បណ្តាញសង្គម

នាយករដ្ឋមន្ត្រីអំពាវនាវពលរដ្ឋរួមគ្នាទប់ស្កាត់ អូមីក្រុង កុំឲ្យឆ្លងចូលក្នុងសហគមន៍

រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវរួបរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងកុំឲ្យឆ្លងចូលក្នុងសហគមន៍ ហើយពលរដ្ឋកុំភ័យស្លន់ស្លោនូវមេរោគប្រភេទអូមីក្រុង ។

ការអំពាវនាវនេះ ខណៈសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ កម្ពុជារកឃើញកូវីដ-១៩ ប្រភេទអូមីក្រុង១៥ករណី សុទ្ធតែជាករណីនាំចូល ។

ក្នុងពិធីទទួលវ៉ាក់សាំង Pfizer ជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលីចំនួន ២.៣លានដូស នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាយប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ បានបញ្ជាក់ថា នាថ្ងៃទី២៦ ធ្នូនេះ កម្ពុជារកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ប្រភេទអូមីក្រុង ចំនួន១៥ករណី សុទ្ធតែជាករណីនាំចូលតែប៉ុណ្ណោះ ។

សម្ដេចតេជោថា ៖ នៅកម្ពុជាស្ទើរតែគ្មានករណីឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក៏ប៉ុន្ដែប្រភេទអូមីក្រុងបានរាតត្បាតដល់ប្រទេសកម្ពុជា គិតត្រឹមថ្ងៃទី២៦ ធ្នូ ចំនួន៣១ករណីហើយ ។

សម្ដេចថា ក្នុងចំណោម៣១កណីនេះមានចំនួន៣ករណីបានជាសះស្បើយ ។ សម្ដេចអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះអូមីក្រុង ប៉ុន្ដែមិនត្រូវភ័យស្លន់ស្លោឡើយ ។

ជាមួយគ្នានោះដែរ សម្ដេចតេជោ មានប្រសាសន៍ថា ៖«សូមឲ្យប្រជាពលរដ្ឋរបស់យើង ត្រូវមានការប្រុងប្រយ័ត្ន ក៏ប៉ុន្ដែមិនត្រូវភ័យស្លន់ស្លោនោះទេ យើងត្រូវរួមគ្នា ដើម្បីទប់ស្កាត់ជាមួយនឹងការឆ្លងនូវមេរោគនេះ (មេរោគអូមីក្រុង) ចូលទៅក្នុងសហគមន៍ ។

នៅលើពិភពលោកមានការឆ្លងជំងឺនេះ នៅប្រទេសជាច្រើនរួមមកហើយ ក៏ប៉ុន្ដែជំងឺនេះមិនសហាវ ដូចដែលតានោះទេ គឺអាចព្យាបាលបាន ។

ប៉ុន្ដែអ្វីដែលសំខាន់ប្រទេសរបស់យើងពេលនេះសុទ្ធសឹងតែចូលមកតាមច្រកព្រលានយន្ដហោះទាំងនៅភ្នំពេញទាំងនៅសៀមរាប ដូច្នេះយើងកំពុងគ្រប់គ្រងស្ថានការណ៍នេះមិនទាន់ឲ្យធ្លាយចូលក្នុងសហគមន៍»។សម្ដេចតេជោ បានឲ្យដឹងថា ប្រភេទអូមីក្រុង ឆ្លងលឿនជាងប្រភេទដែលតា (delta) និងអាល់ហ្វា ។

សម្ដេច សង្ឃឹមថា អូមីក្រុង មិនហៀរចូលក្នុងសហគមន៍ ដូចជា ៖ ដែលតា និងអាល់ហ្វា នោះទេ ។

ពាក់ព័ន្ធនឹងការផ្តល់វ៉ាក់សាំងមកដល់កម្ពុជារដ្ឋាភិបាលអូស្ត្រាលីបានប្តេជ្ញាបន្តនៅជាមួយកម្ពុជា ដើម្បីឆ្លើយតបនឹងការរាតត្បាតជំងឺកូវីដ-១៩ ក្នុងការធានាសុវត្ថិភាព និងវិបុលភាពប្រជាជននៃប្រទេសទាំងពីរ ។

យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាស្តីពីការផ្តល់ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលអូស្ត្រាលីចំនួន២.៣៥លានដូសដល់ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា «អូស្ត្រាលីនឹងបន្តនៅជាមួយកម្ពុជាធ្វើការឆ្លើយតបទៅនឹងជំងឺរាតត្បាតជាសកលនេះ ។

យើងនៅតែប្ដេជ្ញាចិត្ត ក្នុងការធ្វើការជាមួយគ្នា ដើម្បីធានាសុវត្ថិភាព និងវិបុលភាពរបស់ប្រជាជនយើង ប្រទេសយើង និងក្នុងតំបន់ទាំងមូល»។

លោក Andreas Zurbrugg ភារធារីស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានថ្លែងថា អូស្ត្រាលី មានមោទនភាពក្នុងការគាំទ្រដល់ប្រទេសកម្ពុជា ដោយធ្វើការផ្តល់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ Pfizer-BioNTech ចំនួន២,៣៥លានដូស ។

ការបរិច្ចាកវ៉ាក់សាំងនេះ ជាលើកទីមួយហើយដែលវាក់សាំង Pfizer-BioNTech នឹងត្រូវបានប្រើប្រាស់ក្នុងចំនួនច្រើនបែបនេះនៅកម្ពុជា ។

លោកបន្ដថា អូស្ត្រាលីយល់ថា យុទ្ធនាការចាក់វ៉ាក់សាំងប្រកបដោយជោគជ័យ គឺទាមទារឲ្យមានការធ្វើផែនការការគ្រប់គ្រងសម្ភារៈបរិក្ខា ការចែកចាយ និងការបណ្តុះបណ្តាល ដើម្បីធានាថា គ្រប់គ្នាត្រូវបានការពារ រួមទាំងអ្នកដែលងាយរងគ្រោះ និងប្រជាជនដែលនៅឆ្ងាយពិបាកទៅដល់ផងដែរ ។

លោកបញ្ជាក់ថា «នេះជាមូលហេតុដែលយើងបានផ្តល់កញ្ចប់ជំនួយដ៏ទូលំទូលាយ ដើម្បីគាំទ្រដល់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តាមរយៈជំនួយឥតសំណងដែលមានថវិកាចំនួន២៨លានដុល្លារអាមេរិក ។

បន្ថែមពីលើវ៉ាក់សាំង Pfizer BioNTech ជំនួយរបស់អូស្ត្រាលីក៏កំពុងជួយបណ្តុះបណ្តាលបុគ្គលិកសុខាភិបាល ព្រមទាំងផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូន និងសម្ភារៈបរិក្ខារផងដែរ» ៕

ដកស្រង់ពី៖ កោះសន្តិភាព