បណ្តាញសង្គម

កម្ពុជាប្តេជ្ញាថា ក្នុងនាមជាប្រធានអាស៊ាន នឹងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ទាំងក្នុងតំបន់ និងពិភពលោក

(ភ្នំពេញ)៖ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជានឹងចូលរួមដោះស្រាយបញ្ហាប្រឈមនានា នៅក្នុងតំបន់ និងពិភពលោក រួមទាំងការកំណត់អត្តសញ្ញាណតាមផ្លូវច្បាប់ ដែលជាបញ្ហាស្មុគស្មាញ ដែលត្រូវដោះស្រាយឲ្យបានទាន់ពេលវេលា និងជាការទទួលខុសត្រូវរួមរបស់សហគមន៍ទាំងអាស៊ាន និងអន្តរជាតិ។

នេះជាការលើកឡើងរបស់ លោក ម៉ែន សុចិត្រ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថ្លែងក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី

ការផ្សព្វផ្សាយរបាយការណ៍ ការកំណត់អត្តសញ្ញាណតាមផ្លូវច្បាប់ សម្រាប់ស្ត្រី និងកុមារ ជាភាសារខ្មែរ និងការចែករំលែកបទពិសោធន៍ និងការអនវត្តល្អៗ ពីប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាន តាមប្រពន្ធ័ Zoom នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

លោកបានបន្ថែមថា កម្ពុជាបានចាត់ទុកថា ការលើកកម្ពស់ និងការការពារកុមារ គឺជាបញ្ហាអាទិភាបរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ដោយបានដាក់បញ្ចូលនៅក្នុងកម្មវិធីគោលនយោបាយ ជាពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ក្នុងយុទ្ធសាស្រ្តទី១ «ការអភិវឌ្ឍធនធានមនុស្ស»

ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែលមានសូចនាករ និងពេលវេលាជាក់លាក់សម្រាប់អនុវត្ត ស្របតាមឯកសារគោលនយោបាយ និងបទដ្ឋានគតិយុត្តផ្សេងៗ ជាពិសេសឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីវភាពនៃរបៀបវារៈឆ្នាំ២០២១៦-២០៣០ ដោយមិនទុកនរណាម្នាក់ចោលឡើយ។ នៅក្នុងឱកាសនោះ លោក ម៉ែន សុចិត្រ ក៏បានកោតសរសើរចំពោះ គណៈកម្មាធិការអាស៊ានស្តីពីការពង្រឹងសមត្ថភាពដល់មន្រ្តីជួរមុខ ក្នុងបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីធានាបាននូវការការពារសិទ្ធិរបស់ស្រ្តី និងកុមារតាមរយៈការទទួលបាននូវអត្តសញ្ញាណកម្ម និងសញ្ជាតិស្របច្បាប់។

លោកបានបន្ថែមថា ពាក់ព័ន្ធនឹងការផ្តល់អត្តសញ្ញាណជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវផែនការយុទ្ធសាស្រ្តជាតិស្តីពី «អត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦» និងអនុក្រឹតស្តីពីអត្រានិងកុលដ្ឋាន ដែលមានក្រសួងមហាផ្ទៃ ជាយន្តការ បាន និងកំពុងអនុវត្ត។

លោកបន្តថា ក្នុងឆ្នាំ២០២២ កម្ពុជាគឺជាប្រធានប្តូរវេនរបស់អាស៊ាន ហើយមូលបទសំខាន់របស់អាស៊ានគឺ «អាស៊ានរួមគ្នាធ្វើ «ដោះស្រាយបញ្ហាប្រឈមទាំងអស់ ដោយផ្តោតលើស្មារតីស្នូលរបស់អាស៊ាន ភាពរួបរួមគ្នា សាមគ្គីភាពនិងភាពសុខដុមរមនា ក្នុងគោលបំណងរក្សាឲ្យបាននូវវឌ្ឍនាភាពការងារដែលមានស្រាប់ និងលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់៕

ដកស្រង់ពី៖ Fresh News