បណ្តាញសង្គម

ប្រមុខការទូត បកស្រាយចំពោះការជ្រើសរើសមូលបទ៖«អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមរួមគ្នា» ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា «អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមរួមគ្នា» គឺជាមូលបទ ដែលកម្ពុជាដាក់ចេញ ពេលធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។

ការបញ្ជាក់របស់ប្រមុខការទូតកម្ពុជា បានធ្វើឡើងក្នុងឱកាសផ្ដល់ព័ត៌មាន ស្ដីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ជូនបណ្ដាអង្គទូត និងបណ្ដាញសារព័ត៌មាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

ចំពោះប្រធានបទនេះ ត្រូវបានឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ពន្យល់ថា «គំនិតនេះចង់បង្ហាញពីសារសំខាន់នៃស្មារតីរបស់អាស៊ាន ជាគ្រួសាររួបរួមគ្នាទាំងអស់។

ស្មារតីរួមគ្នាដ៏រឹងមាំនេះ គឺធ្វើក្នុងសកម្មភាពរួមគ្នាដើម្បីសម្រេចបាននូវគោលដៅរួមតែមួយ»។

តំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ានរូបនេះ បានបន្តថា នៅក្នុងពាក្យថា «ទាំងអស់គ្នារួមគ្នាធ្វើ» គឺចង់បញ្ជាក់ថា កម្ពុជាសង្កត់ធ្ងន់លើមជ្ឈភាព ឯកភាព និងសាមគ្គីភាពរបស់អាស៊ាន។

លុះត្រាតែយើងឈរក្នុងជំហរតែមួយ នោះយើងនឹងអាចទទួលយកនូវបញ្ហាប្រឈម នៅក្នុងតំបន់ជាមួយគ្នា ហើយក៏បានចូលរួមក្នុងន័យស្ថាបនាបន្ថែមទៀត នៅក្នុងការថែរក្សា ការលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ ក៏ដូចជាការអភិវឌ្ឍក្នុងតំបន់ និងសកលលោកផងដែរ។

ប្រមុខការទូតកម្ពុជា បានថ្លែងទៀតថា «ក្នុងន័យនេះ ខ្ញុំសូមបញ្ជាក់ថា យើងនឹងឈរដោយឯកភាព និងកិច្ចសហប្រតិបត្តិការ សម្រាប់ផ្តល់ផលប្រយោជន៍ទៅវិញទៅមក មិនមែនជាការរួបរួមសម្រាប់ប្រឈមមុខគ្នាទៅវិញទៅមកនោះទេ។

យើងនឹងខំផ្តោតបន្ថែម ទៅលើបញ្ហា ដែលមានបញ្ហាទាក់ទងគ្នា ធ្វើឲ្យយើងមានកិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត និងការជឿជាក់ទៅវិញទៅមក ដើម្បីកាត់បន្ថយនូវគម្លាត ដែលមានបញ្ហានីមួយៗ»។

ក្នុងស្មារតីនេះ កម្ពុជាប្រាថ្នាចង់ដឹកនាំអាស៊ាន តាមរយៈបញ្ហាប្រឈមជាច្រើន ដែលកំពុងប្រឈមមុខនៅក្នុងតំបន់រួមគ្នា។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានបញ្ហាប្រឈម ៤ធំៗ ដែលផ្តល់បច្ច័យដល់អាស៊ាន និងហួសអាស៊ានផងដែរ។

បើតាមតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សន្តិសុខ-នយោបាយអាស៊ាន, បញ្ហាប្រឈមទាំង ៤រួមមាន៖

១៖ ការរាតត្បាតនៃជំងឺកូវីដ-១៩ ត្រូវការជាបន្ទាន់ ដើម្បីសម្រេចបាននូវការជាសះស្បើយយ៉ាងឆាប់រហ័សពីផលប៉ះពាល់របស់វា។

២៖ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាង និងក្នុងចំណោមប្រទេសមហាអំណាច ក៏ដូចជាមហាអំណាចធំៗ។

៣៖ បញ្ហាប្រឈមសន្តិសុខបែបប្រពៃណី និងមិនប្រពៃណី។ ៤៖ បញ្ហាប្រឈមផ្ទៃក្នុង និងស្ថាប័នរបស់អាស៊ាន៕

ដកស្រង់ពី៖ Fresh News