រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Takahashi Fumaiki ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ។
ក្នុងជំនួបនេះ ឯកឧត្តម Takahashi Fumaiki បានគោរពជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានវាយតំលៃខ្ពស់ ចំពោះចំណាត់ការរបស់សម្ដេចតេជោ និងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។
ឯកឧត្តមបានសម្តែងនូវការអបអរសាទរ និងគោរពអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្ដេចតេជោ ដើម្បីនាំប្រតិភូអ្នកវិនិយោគធុនកណ្ដាល មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងខែមេសាខាងមុខ ។
ជាមួយគ្នានោះផងដែរ ឯកឧត្តមក៏បានគោរពស្នើសុំសម្ដេចតេជោ ប្រគល់ទីតាំងដីមួយកន្លែងជូនសម្ដេចតេជោ ដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍ កម្ពុជា-ជប៉ុន ហើយនឹងដាក់ឈ្មោះថាសួន PKO សម្រាប់សាធារណៈជនប្រើប្រាស់ផង និងសម្រាប់ជាតំណាងទំនាក់ទំនង កម្ពុជានិងជប៉ុនផង ។
លើសពីនេះទៅទៀតឯកឧត្តមក៏បាន គោរពដ៏ខ្ពង់ខ្ពស់ស្នើសុំសម្ដេចតេជោនាយករដ្ឋមន្ត្រី ពិនិត្យលទ្ធភាព ការដោះស្រាយបញ្ហាទឹកជំនន់ព្រែកត្នោត ដែលឯកឧត្តមបានធ្វើការដោះស្រាយ មួយចំនួនរួចហើយ ។
ការឆ្លើយតប សម្ដេចតេជោ សែនបាន បានថ្លែងអំណរគុណចំពោះ ឯកឧត្តម Takahashi Fumaiki ហើយបានជម្រាបជូនទៅឯកឧត្តម អំពីវិធានការ និងចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩នៅកម្ពុជា ។
សម្តេចតេជោបានស្វាគមន៍ចំពោះគណៈប្រតិភូ អ្នកវិនិយោគ ធុនកណ្ដាល ដែលឯកឧត្តមមានបំណងនាំមកកម្ពុជា ។
សម្ដេចតេជោក៏បានទទួលស្វាគមន៍ និងសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម ក្នុងការរៀបចំឲ្យមានជាសួនសាធារណៈ សម្រាប់អនុស្សាវរីយ៍រវាង កម្ពុជា និងជប៉ុន ដែលបានដាក់ឈ្មោះថាសួន PKO ហើយសម្ដេចតេជោ ក៏បានណែនាំទៅដល់ឯកឧត្តម សុខ ចិន្តាសោភា ដើម្បីធ្វើការងារនេះបន្ត ជាមួយនឹងសាលារាជធានីភ្នំពេញ ។
ពាក់ព័ន្ធទៅនឹងការការពារទឹកជំនន់ស្ទឹងព្រែកត្នោត សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើការណែនាំជូនឯកឧត្តម សុខ ចិន្តាសោភា ផងដែរ សូមឲ្យឯកឧត្តម សហការសម្របសម្រួលជាមួយឯកឧត្តមរដ្ឋមន្ត្រី ក្រសួងធនធានទឹក
និងឧតុនិយម គឺឯកឧត្តម លឹម គានហោ និងស្ថាប័នពាក់ព័ន្ធ ដទៃទៀតក្នុងការអនុញ្ញាតឲ្យប្រតិភូ របស់ ឯកឧត្តម Takahashi Fumaiki ដើម្បីធ្វើបទបង្ហាញ ពាក់ព័ន្ធនឹងករណីនេះផងដែរ ៕
ដកស្រង់ពី៖ កោះសន្តិភាព