បណ្តាញសង្គម

ផ្លូវ​ល្បឿន​លឿន​ដំបូង​គេ​នឹង​ដាក់​ឱ្យ​ដំណើរ​ការ​សាកល្បង​នៅ​ខែកក្កដា​ ឆ្នាំនេះ​

ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ពីរាជធានីភ្នំពេញ-ទៅខេត្តព្រះសីហនុ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងជាបណ្ដោះអាសន្ន នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ។

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម

ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែកញ្ញា ឆ្នាំ២០២២ ព្រមទាំងដាក់ឱ្យប្រើប្រាស់ជាផ្លូវការតែម្តង។

ការដាក់ដំណើរការផ្លូវល្បឿនលឿន ជាបណ្តោះអាសន្ននេះ ស្របពេលដែលក្រសួងចាប់ផ្តើមបើកការដ្ឋានពង្រីកទំហំ ផ្លូវជាតិលេខ៤ (ពីភ្នំពេញ ទៅខេត្តព្រះសីហនុ) ពី៧ម៉ែត្រ ទៅ១១ម៉ែត្រ។

ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ បានបើកការដ្ឋានសាងសង់ ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ ដែលជាទុនវិនិយោគ របស់ក្រុមហ៊ុនសាជីវកម្មស្ពាន

និងថ្នល់ចិន (CRBC) ពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ចំណាយការវិនិយោគ ប្រមាណ ២ ០០០លានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណង ពីរដ្ឋាភិបាលចិនប្រមាណ ១៥០លានដុល្លារ៕

ដកស្រង់ពី៖ កម្ពុជាថ្មី