បណ្តាញសង្គម

រដ្ឋមន្ត្រីក្រសួងការងារប្រាប់ប្រធានមន្ទីរឡើងកាន់តំណែងថ្មីខិតខំដោះស្រាយបញ្ហាជូនកម្មករ

រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យប្រធានមន្ទីរការងារខេត្តក្រចេះថ្មី ត្រូវតែខិតខំដោះស្រាយបញ្ហាជូនកម្មករនៅពេលចូលកាន់តំណែង ។

ការស្នើបែបនេះខណៈឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងឲ្យចូលកាន់មុខតំណែងរបស់លោក សួន ដានី ជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ ជំនួសលោក កែវ កុសល អតីតប្រធានប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះ ដែលបានចូលនិវត្តន៍ ។

លោកបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តក្រចេះ ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហាផ្សេងៗ និងបំពេញរាល់កិច្ចការនានាដែលរាជរដ្ឋាភិបាលប្រគល់ជូនបានយ៉ាងល្អ ហើយបានធ្វើឲ្យខេត្តក្រចេះទទួលបានការរីកចំរើនគួរជាទីមោទន។

ជាមួយនេះផងដែរ ឯកឧត្តម បានកោតសរសើរចំពោះមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តក្រចេះដែលកន្លងមកបានអនុវត្តការងារស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈឆ្នាំ២០១៩-២០២៣ និងចូលរួមអនុវត្តតាមការណែនាំ

និងការចាត់តាំងរបស់រដ្ឋបាលខេត្តក្រចេះ ព្រមទាំងបានសហការយ៉ាងល្អជាមួយអាជ្ញាធរដែនដី មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមានសមត្ថកិច្ចនានាសំដៅខិតខំចូលរួមអនុវត្តនូវតួនាទី ភារកិច្ចបម្រើប្រជាពលរដ្ឋ ជាពិសេសការជំរុញការអនុវត្តនូវគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ២០១៥-២០២៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ២០១៧-២០២៥ ។

ឯកឧត្តមថា ៖«ត្រូវរួមគ្នាដោះស្រាយបាននូវបញ្ហាជូនប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតសំដៅធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅ ក៏ដូចជា ធានាបាននូវលក្ខខណ្ឌការងារល្អប្រសើរ និងសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ

ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង១០ចំណុចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានណែនាំក្នុងកំឡុងពេលជួបសំណេះ សំណាលជាមួយបងប្អូនកម្មករចំនួន៧៧លើកម្មករចូលរួមប្រមាណ១លាននាក់ នាពេលកន្លងមក » ។

លោក បានស្នើលោកប្រធានមន្ទីរថ្មី ត្រូវបន្តយកចិត្តទុកដាក់អោយបានម៉ឺងម៉ាត់ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួនឱ្យបានល្អ ព្រមជាមួយនោះ ៖

ទី១-ត្រូវចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវរាល់ភារកិច្ចដែលក្រសួង និងរដ្ឋបាលខេត្តក្រចេះប្រគល់ជូន ។

ទី២-ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អសំដៅបង្កើនប្រសិទ្ធភាពការងារឱ្យបានទាន់ពេលវេលា ។

ទី៣-ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឱ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្ត្រីផ្តល់សេវាល្អ ជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ ។ទី៤-ត្រូវខិតខំអនុវត្តឱ្យបានម៉ឹងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល ។

ទី៥-ត្រូវគោរពនូវឋានានុក្រមការងារឱ្យបានខ្ជាប់ខ្ជួនសំដៅធានាបាននូវប្រសិទ្ធភាពការងារខ្ពស់ ។

ទី៦-ចំណុចចុងក្រោយដែលជាចំណុចសំខាន់បំផុតត្រូវគោរពឱ្យបាននូវអភិក្រមទាំង៥ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា២ គឺកែទម្រង់ខាងក្នុងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ ។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចការកន្លងមក ដែលបានធ្វើការសហការយ៉ាងសិ្អតរមួតរួមគ្នា អនុវត្តប្រកបដោយ ជោគជ័យ យុទ្ធសាស្ត្រចតុកោណគោលនយោបាយនានា ដូចជា គោលនយោបាយជាតិស្តីពីមុខរបរ

និងការងារ គោលន យោបាយជាតិស្តីពីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យឧស្សាហកម្ម និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ។

ទន្ទឹមនឹងនេះ ការចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវកាតព្វកិច្ចនានាដែលបានចែងក្នុងច្បាប់ស្តីពីការងារច្បាប់ស្តីពីសហជីពច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញត្តិច្បាប់ស្តីពីការងារច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា រួមទាំងបទដ្ឋានគតិយុត្តិ នានាពាក់ព័ន្ធ និងវិស័យការងារផងដែរ ៕

ដកស្រង់ពី៖ កោះសន្តិភាព