បណ្តាញសង្គម

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ៖​ផ្លូវជាតិ​លេខ​៣ បើ​មិនមាន​ការដឹក​លើស​ទម្ងន់ អាច​ប្រើ​បាន​១០​ឆ្នាំ

ភ្នំពេញ៖កំណាត់ផ្លូវជាតិលេខ៣ ត្រូវបានសាងសង់ត្រឹមត្រូវតាមបច្ចេកទេសដែលបានសន្យា។

បើមិនមាន ការដឹកជញ្ជូនលើសទម្ងន់កំណត់ទេនោះផ្លូវនេះអាចប្រើប្រាស់បានរយៈពេលជាង១០ឆ្នាំ។នេះជាការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនក្នុងពេលចុះពិនិត្យទីតាំងរៀបចំពិធីសម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៣ នៅរសៀលថ្ងៃទី០១ ខែមីនា។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៣នេះ ត្រូវធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី០២ ខែមីនា នេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា កំណាត់ផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ទៅដល់ក្រុងកំពត ត្រូវបានស្តារម្តងរួចមកហើយនៅឆ្នាំ២០០៨-២០១១។ប៉ុន្តែដោយសង្កេតឃើញថាកំណើនចរាចរណ៍មានការកើនឡើង គួរឱ្យកត់សម្គាល់រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យធ្វើការពង្រីកកំណាត់ផ្លូវនេះចាប់ពីចោមចៅដល់បែកគូស ប្រវែងជិត ៧០គីឡូម៉ែត្រ ជាបួនគន្លង និងកំណាត់ផ្លូវពីបែកគូសដល់ក្រុងកំពតប្រវែងជិត ៦៥គីម៉ែត្រ ជាពីរគន្លង ដោយក្រាលបេតុងកៅស៊ូAC ឡើងវិញ។

កំណាត់ផ្លូវនេះ ឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ, ខេត្តកណ្តាល ប្រវែង ១១គីឡូម៉ែត្រ, ខេត្តកំពង់ស្ពឺប្រវែង ៣០គីឡូម៉ែត្រ, ខេត្តតាកែវប្រវែង ៣០គីឡូម៉ែត្រ និងខេត្តកំពតប្រវែង ៥១គីឡូម៉ែត្រ។

កំណាត់ផ្លូវនេះបានសាងសង់ ស្ពានថ្មី ចំនួន ១១កន្លែងប្រវែងសរុប ៤៤៣ម៉ែត្រ ទទឹង ១២ម៉ែត្រ និងពង្រីកស្ពានចាស់ ២កន្លែងប្រវែងសរុប ៣០ម៉ែត្រ។

កំណាត់ផ្លូវនេះ បានសាងសង់លូជ្រុងចំនួន ៣៤កន្លែង លូមូលចំនួន ១៧៧កន្លែង លូដាក់តាមប្រឡាយសងខាងផ្លូវចំនួន ២៧១កន្លែង និងការងារបំពាក់បរិក្ខារផ្លូវថ្នល់ រួមមាន៖ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពព្រមទាំងមានបំពាក់កាំមេរ៉ាចាប់ល្បឿនអចល័តចំនួន១០កន្លែងនិងសាងសង់ស្ពានថ្មើរជើងរំលងផ្លូវចំនួនពីរកន្លែងផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា កំណាត់ផ្លុវជាតិលេខ៣ភ្នំពេញ-កំពតនេះអនុវត្ដការសាងសង់ដោយ ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC)និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ គិតចាប់ពីអំឡុងខែតុលា ឆ្នាំ២០១៨ ដល់អំឡុងខែកក្កដាឆ្នាំ២០២១។

ការសាងសង់កំណាត់ផ្លូវនេះបានចំណាយថវិកាសរុបជាង២១៥លានដុល្លារអាម៉េរិកដែលជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះស្រាយផលប៉ះពាល់ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និង ពន្ធអាករផ្សេងៗ។

លោកទេសដ្ឋមន្ត្រីបានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ចនិងទេសចរណ៍ ដ៏មានសក្តានុពលរបស់កម្ពុជាឆ្លងកាត់រាជធានី-ខេត្តចំនួន៥ រួមមាន៖

រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិខេត្តព្រះសីហនុតាមរយៈកំណាត់ផ្លូវជាតិ លេខ៣(កំពត-វាលរេញ) ភ្ជាប់ទៅផ្លូវជាតិលេខ៤ (ព្រៃនប់) និងតភ្ជាប់ទៅច្រកព្រំដែនកម្ពុជា-ថៃ ខេត្តកោះកុងតាមផ្លូវជាតិ លេខ៤ និងផ្លូវជាតិលេខ៤៨។

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំណាត់ផ្លូវជាតិលេខ៣ក៏ជាផ្នែកមួយនៃច្រករបៀងប៉ែកខាងត្បូងតាមមាត់ សមុទ្រ នៃមហាអនុតំបន់មេគង្គ តភ្ជាប់ផ្លូវអាស៊ានហាយវ៉េយលេខ១២៣(AH-123) ពីប្រទេសថៃ មកប្រទេសកម្ពុជា តាមរយៈផ្លូវជាតិលេខ៤៨ ហើយឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំការលួង ផ្លូវជាតិលេខ៣ ត្រង់ចំណុចផ្លូវបំបែកវាលរេញ

និងបន្តទៅប្រទេសវៀតណាម តាមរយៈផ្លូវជាតិលេខ៣៣ កាត់តាមកំពង់ត្រាច ចេញទៅច្រកព្រំដែនកម្ពុជា-វៀតណាម ព្រែកចាក (កំពត)-សាសៀរ (ហាទៀង) ដែលនឹងជួយជំរុញកំណើននៃទំហំពាណិជ្ជកម្ម និងទេសចរណ៍ រវាងកម្ពុជាជាមួយប្រទេសជិតខាង។ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវបើកលើសទម្ងន់កំណត់ដោយច្បាប់។

លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា រថយន្តមួយគ្រឿងដឹកលើសទម្ងន់ ១០តោន គឺស្មើនឹងរថយន្ត១ម៉ឺនគ្រឿងធ្វើដំណើរលើផ្លូវ។

បើរថយន្តមួយគ្រឿងដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១ម៉ឺនគ្រឿងធ្វើដំណើរលើផ្លូវ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបញ្ច្រាស់ផ្លូវ បើកបរតាមល្បឿនកំណត់ ពាក់មួកសុវត្ថិភាព ដាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ។

លោកក៏បានក្រើនរំលឹកដល់អ្នកបើកបររថយន្តដឹកទំនិញ ត្រូវបើកលើគន្លងផ្លូវយឺត មិនត្រូវបើកលើគន្លងផ្លូវលឿននោះឡើយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា