បណ្តាញសង្គម

នាយករដ្ឋមន្ត្រីបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តបង្កលក្ខណៈងាយស្រួលគណបក្សនយោបាយធ្វើសកម្មភាពចូលរួមបោះឆ្នោ

រាជធានីភ្នំពេញ ៖ ខណៈបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ខិតជិតមកដល់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបា នបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កលក្ខខណៈងាយស្រួលដល់គណបក្សនយោបាយ ដើម្បីចូលរួមបោះឆ្នោត ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា ៖«ខ្ញុំស្នើឲ្យអាជ្ញារាជធានី ខេត្តក៏ដូចជា មូលដ្ឋានរបស់ប្រទេសយើងទាំងអស់បង្កលក្ខណៈសម្បត្តិដល់គណបក្សនយោបាយទាំងអស់ធ្វើសកម្មភាពចូលរួមបោះឆ្នោត ។

វានៅសល់តែប៉ុន្មានខែទៀត ការបោះឆ្នោតនឹងមកដល់ហើយ ដូច្នេះគណបក្សនយោបាយដែលចុះបញ្ជីស្របច្បាប់ដោយក្រសួងមហាផ្ទៃ»។សម្ដេចតេជោ បញ្ជាឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ធានាដល់សុវត្ថិភាព សកម្មភាព របស់បណ្ដាបក្សនយោបាយនានា ដើម្បីបញ្ជៀសអំពើហិ.ង្សារហូតទៅដល់មានមនុស្សគ្រោះថ្នាក់ ។

ការចេញបទបញ្ជាពីសំណាក់នាយករដ្ឋមន្ត្រី និងជាប្រធានបក្សកាន់អំណាចបែបនេះ ដើម្បីធានាកុំឱ្យមានការបោះឆ្នោតមួយញាំញីដោយអំពើហិ.ង្សា ជម្លោះ រហូតទៅដល់មានមនុស្សគ្រោះថ្នាក់ ។

សម្ដេចតេជោ គូសបញ្ជាក់ថា៖«ខ្ញុំសុំអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កលក្ខណៈសម្បត្តិឱ្យគ្រប់គណបក្សនយោបាយដែលនឹងត្រូវចូលរួមការបោះឆ្នោតនៅពេលខាងមុខនេះ ទទួលបាននូវឱកាសសម្រាប់ការជួបជុំ ការរៀបចំចុះទៅជួបប្រជាជនដែលជាសមាជិក សមាជិការបស់ពួកគេ ដោយគ្មានការរំខានណាមួយពីមូលដ្ឋាន ហើយយើងត្រូវខិតខំជួយការពារ សុវត្ថិភាព នៃបណ្ដាបក្សនយោបាយនេះឱ្យបាន»។

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោ ក៏បានក្រើនរំលឹកដល់អាជ្ញាធរផងដែរថា មិនមែនមានតែបក្សកាន់អំណាចតែមួយទេ ដែលមានសិទ្ធលើស្លាកនោះបក្សដទៃទៀតក៏មានសិទ្ធលើកស្លាកដូចបក្សកាន់អំណាចដែរ ។

សម្ដេចបញ្ជាក់ថា «កន្លែងនឹងយើងអាចប្រជុំបានជាទីធ្លាសាធារណៈគណបក្សដទៃក៏អាចប្រជុំបានដែរ ។ កុំឱ្យមានការបោះឆ្នោតមួយ ញាំញីដោយអំពើហិ.ង្សា ជម្លោះរហូតទៅដល់មានមនុស្សគ្រោះថ្នាក់ ។

នៅរយៈកាលចុងក្រោយនេះយើងគ្មាន ករណីមនុស្សស្លា.ប់ និងរបួស ដោយសារការបោះឆ្នោតនោះទេ » ។

ជាមួយគ្នានោះដែរសម្ដេចរំលឹកថា នៅក្នុងជំនាន់អ៊ុនតាក់ និងក្រោយៗមកក៏នៅមាន ប៉ុន្តែចាប់ពីឆ្នាំ២០០៣មក យើងមិនមានអ្នកស្លា.ប់ ឬរបួស ដោយសារការបោះឆ្នោតនោះទេ ។

ដោយឡែកសម្រាប់គណបក្សនយោបាយ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំថា ត្រូវតែគោរពនូវបែបបទដែលមានចែងនៅ គ.ជ.ប ជាធរមានផងដែរ ។

សម្ដេចគួសបញ្ជាក់ថា «ប៉ុន្តែត្រូវចាំឱ្យច្បាស់ គណបក្សនយោបាយ ដែលទទួលស្គាល់តាមផ្លូវច្បាប់មានចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃ តែប៉ុណ្ណឹងទេ អារត់អារាយមកពីកន្លែងណានោះ គឺជារឿងមួយផ្សេងទៀត (មិនស្របច្បាប់)»។

សូមជម្រាបថា ការចេញបទបញ្ជានេះត្រូវបានសម្ដេចតេជោអះអាងថា ធ្វើយ៉ាងនេះ គឺយើងនឹងអាចដំណើរការទៅមុខនៅក្នុងការបើកលំហរប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាដោយមានបក្សថ្មីៗ បានបង្កើតជាច្រើន ហើយមានខ្លះក៏កំពុងត្រៀមរៀបចំដើម្បីបង្កើតនូវការចងសម្ព័ន្ធភាពបក្ស ។

សូមរំលឹកថា យោងតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល បានឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។

ប្រធាន គ.ជ.ប ឯកឧត្តម ប្រាជ្ញ ចន្ទធ្លាប់បានថ្លែងថា គ.ជ.ប ត្រៀមខ្លួន និងរៀបចំរួចជាស្រេចនូវផែនការមេ ដើម្បីធានាឲ្យការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ៕

ដកស្រង់ពី៖ កោះសន្តិភាព