បណ្តាញសង្គម

លោកជំទាវ ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ នៅចំណុច ក ដបនៃចំណុចប្រសព្វខេត្ត ៣

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ច អមដំណើរដោយលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, លោក ជាវ តាយ អភិបាល នៃគណៈអភិបាខេត្តពោធិ៍សាត់,

និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ មន្ត្រីរាជការ តំណាងរាស្រ្ត បានប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រទេសជាតិ និងជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន ២៩៧គ្រួសារ ដែលមកពីតាមបណ្ដាខេត្តទាំង ៣ នៅចំណុច ក ដប ដែលមានព្រំប្រទល់ព្រំដែនដឹក រវាងខេត្តទាំង ៣ នាព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

លោកជំទាវ បានមានប្រសាសន៍ថា នៅចំណុច ក ដប នេះ គឺជាព្រំប្រទល់ទឹករវាងខេត្តចំនួន ៣ គឺខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ធំ ហើយតំបន់នេះជាតំបន់មួយ ដែលមានជីវៈចម្រុះយ៉ាងសម្បូរបែប ដែលបានផ្តល់ជាទីជម្រកដល់រុក្ខជាតិ និងសត្វ និងជាទីកន្លែងដ៏សក្តិសិទ្ធ ដែលប្រសិទ្ធិនាមថា តំបន់ ក ដប ប្រកបដោយសីល អ្នកបានទៅដល់មិនចង់វិលវិញ ដោយសារតំបន់នេះត្រជាក់ល្អ និងមានបរិស្ថានល្អ។

លោកជំទាវ ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយ ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនិនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរ ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា

និងសូមគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី, និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព សេចក្តីចម្រើន គ្រប់ៗក្រុមគ្រួសារឲ្យចៀសផុតពីជំងឺផ្សេងៗ និងជួបតែសេចក្ដីសុខជារៀងរហូត។

បន្ទាប់ពីពិធីបួងសួងចប់ លោកជំទាវ ម៉ែន សំអន ក៏បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋចំនួន ២៩៧គ្រួសារ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានរំលឹកនូវអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានថ្លែងកាលពីយប់ថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២២ អំពីការព្រួយបារម្ភអំពីការឆ្លងរីករាលដាលនូវកូវីដ-១៩ ប្រភេទអូមីក្រុង ដោយសារតួលេខនៃការឆ្លង គឺមានចំនួនលើសពី ២០០នាក់ ក្នុងមួយថ្ងៃ។

លោកជំទាវ ក៏បានអំពាវនាវឲ្យ ប្រជាពលរដ្ឋបង្កើននូវការប្រុងប្រយ័ត្ន និងប្រើប្រាស់ម៉ាស់ លាងដៃ និងការរក្សាគម្លាត ដើម្បីជៀសវាងការ ជួបជុំណាដែលមានមនុស្សច្រើន។ លោកជំទាវ បានបន្តទៀតថា យើងមិនត្រូវឲ្យជោគជ័យរបស់យើង ធ្លាក់ទៅក្នុងស្ថានភាពបរាជ័យនោះទេ។

ជាមួយគ្នានេះ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ទៅទទួលយកវ៉ាក់សាំងឲ្យបាគ្រប់ៗគ្នា និងចូលរួមអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ឲ្យបាននូវវិធានការ ៣កុំ និង៣កាពារ។

ដោយឡែកសម្រាប់ប្រជាពលរដ្ឋ ២៩៧គ្រួសារ ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥ គីឡូក្រាម មី មួយកេស ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១យួរ ទឹកត្រី ១យួរ និងថវិកាចំនួន៥ម៉ឺនរៀល ។

ចំណែកគ្រួសារដែលមានកូនភ្លោះ៣នាក់ រស់នៅភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ក៏បានទទួលថវិកាពីលោកជំទាវកិត្តិសង្គហបណ្ឌិត ចំនួន ១លាន ២០ម៉ឺនរៀល៕

ដកស្រង់ពី៖ កម្ពុជាថ្មី