បណ្តាញសង្គម

បណ្ឌិត គិ​ន ភាៈ កម្ពុជា​គឺជា​ប្រទេស​ទី​១ ដែល​កំណត់​អាយុ​ចូលនិវត្តន៍​នាយករដ្ឋមន្ត្រី​

ភ្នំពេញៈ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគ បានមានប្រសាសន៍ប្រាប់ AMS ថា ការប្រកាសកំណត់អាយុនាយករដ្ឋមន្ត្រី ដោយសម្តេចតេជោ ហ៊ុន សែន គឺមិនមានការទាស់ខុសអ្វីទេ ហើយបើសិនជាធ្វើការកំណត់អាយុនាយករដ្ឋមន្ត្រីមែន គឺអាចនិយាយបានថា កម្ពុជាគឺជាប្រទេសទី១ ដែលកំណត់អាយុនាយករដ្ឋមន្ត្រី ដោយនៅប្រទេសនានានៅក្នុងតំបន់នៅអាស៊ីរបស់យើង គឺមិនទាន់មានប្រទេសណាដែលគេកំណត់អាយុនាយករដ្ឋមន្ត្រីទេ។

ប្រទេសកម្ពុជាគឺជាប្រទេសឈានមុខគេក្នុងការកំណត់អាយុនាយករដ្ឋមន្ត្រី។ ការធ្វើបែបនេះ ក៏ជាការប្រសើរដែរ ដែលអាចបើកឱកាសឱ្យអ្នកបន្តវេនរួមចំណែកក្នុងការដឹកនាំប្រទេស គឺជារឿងសំខាន់មួយក្នុងការបណ្តុះចក្ខុវិស័យសម្រាប់ការបន្តវេន។ឯកឧត្តមបណ្ឌិត គិន ភា បានបញ្ជាក់ថា “ការកំណត់អាយុនាយករដ្ឋមន្ត្រី ក៏បង្ហាញឱ្យឃើញពីភាពក្លាហានរបស់ថ្នាក់ដឹនាំ នៃគណបក្សប្រជាជនកម្ពុជា ដែលហ៊ានចាកចេញពីមុខតំណែងដ៏សំខាន់នេះ ដោយមិនក្រាញ់ននៀល ហើយផ្តល់ឱកាសឱ្យអ្នកថ្មី នេះគឺជាគំរូមួយ”។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពាជាតិថ្មី កាលពីថ្ងៃទី២៩ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មុនពេលដែលសម្តេចឈប់ធ្វើជានាយករដ្ឋមន្ត្រី សម្តេចនឹងបំពេញបំណងសម្រាប់អ្នកដែលចង់ឱ្យមានច្បាប់កំណត់អាយុនាយករដ្ឋមន្ត្រីចូលនិវត្តន៍ផងដែរ។

សម្តេចថា អាយុនាយករដ្ឋមន្ត្រីចូលនិវត្តន៍ ត្រូវបានកំណត់ត្រឹមអាយុ ៧១ឆ្នាំ ឬ៧២ឆ្នាំ។

ការបញ្ជាក់យ៉ាងដូច្នេះ សម្តេចតេជោឆ្លើយតបនឹងអ្នកដែលចង់ឱ្យសម្តេចកំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី ដែលបានលើកឡើងដដែលៗ។

សម្តេចថា ការគ្រោងកំណត់អាយុនាយករដ្ឋមន្ត្រីចូលនិវត្តន៍ គឺច្រាស់ទៅអ្នកដែលបានលើកឡើងវិញដែលមានអាយុ៧៣ឆ្នាំទៅហើយនោះ។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យគណបក្សប្រឆាំងក្លាហានហ៊ានបញ្ចេញបេក្ខជនដែលជាអ្នកបន្តវេនជំនាន់ក្រោយរបស់ខ្លួន ដើម្បីប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជា។

ទោះយ៉ាងណាសម្តេចថ្លែងថា ក្រោយឆ្នាំ២០២៣ សម្តេចនឹងក្លាយទៅជាឪរបស់នាយករដ្ឋមន្រី ហើយទៅថ្ងៃអនាគតយូរខាងមុខទៀត សម្តេចក៏នឹងក្លាយទៅជាជីតារបស់នាយករដ្ឋមន្ត្រីតទៅទៀតផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា