បណ្តាញសង្គម

នកជំនាញ ៖ ផលិតផល​ក្នុងស្រុកមាន​ម៉ាក​សម្គាល់​ជួយ​ឱ្យ​តម្លៃ​លក់​កើន​ដល់១៥% នៅ​លើ​ទីផ្សារ

រាជធានីភ្នំពេញ៖ បច្ចុប្បន្នផលិតផលរបស់កម្ពុជា ដែលមានម៉ាកសម្គាល់ ទោះបីមិនទាន់សម្បូរបែបនៅលើទីផ្សារ ទាំងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព តែផលិតមានម៉ាកនៅក្នុងស្រុកទាំងនោះ អាចលក់បានតម្លៃខ្ពស់រហូតដល់ ១៥% ឬលើសពីនេះបើប្រៀបធៀបមិនទាន់មានម៉ាក ។

លោក សុខ សារ៉ង អ្នកជំនាញខាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាពបានឱ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា កាលណាផលិតផលមានម៉ាកត្រឹមត្រូវ គឺសំខាន់ណាស់មិនថាម៉ាកសមូហភាពឬ ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនោះទេ ។ មានន័យថាអង្កររបស់យើងមួយប្រភេទមានស្តង់ដាជាក់លាក់ ហើយអ្នកផលិតនិងអ្នកកែច្នៃត្រូវតែអនុវត្តតាម ។

ដូចនេះកាលណាអង្ករមានស្តង់ដា គឺវាទីផ្សារល្អជាងមុននិង មានភាពងាយស្រួល សម្រាប់អតិថិជនទាំងនៅក្នុងស្រុក និងក្រៅស្រុកធ្វើការសម្រេចចិត្តក្នុងការទិញឬមិនទិញ ។

លោកលើកឡើងថា៖ «កាលណាកម្ពុជាយើងមានម៉ាក កាន់តែច្រើនទៅលើអង្ករទាំងម៉ាកសមូហភាព និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ វាជួយឱ្យអង្ករកម្ពុជាមានម៉ាកច្រើន និងស្តង់ដាគុណភាពផ្សេងៗគ្នា នៅតាមតំបន់ជួយឱ្យអតិថិជនមានជម្រើសជាងមុន ហើយម្យ៉ាងទៀតវាងាយស្រួល ក្នុងការផ្សព្វផ្សាយនៅលើទីផ្សារអន្តរជាតិ ឱ្យងាយស្គាល់នូវផលិតផលរបស់យើង» ។

បើទោះបីផលិតផលមានម៉ាកសម្គាល់ ផ្តល់ភាពងាយស្រួលដល់អតិថិជន ក្នុងការសម្រេចចិត្តទិញ ហើយផលិតផលទាំងនោះអាចលក់បានតម្លៃខ្ពស់ជាងមុន តែសម្រាប់កម្ពុជាផលិត ដែលមានម៉ាកសម្គាល់ នៅមានកម្រិតជាហេតុធ្វើឱ្យអតិថិជន មិនសូវមានជម្រើសច្រើន ។

លោក សុខ សារ៉ង អ្នកជំនាញខាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាពមានប្រសាសន៍ថា៖ «ទាក់ទងនិងអត្ថប្រយោជន៍សម្រាប់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅពេលមានការចុះបញ្ជីបានត្រឹមត្រូវ ធ្វើឱ្យការលក់មានលក្ខណៈងាយស្រួលជាងមុន បើតាមលក្ខណៈទ្រឹស្ត្រីវាមានតម្លៃខ្ពស់ជាង ពេលមុនពី ១០ ទៅ ១៥% ឬអាចលើលពីនេះ អាស្រ័យទៅតាមផលិតផលនីមួយៗ ជាក់ស្តែងដូចជាម្រេចកំពត ។

ចំណែកម៉ាកសមូហភាពវិញវាក៏មានតម្លៃខ្ពស់ជាងមុនដែរ វាប្រហាក់ប្រហែលនឹងផលិតផលសម្គាល់ភូមិសាស្ត្រទំនិញតែ អាស្រ័យការលើការផ្សព្វផ្សាយ និងការទទួលស្គាល់នៅលើទីផ្សារ» ។

លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជ ថ្មីៗបានចូលរួមបើកសម្ពោធម៉ាកសមូហភាព «អង្ករព្រះវិហារ» ដោយលោកបញ្ជាក់ថាគោលបំណង នៃការចុះបញ្ជីម៉ាកសមូហភាព «អង្ករព្រះវិហារ» គឺដើម្បី៖

១)- ផ្តល់កិច្ចការពារកម្មសិទ្ធិបញ្ញា ដល់សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ដែលជាម្ចាស់ម៉ាកសមូហភាព ក្រោមច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ និង ដើម្បីទប់ស្កាត់ការក្លែងបន្លំម៉ាកសមូហភាព “អង្ករព្រះវិហារ” នៅលើទីផ្សារជាតិ និងអន្តរជាតិ,

២)- អភិរក្សចំណេះដឹង-ចំណេះធ្វើ តាមបែបប្រពៃណីរបស់ប្រជាកសិករ ក្នុងខេត្តព្រះវិហារ តាមរយៈការរៀបចំចងក្រងបទបញ្ជារួម គ្រប់គ្រងការប្រើប្រាស់ម៉ាកសមូហភាព “អង្ករព្រះវិហារ”

៣)- ផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះម៉ាកសមូហភាពអង្ករព្រះវិហារ ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ដាំដុះ និងទាក់ទាញភ្ញៀវទេសចរ,

៤)- លើកកម្ពស់គុណភាព និងស្តង់ដារអនាម័យ នៃម៉ាកសមូហភាពអង្ករព្រះវិហារ

និង៥)- បង្កើនច្រវ៉ាក់តម្លៃ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករក្នុងតំបន់ ។

លោករដ្ឋលេខាធិការសង្កត់ធ្ងន់ថា៖ «ម៉ាកសមូហភាពអង្ករព្រះវិហារ មិនត្រឹមតែជាអត្តសញ្ញាណ ផលិតផលរបស់សហភាពសហគមន៍ ក្នុងខេត្តព្រះវិហារតែមួយប៉ុណ្ណោះទេ ។

ប៉ុន្តែម៉ាកសមូហភាពនេះ នឹងក្លាយជាផ្នែកមួយ នៃការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះ និងវប្បធម៌ប្រពៃណីរបស់ប្រជាជនកម្ពុជា ក្នុងឆាកអន្តរជាតិ។

ហេតុនេះការថែរក្សា និងធានាបាននូវកេរ្តិ៍ឈ្មោះ «អង្ករព្រះវិហារ» និងការទាញអត្ថប្រយោជន៍ ពីការចុះបញ្ជីម៉ាកសមូហភាពនេះ គឺពិតណាស់អាស្រ័យលើការទទួលខុសត្រូវរបស់សមាជិកម្នាក់ៗ នៅក្នុងសហគមន៍ ដែលចាំបាច់ត្រូវមានសាមគ្គីភាព ភាពស្មោះត្រង់ សុចរិត និងអភិបាលកិច្ចគ្រប់គ្រងល្អ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ទើបម៉ាកសមូហភាព អង្ករព្រះវិហារ ផ្តល់នូវគុណតម្លៃពិតប្រាកដ ព្រមទាំងធានានូវនិរន្តភាព សម្រាប់អ្នកជំនាន់ក្រោយ» ។

បើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ ថ្មីៗនេះមានប្រសាសន៍ថា បន្តធ្វើការជាមួយអង្គការដៃគូអន្តរជាតិ និងស្ថាប័នមានសមត្ថកិច្ចនានា រៀបចំនូវម៉ាកសមូហភាព ម៉ាកសម្គាល់ភូមិសាស្ត្រ

និងម៉ាកសម្គាល់រួម លើប្រភេទអង្ករផ្សេងៗ ដែលឆ្លើយតបទៅនឹងស្ថានភាពនៃការវិវត្តទីផ្សារ ហើយក្រសួងពាណិជ្ជកម្មក៏ត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការលើការងារនេះ ៕

ដកស្រង់ពី៖ កោះសន្តិភាព