បណ្តាញសង្គម

អ្នកនាំពាក្យ ៖ អតីតនិស្សិតខ្មែរ ​២៣នាក់ នៅអ៊ុយក្រែន មានសុវត្ថិភាពជាធម្មតាទេ

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅរសៀលថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានឲ្យដឹងបន្ថែម ពីព័ត៌មានទាក់ទងអតីតនិស្សិតខ្មែរ ២៣នាក់ នៅប្រទេសអ៊ុយក្រែន ដោយបញ្ជាក់ថា ពួកគាត់ទាំងអស់គ្នា មានសុវត្ថិភាពជាធម្មតា មិនមានអ្វីកើតឡើងនោះទេ។

លោក ជុំ សុន្ទរី បញ្ជាក់យ៉ាងដូច្នេះថា «បន្ថែមលើព័ត៌មាន ដែលបានជំរាបជូន កាលពីថ្ងៃទី ២៥ កុម្ភៈហើយនិងព្រឹក និងរសៀលថ្ងៃទី ២៦ កុម្ភៈ ខ្ញុំសូមជំរាបជូនថា ស្ថានទូតយើងប្រចាំ នៅប្រទេសរុស្សី បានរក្សាទំនាក់ទំនងជាប់ ជាមួយក្រុមអតីតនិស្សិតកម្ពុជាទាំងចំនួន ២៣នាក់ ដែលកំពុងរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ នៅប្រទេសអ៊ុយក្រែន»។

បើតាមលោក ជុំ សុន្ទរី តាមព័ត៌មានដែលស្ថានទូតទទួលបាន នៅថ្ងៃទី ២៧ ខែកុម្ភៈ ពួកគាត់ទាំងអស់គ្នា មានសុវត្ថភាពជាធម្មតាទេ។

ពួកគាត់ក៏បានឲ្យដឹងផងដែរថា បុរសអ៊ុយក្រែនអាយុពី ១៨ឆ្នាំ ទៅ៦០ឆ្នាំ មិនអាចចេញពីប្រទេសបានទេ ដោយត្រូវនៅជួយការពារប្រទេស។

សូមបញ្ជាក់ថា អតីតនិស្សិតកម្ពុជា នៅប្រទេសអ៊ុយក្រេននេះ បានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សទី ៨០ និងដើមទស្សវត្សទី ៩០ ម្លេះ មានចំនួន ២៣នាក់ ហើយបច្ចុប្បន្នកំពុង់រស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ៕

ដកស្រង់ពី៖ កម្ពុជាថ្មី