បណ្តាញសង្គម

រដ្ឋមន្ត្រី​កសិកម្ម​ទទួល​ជួប​ក្រុមការងារ​សម្ព័ន្ធ​កសិកម្ម​អភិរក្ស និង​ប្រពលវប្បកម្ម និរន្តរភាព​កម្ពុជា​ DEC 30, 2021

ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានទទួលជួបក្រុមការងារ សម្ព័ន្ធ កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា ហៅកាត់ថា CASIC ដើម្បី សម្តែងការគួរសម និងរាយការណ៍ជូនជ្រាបពីសមិទ្ធផលសម្រេចបាននាឆ្នាំកន្លង និងទិសដៅអនុវត្តបន្ត។

ក្រុមការងារនេះ ដឹកនាំដោយ លោក ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មការតម្រង់ ទិសសម្ព័ន្ធកសិកម្ម អភិរក្ស

និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា រួមទាំងឯកឧត្តម លោកជំទាវ អនុប្រធាន ឯកឧត្តមសកលវិទ្យាធិការនៃសកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិ កសិកម្មព្រែកលៀប និងមន្ត្រីមួយចំនួនទៀត។

បន្ទាប់ពីបានជ្រាបពីសមិទ្ធផលសំខាន់ៗដែលក្រុមការងារ CASIC សម្រេចបាន នាឆ្នាំកន្លងមក លោក រដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតី ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹក នាំ

និងមន្ត្រីជំនាញរបស់ CASIC រហូតសម្រេចបាន នូវសមិទ្ធផលគួរឲ្យកត់សម្គាល់ ហើយពិតណាស់សមិទ្ធផលនេះ មិនអាចកាត់ ផ្តាច់បានពីកិច្ចសហការ និងការគាំទ្រថវិកាពីដៃគូអភិវឌ្ឍន៍នានារួមមាន៖

ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ (USAID) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ (SDC) និងសម្ព័ន្ធបម្រែបម្រួលអាកាសធាតុកម្ពុជា (CCCA) និងដៃគូរជាតិ និងអន្តរជាតិមួយចំនួនទៀត ចូលរួមសហការគាំទ្រផងដែរ មានដូចជា Swisscontact UNCSAM CE SAIN និង SmartAgro។ល។

លោក រដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះដៃគូអភិវឌ្ឍន៍ ទាំងនោះ ហើយសង្ឃឹមថាកិច្ចសហការនេះនឹងនៅតែបន្តពង្រឹងនិងពង្រីកឲ្យកាន់តែ ល្អប្រសើរថែមទៀត ធ្វើយ៉ាងណាឲ្យការអនុវត្តគោលការណ៍បច្ចេកទេសកសិកម្ម

អភិរក្សមានប្រសិទ្ធភាពដើម្បីទប់ស្កាត់ការធ្លាក់ចុះគុណភាពដីរក្សានិរន្តរភាព ផលិតកម្មដំណាំ ប្រសិទ្ធភាពសេដ្ឋកិច្ច ធានាសុវត្ថិភាពស្បៀង និងការបន្សាំទៅ នឹងការប្រែប្រួលអាកាសធាតុនាពេលអនាគត។

ឆ្លៀតឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២២ លោករដ្ឋមន្ត្រីបានជូនពរមន្ត្រីគ្រប់ជាន់ ថ្នាក់នៃគណកម្មការតម្រង់ទិសសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព កម្ពុជាឲ្យជួបប្រទះនូវពុទ្ធពរទាំង ៤ប្រការ

និងបានលើកទឹកចិត្ត ដល់ក្រុមការងារ ឲ្យខិតខំបន្ថែមទៀតដើម្បីជំរុញការអនុវត្តបច្ចេកទេសកសិកម្មអភិរក្សឲ្យកាន់តែទូលំទូលាយ និងទទួលបានជោគជ័យ៕

ដកស្រង់ពី៖ រស្មីកម្ពុជា