បណ្តាញសង្គម

ពេញមួយឆ្នាំ​២០២១ កម្ពុជាទទួលភ្ញៀវទេសចរបរទេសត្រឹមតែ ១៩៦,៤៩៥​នាក់

ភ្នំពេញៈ របាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញថា ពេញមួយឆ្នាំ ២០២១ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសត្រឹមតែ ១៩៦.៤៩៥ នាក់ប៉ុណ្ណោះ ។

ប្រភពដដែលបានបន្តថា ចំនួននេះធ្លាក់ចុះ រហូតដល់ទៅ ៨៥ភាគរយ ធៀបនឹង ២០២០ ដែលមាន ភ្ញៀវទេសចរបរទេសសរុប ១,៣០ លាននាក់ ។

សរុបនៅក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគកូវីដ ១៩ ពីឆ្នាំ២០២០ ដល់ ២០២១ ចំនួនភ្ញៀវទេសចរបរទេសកម្ពុជាមិនដល់ ២ លាននាក់ផង ខណៈដែលកាលពីឆ្នាំ២០១៩ គឺមានរហូតដល់ទៅ ៦,៦ លាននាក់ ។

នៅក្នុងរយៈពេលនេះ ភ្ញៀវទេសចរបរទេសដែលមកកម្ពុជាតាមអាកាសយានដ្ឋានភ្នំពេញគឺមាន ៩០.២៤៤ នាក់ តាមអាកាសយានដ្ឋានសៀមរាប មាន ត្រឹមតែ ១.០៨៥ នាក់ តាមអាកាសយានដ្ឋានខេត្តព្រះសីហនុ មាន ៨.៥០០ នាក់ តាមដីគោកចំនួន ៩៦.៤៧៨ នាក់ ។

ភ្ញៀវទេសចរដែលមកកម្ពុជាច្រើនជាងគេនៅក្នុងអំឡុងពេលនោះ គឺថៃ មាន ៨១.៨៤៤ នាក់ ចិន មាន ៤៥.៧៧៥ នាក់ វៀតណាមមាន ២២.១២០ នាក់ ឥណ្ឌូនេស៊ីមាន ៨.៤១០ នាក់ ក្រៅពីនោះមាន អាមេរិក កូវ៉េខាងត្បូង ចិនតៃវ៉ាន់ បារាំង ម៉ាឡេស៊ី ជាដើម ៕

ដកស្រង់ពី៖ រស្មីកម្ពុជា