បណ្តាញសង្គម

ក្រសួងអប់រំ៖ ហឹបវិញ្ញាសារបស់បេក្ខជនប្រឡងបាក់ឌុបទូទាំងប្រទេស បានដឹកប្រកបដោយសុវត្ថិភាព មករក្សាទុកនូវមណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ

(ភ្នំពេញ)៖ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា ហឹបវិញ្ញាសារបស់បេក្ខជន ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទូទាំងប្រទេស បានដឹកប្រកបដោយសុវត្ថិភាព មករក្សាទុកនូវមណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ លោក រស់ សុវាចា បានបញ្ជាក់យ៉ាងដូច្នេះថា «គិតមកដល់ពេលនេះ ហឹបវិញ្ញាសារបស់បេក្ខជនប្រឡង បានដឹកប្រកបដោយសុវត្ថិភាព មករក្សាទុកនូវមណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ»។

គូសបញ្ជាក់ថា ដំណើរការកំណែប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣០-៣១ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២។ មណ្ឌលកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៧ ធ្នូ ២០២១ ត្រូវបានប្រមូលផ្តុំកែនៅរាជធានីភ្នំពេញ តាមមណ្ឌលកំណែ ដូចខាងក្រោម ៖

១៖ មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ សម្រាប់មុខវិជ្ជា អក្សរសាស្ត្រខ្មែរ។

២៖ មណ្ឌលកំណែ វិទ្យាល័យបាក់ទូក សម្រាប់មុខវិជ្ជា គណិតវិទ្យា។ ៣៖ មណ្ឌលកំណែ អនុវិទ្យាល័យចតុមុខ សម្រាប់មុខវិជ្ជា ភាសាបរទេស។

៤៖ មណ្ឌលកំណែ វិទ្យាល័យវត្តកោះ សម្រាប់មុខវិជ្ជា រូបវិទ្យា។ ៥៖ មណ្ឌលកំណែ វិទ្យាល័យព្រះយុគន្ធរ សម្រាប់មុខវិជ្ជា ភូមិវិទ្យា។ ៦៖ មណ្ឌលកំណែ វិទ្យាល័យទួលទំពូង សម្រាប់មុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា។

៧៖ មណ្ឌលកំណែ វិទ្យាល័យ ជា ស៊ីម បឹងកេងកង សម្រាប់មុខវិជ្ជា គីមីវិទ្យា។

៨៖ មណ្ឌលកំណែ វិទ្យាល័យ ហ៊ុនសែន ប៊ុនរ៉ានី វត្តភ្នំ សម្រាប់មុខវិជ្ជា ប្រវត្តិវិទ្យា។

៩៖ មណ្ឌលកំណែ វិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក សម្រាប់មុខវិជ្ជា សីលធម៌-ពលរដ្ឋវិជ្ជា។

១០៖ មណ្ឌលកំណែ វិទ្យាល័យបឹងត្របែក សម្រាប់មុខវិជ្ជាជីវវិទ្យា។ ដំណើរការប្រឡងបាក់ឌុប ឆ្នាំ២០២១នេះ មានមណ្ឌលប្រឡងចំនួន ២០៤ ចែកចេញជា ៤ ៦១៦បន្ទប់ និងមានបេក្ខជនចុះឈ្មោះប្រឡង សរុបចំនួន ១១៤ ១៨៥នាក់ ស្រី ៦០ ៣៩៧នាក់។

ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុប ៤ ៤៣០ នាក់ (ស្រី ១ ៨២៧ នាក់) ត្រូវជា៣,៨៨ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។

តាមការគ្រោងទុក លទ្ធផលនៃការប្រឡង នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡង ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ និងនៅតាមមណ្ឌលប្រឡង ក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការ របស់ក្រសួងអប់រំ៕

 

ដកស្រង់ពី៖ Fresh News