បណ្តាញសង្គម

ការប្រឡបាក់ឌុបថ្ងៃទី១បានចាប់ផ្តើមរលូន ព្រមជាមួយនឹងការប្រុងប្រយ័ត្នជាមួយវិធានការការពារជំងឺកូវីដ១៩

ភ្នំពេញ:ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅបាក់ឌុប សម័យប្រឡង២៧ ធ្នូ ២០២១បានចាប់ផ្តើមនាព្រឹកនេះដោយដំណើរការយ៉ាងរលូនព្រមជាមួយនឹងវិធានការការពារជំងឺកូវីដ១៩យ៉ាងម៉ត់ចត់។

នៅមណ្ឌលប្រឡងវិទ្យាល័យ ព្រះស៊ីសុវត្ថិមានការចូលរួមពីសំណាក់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា និង លោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនរាជធានីភ្នំពេញ និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន អញ្ជើញបើកហឹបវិញ្ញាសាដោយផ្ទាល់ នៅការបើកហឹបវិញ្ញាសានៅតាមបន្ទប់ប្រឡងសម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរ ប្រឡងសញ្ញាបត្រមធ្យមសិក្សាបាក់ឌុបនេះ។

ដោយឡែកនៅតាមមណ្ឌលប្រឡងដទៃទៀតពោលគឺទូទាំងប្រទេស មានការបើកហឹបវិញ្ញាសាសម្រាប់ដំណើរវិញ្ញាសា ដោយមានការ ចូលរួមមន្រ្តី ថ្នាក់ដឹកនាំ រាជធានី ខេត្ត គណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល អ្នកត្រួតពិនិត្យតាមអាគារ អង្គភាពប្រឆាំងអំពើពុករលួយ និងអ្នកពាក់ព័ន្ធ ចូលរួមដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន។

គួរបញ្ជាក់ថាបេក្ខជនទាំងអស់បាន ចូលក្នុងមណ្ឌលប្រឡងនៅគ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ ។

ដោយឡែកគណៈមេប្រយោគ និងសិស្សានុសិស្សគ្រប់រូប បានពាក់ម៉ាស រក្សាគម្លាត ព្រមទាំងអនុវត្តតាមវិធានការសុខភាព និងសុវត្ថិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សូមបញ្ជាក់ថាចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២មុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ ( ប្រវត្តិវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា)៕

ដកស្រង់ពី៖ រស្មីកម្ពុជា