បណ្តាញសង្គម

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ទទួលជួបឯកអគ្គរដ្ឋទូតឥណ្ឌា និងស្នើឲ្យភាគីឥណ្ឌា ជួយបណ្តុះបណ្តាលជំនាញអធិការកិច្ចដល់កម្ពុជា

(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យលោកស្រី ដេវីយ៉ានី ខូប្រាហ្គាដេ (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះ។

ថ្លែងក្នុងឱកាសនោះ លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងអំពីចំណងមិត្តភាព រវាងប្រទេសទាំងពីរ លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ ដែលប្រទេសឥណ្ឌា បានជួយកម្ពុជា តាមរយៈវិស័យអប់រំហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងវិស័យសាសនាជាដើម។

លោកស្រីក៏បានកោតសសើរអំពីការរីកចំរើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកស្រីបន្តទៀតថា ឆ្នាំ២០២២ នេះគឺជាខួបលើកទី៧០ នៃទំនាក់ទំនងទ្វេរភាគី ហើយក៏ឆ្នាំពិសេសមួយ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះអាស៊ាន។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានស្នើឲ្យលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអននិងគណៈប្រតិភូបានបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសឥណ្ឌានៅពេលវេលាណាមួយ ដោយសារតែនៅឆ្នាំ២០២២នេះ មានកម្មវិធីជាច្រើន ដែលពាក់ព័ន្ធនឹងវិស័យសាសនាផងដែរ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអបអរសាទរ និងស្វាគមន៍ចំពោះលោកស្រីឯកអគ្គរដ្ឋទូតថ្មី ក្នុងការបំពេញបេសកកម្មការទូតជាផ្លូវការនៅកម្ពុជា និងជូនពរឲ្យលោកស្រី ទទួលបានជោគជ័យបន្ថែមទៀត ក្នុងការពង្រឹងនូវចំណងសាមគ្គីភាពរវាងកម្ពុជា-ឥណ្ឌាឲ្យកាន់តែមានភាពជិតស្និត និងមានភាពរីកចម្រើនបន្ថែមទៀត។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់លោកស្រីឯកអគ្គរដ្ឋទូត និងបានស្នើឲ្យភាគីឥណ្ឌាជួយបណ្តុះបណ្តាលជំនាញ អធិការកិច្ចដល់មន្ត្រីនៃវិទ្យាស្ថានជាតិអធិការកិច្ចរបស់កម្ពុជា និងការបំពេញទស្សនៈកិច្ចខ្លីៗដែលពាក់ព័ន្ធនឹងជំនាញផងដែរ។

ចំណែកសំណើបំពេញទស្សនកិច្ចជាផ្លូវការ នៅប្រទេសឥណ្ឌា លោកស្រីកិត្តិសង្គហបណ្ឌិត នឹងជូនដំណឹងទៅលោកស្រីឯកអគ្គរដ្ឋទូត នៅពេលវេលាដ៏សមស្របណាមួយ៕

ដកស្រង់ពី៖ Fresh News