បណ្តាញសង្គម

កម្ពុជា និង​​អគ្គលេខាធិការអាស៊ាន ​ប្តេជ្ញាបញ្ចប់​ការងារដើម្បី ទីម័រខាងកើត ​ចូលជាសមាជិក

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជាបានជួបប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយលោក លឹម ចុក ហ៊ុយ (LIM Jock Hoi) អគ្គលេខាធិការអាស៊ាន ប្ដេជ្ញាបញ្ចប់ការងារ

ដើម្បីឲ្យទីម័រឡេស្តេ បានចូលជាសមាជិកអាស៊ាន។ការប្ដេជ្ញានេះ បានធ្វើឡើង រសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងកិច្ចពិភាក្សាលើបញ្ហាមួយចំនួន ទាក់ទងការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងនឹងចាប់ផ្តើមនៅស្អែកថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

ទាក់ទងបញ្ហាអាស៊ាន ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត ខណៈកំពុងជួបការលំបាក ដោយសារការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន

និងលោក LIM Jock Hoi បានប្តេជ្ញាបញ្ចប់បេសកកម្មស្វែងរកការពិត នៃសហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ហើយប្រទេសជាសមាជិកអាស៊ាន

អាចចាប់ផ្តើមពិភាក្សាលើផែនទីចង្អុលផ្លូវ និងពេលវេលាសម្រាប់ទីម័រខាងកើត ដើម្បីចូលជាសមាជិកអាស៊ាន។

លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក LIM Jock Hoi ក៏បានពិភាក្សា អំពីតួនាទីដ៏សំខាន់នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្នុងដំណើរការកសាងសហគមន៍អាស៊ាន ហើយថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានប្រទេសជាច្រើនកំពុងស្នើសុំក្លាយជាដៃគូសន្ទនាដៃគូតាមវិស័យ និងដៃគូអភិវឌ្ឍន៍របស់អាស៊ាន។

អាស៊ាននឹងបន្តពង្រឹងសមត្ថភាព និងសមត្ថលទ្ធភាពរបស់ខ្លួន ដើម្បីអាចចូលរួមចំណែកប្រកបដោយប្រសិទ្ធភាព ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ដៃគូខ្លួន សម្រាប់ផលប្រយោជន៍ទៅវិញទៅមក។

សូមបញ្ជាក់ថា ថ្មីៗនេះ ក្នុងជំនួបជាមួយលោកស្រីបណ្ឌិត អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ (Dr. Adaljiza Albertina Xavier Reis Magno) រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ក្នុងនាមប្រធានអាស៊ាន

ឆ្នាំ២០២២ កម្ពុជានឹងខិតខំជួយជំរុញឱ្យប្រទេសទីម័របានចូលជាសមាជិកទី១១ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឱ្យបានឆាប់៕

ដកស្រង់ពី៖ កម្ពុជាថ្មី