របខ័ណ្ឌអង្គការ WTO (៨៩,៩០)សម្រាប់ប្រទេសអភិវឌ្ឍន៍តិច តួច (LDCs)។

កិច្ចព្រមព្រៀងនេះនឹងលើកកម្ពស់ការនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េបន្ថែមទៀតលើទំនិញដែលធ្លាប់នាំចេញកន្លងមក និងមុខទំនិញយុទ្ធសាស្រ្ដសំខាន់ៗរបស់ កម្ពុជាដទៃទៀតក្នុងអត្រាពន្ធ ០%ដែលបានស្នើដោយអន្ដរក្រសួង-ស្ថាប័នវិស័យឯកជននិងសមាគមពាក់ព័ន្ធសំខាន់ៗដូចតទៅ៖

ទំនិញឧស្សាហកម្មរួមមាន៖ កង់ ជ័រកៅស៊ូ គ្រឿងបង្គុំអេឡិចត្រូនិច គ្រឿងសង្ហារឹម នំក្រៀម ស្ករស ស្ករអំពៅ ការបូបយួរដៃ វ៉ាលី ខ្សែភ្លើង ខ្សែកាប អេឡិចត្រូនិកអគ្គិសនី សម្ភារៈកីឡា របស់តុបតែងធ្វើពីវាយនភណ្ឌ សំ លៀកបំពាក់ ស្បែកជើង និងគ្រឿងបង្គុំកំព្យូទ័រ ។

ទំនិញកសិកម្មរួមមាន៖ ម្រេច គ្រាប់ស្វាយចន្ទី ចេកអំបូងលឿង ដំឡូង ផ្សិត មអ្ឃុត ដូង ម្នាស់ ឪឡឹក ទុរេន ត្របែក រមៀត ពោត ថ្នាំជក់ គ្រាប់កាហ្វេ ប្រភេទសាច់ និងទំនិញ វារីវប្បកម្មមួយចំនួន ។

លើសពីនេះកម្ពុជាទទួលបានទីផ្សារអត្រាពន្ធ 0% លើទំនិញអាហារកែឆ្នៃពីអង្ករ(គុយទាវ នំក្រៀម និងនំស្រួយ ផលិតពីអង្គ) និង ប្រភេទទំនិញកសិកម្មកែឆ្នៃ (សំបុកត្រចៀកកាំ ទំនិញកែឆ្នៃពីត្រី ផ្លែមៀន ទំនិញកែឆ្នៃពីដូង) ជាដើម។

កិច្ចព្រមព្រៀងនេះបានធ្វើឲ្យប្រសើរឡើងនូវបទប្បញ្ញត្ដិពាក់ព័ន្ធវិធានដើមកំណើតនិងកិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការលើកម្ពស់តម្លាភាពនិងធ្វើសាមញ្ញកម្មលើវិធានដើមកំណើតនិងនីតិវិធីប្រតិបត្ដិនៃវិញ្ញាបនបត្រដើមកំណើតក៏ដូចជាកាត់បន្ថយនីតិវិធីនិងបែបបទរដ្ឋបាលដែលមិនចាំបាច់សម្រាប់សម្រួលដល់ពាណិជ្ជករ ជាពិសេសសហគ្រាស ខ្នាតតូចនិងមធ្យម សំដៅលើកកម្ពស់លទ្ធភាពនាំចេញរបស់កម្ពុជាទៅកាន់សាធារណរដ្ឋកូរ៉េ ។

ជារួមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េដ៏មានសារៈសំខាន់នេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម

និងការវិនិយោគរវាងកម្ពុជាដែលនឹងផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកសំដៅបង្កើតផលប្រយោជន៍សេដ្ឋកិច្ចការអភិវឌ្ឍ សុខមាលភាពប្រជាជននិងធុរកិច្ចនៃប្រទេសទាំងពីឲ្យកាន់តែប្រសើរឡើងបន្ថែមទៀតជាពិសេសនឹងជំរុញការស្ដារឡើងវិញបានឆាប់រហ័សនូវសេដ្ឋកិច្ចរបស់ប្រទេ សទាំងពីរដែលរងការប៉ះពាល់ពីការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះផងដែរកិច្ចព្រមព្រៀងនេះក៏នឹងចូលរួមបង្កើនភាពជាដៃគូយូរអង្វែងរឹងមាំ ង្រឹងភាពជាដៃគូសេដ្ឋកិច្ចនិងពង្រីកការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទ្វេភាគីឱ្យកាន់ តែមានភាពទូលំទូលាយផងដែរ។

ដើម្បីអាចចូលជាធរមានបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះត្រូវការរយៈពេល៦០ថ្ងៃបន្ទាប់ពីភាគីទាំងពីរជូនដំណឹងទៅវិញទៅមកតាមផ្លូវការទូតអំពីការបញ្ចប់នីតិវិធីផ្ទៃក្នុងនៃការផ្តល់សច្ចាប័នរបស់ខ្លួន។

ដូចនេះក្នុងគោលបំណងឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានបាននៅដើមឆ្នាំ ២០ ២២ ដូចការគ្រោងទុកភាគីទាំងពីរបានឯកភាពគ្នា បញ្ចប់នីតិវិធីផ្ទៃក្នុងរៀងៗខ្លួនឱ្យបានឆាប់រហ័សតាមដែលអាចធ្វើបានដើម្បីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះជាការប្រញាប់ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា