បណ្តាញសង្គម

កម្ពុជាបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ

រាជធានីភ្នំពេញ ៖ កម្ពុជាបានបើកកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាតាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ។

យោងតាមបណ្តាញសង្គមរបស់គណបក្សប្រជាជនកម្ពុជាបានលើកលើកឡើងថា កិច្ចប្រជុំធ្វើនៅសណ្ឋាគារសូហ្វីតែលភូគីត្រា ភ្នំពេញឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋ មន្ត្រីការបរទេសអាស៊ាន និងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និងលើកទី៣៩ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយ ។

ដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅ ជាមួយដៃគូសន្ទនានានា ខណៈពេលថែរក្សា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្ត្រ ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការកសាងសហគមន៍អាស៊ាន មួយដែលកាន់តែធន់រឹងមាំឡើងប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព ។

ប្រភពបន្តថា ក្នុងកិច្ចប្រជុំឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបានក្នុងអំឡុង ពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ក្រោមមូលបទ «អាស៊ានរួមគ្នាធ្វើ ៖

ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្ត្រដែលកំពុងកើតឡើងនៅក្នុងតំបន់ រួមមានការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរការស្តារឡើងវិញ ប្រកបដោយបរិយាប័ន្ន ការប្រកួតប្រជែងភូមិសាស្ត្រ-នយោបាយ បញ្ហាជាប្រពៃណី និងមិនប្រពៃណីដែលមានស្រាប់ និងការពង្រឹងភាពស្អិតរមួត មជ្ឈភាព និងភាពធន់រឹងមាំរបស់អាស៊ាន ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅក្នុងពិធីជប់លៀងស្វាគមន៍គណៈប្រតិភូរដ្ឋមន្ដ្រីការបរទេសអាស៊ាន នារាត្រីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២បានអះអាងថា អាស៊ាននៅតែជាគ្រួសារដ៏រឹងមាំ ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា តាមរយៈការសន្ទនា ការពិគ្រោះយោបល់ និងការឯកភាពគ្នា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសម្តែងសេចក្តីរីករាយ និងស្វាគមន៍ ចំពោះគណៈប្រតិភូទាំងអស់ដែលមកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើទោះបីជាប្រឈមនឹងការវាយលុកពីជំងឺកូវីដ១៩ ក៏ដោយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា ស្មារតីនៃមិត្តភាព និងការរួមគ្នារបស់អាស៊ានមានជានិរន្តរ៍ ប៉ុន្តែ អ្វីដែលកម្ពុជាសោកស្ដាយបំផុតនោះ គឺកាលៈទេសៈបច្ចុប្បន្នមិនអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសទាំង១០រូបមកជួបជុំគ្នា ដើម្បីរួមដៃគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានាដែលសហគមន៍អាស៊ានកំពុងជួបប្រទះ។

សូមជម្រាបជូនថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ដ្រីការបរទេសអាស៊ាន ដែលមានគណៈប្រតិភូរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសជាសមាជិកអាស៊ានដែលបានចូលរួមដោយផ្ទាល់ ធ្វើនៅរាជធានីភ្នំពេញនៅថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២២នេះ

គឺរួមមាន រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី, រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី, រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, រដ្ឋមន្ត្រីការបរទេស នៃប្រទេសហ្វីលីពីន រដ្ឋមន្ដ្រីការបរទេសនៃប្រទេសម៉ាឡេស៊ី

រួមនឹងរដ្ឋមន្ដ្រីការបរទេសកម្ពុជា ដែលជាម្ចាស់ផ្ទះ ព្រមទាំងអគ្គលេខាធិការអាស៊ាន។ដោយឡែក រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋមន្ត្រីការបរទេស នៃប្រទេសព្រុយណេដារូសាឡឹម

និងរដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ។

ឮ សូមជម្រាបថា រដ្ឋមន្ត្រីការបរទេសវៀតណាមបានមកដល់ប្រទេសកម្ពុជាដើម្បីចូលរួមប្រជុំដោយផ្ទាល់ផងដែរ ប៉ុន្តែពេលមកដល់ត្រូវរកឃើញវិជ្ជមានជំងឺកូវីដ១៩ ៕

ដកស្រង់ពី៖ កោះសន្តិភាព