បណ្តាញសង្គម

ទូបង្កករក្សាវ៉ាក់សាំងដែលជាអំណោយរបស់ប្រទេសអូស្រ្តាលីធ្វើឲ្យកម្ពុជាបន្តឈានមុខក្នុងកិច្ចខិតខំប្រឹងផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ

ភ្នំពេញៈ ទូបង្កកត្រជាក់ខ្លាំងចំនួន ៣៣គ្រឿង (សីតុណ្ហភាព -៨០អង្សាសេ) ដែលជាឧបករណ៍ចាំបាច់ ដើម្បីពង្រឹងសមត្ថភាពបរិក្ខារប្រព័ន្ធត្រជាក់របស់កម្ពុជា ត្រូវបានផ្ដល់ជូនឃ្លាំងឱសថកណ្តាលរបស់ក្រសួងសុខាភិបាលនៅរាជធានីភ្នំពេញ។

ទូបង្កកត្រជាក់ខ្លាំង ដែលជាអំណោយរបស់រាជរដ្ឋាភិបាលអូស្រ្តាលី និងត្រូវផ្ដល់ជូនក្នុងភាពជាដៃគូជាមួយយូនីសេហ្វ បានទទួលស្វាគមន៍ពីសំណាក់លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា និងលោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់យូនីសេហ្វប្រចាំកម្ពុជានៅថ្ងៃទី២៨ ខែមីនានេះបានបញ្ជាក់ថា ទូបង្កកទាំងនេះ នឹងត្រូវប្រើប្រាស់សម្រាប់គាំទ្រដល់ការផ្តល់វ៉ាក់សាំងប្រកបដោយសមធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវ៉ាក់សាំងប្រភេទ Pfizer-BioNTech ដែលបានផ្ដល់ដោយប្រទេសអូស្រ្តាលី នាពេលកន្លងទៅថ្មីៗនេះ។

ទូបង្កកទាំងនេះត្រូវបានផ្ដល់រួមជាមួយនឹងទូបង្កករក្សាវ៉ាក់សាំងចំនួន ១០០ (សីតុណ្ហភាព -២០អង្សាសេ) គ្រឿងដទៃទៀត និងបរិក្ខារប្រព័ន្ធត្រជាក់រក្សាវ៉ាក់សាំងដ៏ចាំបាច់ផ្សេងទៀត ដែលនឹងជួយពង្រឹងការគ្រប់គ្រងវ៉ាក់សាំង និងពង្រឹងសមត្ថភាពប្រព័ន្ធត្រជាក់នៅក្នុងប្រព័ន្ធថែទាំសុខភាពទាំងមូល។

ទូបង្កករក្សាវ៉ាក់សាំងចំនួន ១៣៣គ្រឿងនេះ គឺជាផ្នែកមួយនៃកញ្ចប់គាំទ្រចំនួន ៣៥,៧លានដុល្លារអូស្រ្តាលី ពីរាជរដ្ឋាភិបាលអូស្រ្តាលី ដែលកំពុងត្រូវបានផ្ដល់ក្នុងភាពជាដៃគូជាមួយយូនីសេហ្វ។

កញ្ចប់គាំទ្រនេះរួមមានវ៉ាក់សាំងប្រភេទ Pfizer-BioNTech ចំនួន ២,៣៥លានដូស ដែលត្រូវបានផ្ដល់ជូនព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ កន្លងមកនេះ។

ឯកអគ្គរាជទូតអូស្រ្តាលី លោក Pablo Kang បានមានប្រសាសន៍ថា៖ “ជាងមួយឆ្នាំកន្លងមក រាជរដ្ឋាភិបាលកម្ពុជា និងដៃគូបានចាប់ផ្ដើមអនុវត្តនូវកម្មវិធីផ្ដល់វ៉ាក់សាំង ប្រកបដោយភាពជោគជ័យយ៉ាងខ្លាំង។

កម្មវិធីនេះបានគ្របដណ្ដប់ទៅដល់ប្រជាពលរដ្ឋពេញវ័យស្ទើរតែទាំងអស់ ហើយជាងពាក់កណ្ដាលនៃពួកគេក៏បានទទួលបានវ៉ាក់សាំងដូសជំរុញដ៏សំខាន់ផងដែរ។”

ឯកឧត្តម បានបន្ថែមទៀតថា “ដូសជំរុញទាំងនេះ គឺជាផ្នែកយ៉ាងសំខាន់នៃកិច្ចខិតខំផ្ដល់វ៉ាក់សាំងជាសាកល ដើម្បីកាត់បន្ថយការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងការស្លាប់ពីជំងឺកូវីដ-១៩។

ខ្ញុំសូមលើកទឹកចិត្តប្រជាពលរដ្ឋកម្ពុជាដែលមានសិទ្ធិទទួលវ៉ាក់សាំងដូសជំរុញ ឲ្យទៅទទួលដូសនេះ ដើម្បីការពារខ្លួនអ្នក និងគ្រួសារ”។

ទូបង្កកត្រជាក់ខ្លាំងថ្មីៗទាំងនេះ នឹងជួយដល់ការរក្សាទុកវ៉ាក់សាំងប្រភេទ Pfizer-BioNTech បានរយៈពេលវែង នៅតាមគ្រប់រាជធានីខេត្ត រួមទាំងខេត្តនៅឆ្ងាយៗផងដែរ។ ក្រុមការងារយូនីសេហ្វ នឹងជួយតម្លើងបរិក្ខារទាំងនេះ ផ្ដល់ការបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ និងពិនិត្យតាមដានផលប្រយោជន៍នៃការប្រើប្រាស់។

បរិក្ខារទាំងនេះនឹងបន្តពង្រឹងប្រព័ន្ធថែទាំសុខាភិបាលជាតិនាពេលអនាគត។ លោកឯកអគ្គរាជទូត Kangបានកត់សម្គាល់ថា៖ “ប្រទេសអូស្រ្តាលីកោតសរសើរដល់កិច្ចខិតខំរបស់ក្រសួងសុខាភិបាល និងយូនីសេហ្វ ក្នុងការធ្វើការងារដោយផ្ទាល់ជាមួយសហគមន៍នានា ដើម្បីកំណត់ និងជួយទៅដល់ប្រជាជនដែលងាយរងគ្រោះបំផុត។

យើងមានសេចក្ដីរីករាយក្នុងការជួយដល់ក្រសួង ដើម្បីធានានូវយុទ្ធនាការមួយប្រកបដោយសមធម៌ និងបរិយាបន្នសង្គម។

”លោកស្រី ហ្វ័រូហ្គ ហ្វយូហ្សិថ នាយិកាយូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “យូនីសេហ្វ មានមោទនភាព ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងដៃគូនានាដូចជាស្ថានទូតអូស្រ្តាលី ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងឈានមុខក្នុងពិភពលោករបស់ប្រទេសកម្ពុជា។

ជាមួយនឹងអំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាលអូស្រ្តាលី យើងនឹងអាចបន្តគាំទ្រការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា និងពង្រឹងប្រព័ន្ធសុខាភិបាលទាំងមូល ក្រោយបន្ទាប់ពីជំងឺរាតត្បាតនេះផងដែរ។

សមត្ថភាពបន្ថែមនៃបរិក្ខារប្រព័ន្ធត្រជាក់នេះ នឹងមានតម្លៃមិនអាចកាត់ថ្លៃបាន ចំពោះសេវាសុខាភិបាល សម្រាប់រយៈពេលជាច្រើនឆ្នាំខាងមុខ ដូចជាការពង្រឹងការផ្ដល់វ៉ាក់សាំងជាប្រចាំដល់កុមារ និងការសង្រ្គោះអាយុជីវិតកុមាររាប់មិនអស់។ យើងរីករាយណាស់ ដោយបានដើរតួនាទីជាផ្នែកមួយនៃកេរ្តិ៍ដំណែលនេះសម្រាប់អនាគត។

ដកស្រង់ពី៖ រស្មីកម្ពុជា